វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ
ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦
សូមជំរាបសួ អស់លោកអ្នកទាំងអស់។ ខ្ញុំមានសេចក្តីរីករាយណាស់ ដោយមានវត្តមាននៅពេលនេះ ជាមួយឯកឧត្តម សារ៉ាក់ ខាន់ វាគ្មិនជាភ្ញៀវកិត្តិយសដទៃទៀត និងលោកអ្នកទាំងអស់! វាជាការល្អណាស់ដែលឃើញថា មានយុវជនជាច្រើនចាប់អារម្មណ៍លើបច្ចេកវិទ្យា។
កាលពីសប្តាហ៍មុន លោកអ្នកជាច្រើនបានចូលរួមអបអរបុណ្យវិស្វកម្ម និងវិទ្យាសាស្រ្តនៅកម្ពុជា។ វាមើលទៅអស្ចារ្យណាស់ ដែលមានមនុស្សជាច្រើនមកចូលរួម ដោយភាពស្វាហាប់ និងទឹកចិត្តពុះពោរ។ ព្រឹត្តិការណ៍ដូចជាបុណ្យបច្ចេកទេស និងការបញ្ចូលរបៀបថ្មី (Inno-Tech Festival) មានសារៈសំខាន់ ពីព្រោះការបញ្ចូលរបៀបថ្មី និងបច្ចេកទេសជារឿងសំខាន់។ វាគឺជាក្បាលម៉ាស៊ីនដ៏ខ្លាំងមួយសំរាប់ជំរុញកំណើនសេដ្ឋកិច្ច និងឱកាសថ្មី។ លោក Bill Gates ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនកុំព្យូទ័រផ្នែកទន់ធំជាងគេក្នុងពិភពលោក ទស្សន៍ទាយថា របកគំហើយធំៗ នៅក្នុងការអភិវឌ្ឍន៍រយៈពេល ១៥ ឆ្នាំទៀត នឹងត្រូវបានជំរុញដោយបច្ចេកទេសថ្មីៗ ឬក៏របកគំហ៊ើញដែលធ្វើអោយមនុស្សកាន់តែច្រើនអាចប្រើបច្ចេកទេសបាន។ បុណ្យនេះអបអរការដែលថា យុវជនកម្ពុជាដូចអ្នកទាំងអស់គ្នា មិនគ្រាន់តែជាអ្នកប្រើបច្ចេកទេសតែប៉ុណ្ណោះទេ តែថែមទាំងជាអ្នកបង្កើតបច្ចេកទេសថ្មីៗដោយខ្លួនឯងថែមទៀតផង។
តើមាននរណាស្គាល់លោក Mark Zuckerberg ទេ? គាត់គឺជាជនជាតិអាមេរិកម្នាក់ ដែលមានអាយុប្រហែលនឹងអ្នកដែរ នៅពេលគាត់មានគំនិតបង្កើត Facebook ដែលធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំងលើលក្ខណៈដែលយុវជននៅជុំវិញពិភពលោកប្រាស្រ័យឆ្លើយឆ្លងគ្នា។ ហេតុអ្វីក៏ Mark Zuckerberg, Bill Gates ឬ Steve Jobs បន្ទាប់មិនអាចមានពីប្រទេសកម្ពុជា?
