សុន្ទរកថា​​របស់​លោក Jay Raman ប្រធាន​ការិយាល័យ​កិច្ចការ​សាធារណ​របស់​ស្ថានទូត​ នៅ​ក្នុង​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ
ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥

សូម​ជំរាបសួ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក សុផា រតនា ប្រធាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា (FUSAAC) និង​សមាជិក​ដទៃ​ទៀត​នៃ​សមាគម FUSAAC សាកលវិទ្យាធិការ និង​តំណាង​ដទៃ​ទៀត​នៃ​សាកលវិទ្យាល័យ​សាធារណៈ និង​ឯកជន សិស្ស និស្សិត មាតា បិតា អស់​លោក លោកស្រី សូម​អរគុណ និង​សូម​ស្វាគមន៍​នៅ​ក្នុង​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​របស់​សមាគម FUSAAC​។ តាង​នាម​អោយ​លោក​ឯកអគ្គរដ្ឋទូត William Todd និង​ស្ថានទូតសហរដ្ឋ​អាមេរិក​ទាំង​មូល​ប្រចាំ​នៅ​កម្ពុជា យើង​មាន​សេចក្តី​រីករាយ​សូម​ធ្វើការ​ឧបត្ថម្ភ​ដល់​ពិព័រណ៍​នេះ​ម្តង​ទៀត ដែល​នៅ​ពេល​នេះ ឈាន​ដល់​ឆ្នាំ​ទី​៦ របស់​វា​ហើយ ហើយ​មាន​កាន់តែ​ធំ និង​ល្អជាង​មុន​។

ដូច​លោក​អ្នក​ជា​ច្រើន​បាន​ដឹង​ហើយ សមាគម FUSAAC គឺ​ជា​អង្គការ​ស្ម័គ្រចិត្ត ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​អតីតនិស្សិត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​រួម​មាន​កម្មវិធី Fulbright និង Global UGRAD និង​កម្មវិធីជា​ច្រើន​ទៀត​។ ទោះ​បី​គេ​មាន​ប្រវត្តិ​ខុស​គ្នា​ក្តី តែ​សមាជិក សមាគម FUSAAC សុទ្ធតែ​បានចូលរួម​នៅ​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​នៅ​សហរដ្ឋ​អាមេរិក ដែល​គ្រប់គ្រង​ដោយ​ការិយាល័យ​របស់​ខ្ញុំ នៅ​ក្នុង​ស្ថានទូត​អាមេរិក គឺ​ផ្នែក​កិច្ចការ​សាធារណៈ​។

កម្មវិធី Fulbright គឺ​ជា​កម្មវិធី​ផ្លាស់ប្តូរ​ដ៏​ល្បី​និង​ចាស់​ជាង​គេ​បំផុត​របស់​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក ដោយ​ឆ្លង​តាមរយៈ​កម្មវិធី​នេះ សិស្ស និស្សិត អ្នក​សិក្សា​ស្រាវជ្រាវ​ធ្វើការ​ស្រាវជ្រាវ ​និង​សិក្សា​នៅ​ក្នុង​ប្រទេស​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។ និស្សិត​អាហារូបករណ៍ Fulbright បរទេស​អាច​សិក្សា​នៅ​កន្លែង និង​មុខវិជ្ជា​ដែល​គេ​ចង់​សិក្សា តែ​មាន​លក្ខខ័ណ្ឌ​សំខាន់​មួយដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​គ្រប់​អាហារូបករណ៍​ទាំងអស់ គឺ​ការ​តំរូវ​អោយ​ធ្វើ​ការ​ស្នាក់នៅ​តាម​ផ្ទះ​។ នៅ​ពេល​រៀន​ចប់​ពី​កម្មវិធី Fulbright អ្នក​ទទួល​អាហារូបករណ៍​ចាំបាច់ត្រូវ​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​យ៉ាង​ហោច​ណាស់​សំរាប់​រយៈពេល ២ ឆ្នាំ​។ យើង​ធ្វើ​បែប​នេះ​មិន​មែន​ដើម្បី​ដាក់​ទណ្ឌកម្ម ឬ​ក៏​ពីព្រោះ​យើង​ខ្វះ​អ្នក​នៅ​ជាមួយ ហើយ​ចង់​ឃើញ​ពួកគេ​នោះ​ទេ​។ យើង​ធ្វើ​នេះ ពីព្រោះ​យើង​មាន​ជំនឿ​យ៉ាង​ខ្លាំង​ថា ធាតុ​សំខាន់​បំផុត​មួយ​នៃ​កម្មវិធី Fulbright គឺ​ការ​តំរូវ​អោយ​ផ្តល់​ត្រឡប់​ទៅ​អោយ​សហគមន៍​វិញ​។ ឱកាស​ល្អ​មាន​មក​ជាមួយ​នូវ​ការ​ទទួល​ខុស​ត្រូវ​ធំ​។ កម្មវិធី​ផ្លាស់ប្តូរ​ដទៃ​ទៀត​ក៏​មាន​ការ​ទាមទារ​ដូច្នេះ​ដែរ​។ នៅ​កម្ពុជា យើង​រំពឹង​ថា អ្នក​ទទួល​អាហារូបករណ៍​ទាំងអស់​របស់​យើង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​ចង់​ចែក​រំលែកអ្វី​មួយ​ដែល​គេ​បាន​រៀន​នៅ​សហរដ្ឋ​អាមេរិក​។

នេះ​គឺ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដែល​ខ្ញុំ​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង​ចំពោះ​ការមាន​វត្តមាន​នៅ​ពេល​នេះ ដើម្បី​គាំទ្រ​ពិព័រណ៍​ជំនាញ​សិក្សា និង​អាជីព​។ នេះ​គឺ​ជា​ឧទារហណ៍ដ៏​ប្រពៃ​មួយ​នៃ​អតីត​និស្សិត​អាហារូបករណ៍ Fulbright របស់​យើង ដោយ​ប្រើ​បទពិសោធន៍​របស់​គេ ដើម្បី​ផ្តល់​ត្រឡប់​ទៅ​អោយ​និស្សិត​ជំនាន់​ក្រោយ ហើយ​ជួយ​ពួកគេ​ក្នុង​ការ​រៀបចំ​ខ្លួន​សំរាប់​ផ្លូវ​ទៅ​មុខ​។

ខ្ញុំ​បាន​អាន​កំណត់​ហេតុមរណៈ​រួម​ជាមួយ​នឹង​ប្រវត្តិ​របស់​វីរបុរស​ម្នាក់​ក្នុង​សង្គ្រាម​លោកលើក​ទី​២ នៅ​ក្នុង​ការ​តស៊ូ​របស់​បារាំង ដែល​បាន​និយាយ​ថា “​នៅ​ក្នុង​ជីវិត​…​មាន​ការ​សំរេច​ចិត្តសំខាន់​តែ​៣ ឬ ៤ ទេដែល​ត្រូវ​ធ្វើ​។ សល់​ពី​ហ្នឹង​គឺ​ជា​រឿង​សំណាង​”​។ ខ្ញុំ​មិន​ចង់​ដាក់​សម្ពាធ​ខ្លាំង​ពេកទៅ​លើ​អ្នក​ទេ តែ​ការ​ជ្រើសរើស​ជំនាញ​សិក្សា​និង​អាជីព​គឺ​ជា​ការ​សំរេច​ចិត្ត​មួយ​ក្នុង​ចំណោម​ការ​សំរេច​ចិត្ត ៣ ឬ ៤ នោះ​។ ការ​ជ្រើសរើស​អ្វី​សំរាប់​សិក្សា​មិន