សូមពិចារណាមនុសុ្ស ដូចជា កញ្ញាសុខ ស៊ីគៀង។ ស៊ីគៀងគឺជាជនជាតិកម្ពុជាដែលធ្វើការសំរបសំរួលក្នុងការប្រលងស្តីពីផែនការធុរកិច្ច និងកម្មវិធីនៃការបញ្ចូលបច្ចេកទេសថ្មីជាសាកល នៅឆ្នាំនេះ ដែលគាំទ្រដោយគំរោងស្តីពីការបញ្ចូលរបៀបថ្មីក្នុងការអភិវឌ្ឍន៍ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ។ នៅឆ្នាំនេះ ស៊ីគៀងជួយក្រុមកុមារីកម្ពុជាចំនួន ១៤ ក្រុម ដែលស្ថិតក្នុងអាយុពី ១០ ទៅ ១៨ ឆ្នាំ ហើយធ្វើតេស្តតាមទូរស័ព្ធដៃ ដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់គេ។ កាលពីឆ្នាំទៅ ក្រុមមួយក្នុងចំណោមក្រុមបច្ចេកទេសនិងការបញ្ចូលរបៀបថ្មីកម្ពុជាបានឆ្លងចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ នៅក្នុងការប្រលងស្តីពីបច្ចេកទេសនិងការបញ្ចូលរបៀបថ្មី នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក។ ស៊ីគៀងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីទាំងនេះ ហើយចង់អោយនារី និងកុមារីកម្ពុជាចាប់យកវិស័យបច្ចេកទេស។ សូមតាមដានសេចក្តីប្រកាសស្តីពីព្រឹត្តិការណ៍រៀបចំថ្នាក់ជាតិស្តីពីការជំរុញបច្ចេកទេសនិងការបញ្ចូលរបៀបថ្មី នៅខែឧសភា ហើយចាំមើលថា តើក្រុមក្មេងៗទាំងនេះគ្រោងធ្វើអ្វីខ្លះ។ ពិតមែនហើយថា សហរដ្ឋអាមេរិកមានចំណែកយ៉ាងធំក្នុងផ្នែកបច្ចេកទេស និងការបញ្ចូលរបៀបថ្មី តែយុវជន យុវនារី ដូចជាស៊ីគៀងបង្ហាញអោយឃើញថា ភាពជឿនលឿនទៅអនាគតអាចកើតមានឡើងនៅកម្ពុជាផងដែរ។
ក្រៅពីការចូលរួមនៅក្នុងព្រឹត្តិការណ៍ ដូចជាបុណ្យស្តីពីបច្ចេកទេសនិងការបញ្ចូលរបៀបថ្មី ខ្ញុំសូមលើកទឹកចិត្តអោយអ្នកទាំងអស់គ្នាស្វែងរកឱកាសដទៃទៀត ដើម្បីសំរួច និងបង្ហាញជំនាញរបស់អ្នក។ ឱកាសមួយបែបនេះគឺកម្មវិធីស្តីពីគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលត្រូវបានបង្កើតឡើងដោយលោកប្រធានាធិបតី Obama នៅឆ្នាំ២០១៣ ដើម្បីគាំទ្រយុវជន ក្នុងអាយុពី ១៨ ដល់ ៣៥ ឆ្នាំ ដែលមានការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន ការអប់រំ និងការចូលរួមរបស់ពលរដ្ឋ នៅអាស៊ីអាគ្នេយ៍។ ក្នុងពេលថ្មីៗនេះ កម្មវិធី YSEALI បានដាក់ចេញនូវការប្រលងទាក់ទងនឹងការបញ្ចូលរបៀបថ្មី ឬគំនិតថ្មីស្តីពីស្បៀងអាហារក្នុងពិភពលោក ដោយមានបំណងអោយយុវជនដូចអ្នកផ្តល់មតិសំរាប់រកដំណោះស្រាយតាមរយៈបច្ចេកទេសថ្មីៗ ដើម្បីជួយយើងក្នុងការដោះស្រាយបញ្ហាពិបាកបំផុតខ្លះៗនៅក្នុងតំបន់ ស្តីពីសន្តិសុខស្បៀង។ ក្រុមផ្ញើគំនិតយោបល់ដែលមើលទៅគួរជាទីសង្ឃឹមច្រើនជាងគេ នឹងត្រូវបានអញ្ជើញអោយចូលរួមជាមួយមេដឹកនាំយុវជនអាស៊ានដទៃទៀត សំរាប់ការបណ្តុះបណ្តាលដែលមានរយៈពេល ២ សប្តាហ៍ នៅប្រទេសសឹង្ហបូរី ហើយចូលរួមនៅក្នុងទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក។
ឱកាសបែបនេះ និងព្រឹត្តិការណ៍ដូចនៅថ្ងៃនេះ គឺជាអ្វីដែលធ្វើអោយខ្ញុំ និងអ្នកដទៃជាច្រើនទៀតមានការរំភើបចំពោះអនាគតនៃប្រទេសកម្ពុជា។ ខ្ញុំសូមអបអរសាទរអ្នកទាំងអស់គ្នា និងសូមជូនពរអោយអ្នកទទួលជោគជ័យ។ សូមអរគុណ ហើយខ្ញុំសង្ឃឹមថា អ្នកនឹងសប្បាយរីករាយនៅក្នុងបុណ្យបច្ចេកទេសនិងការបញ្ចូលរបៀបថ្មីនេះ។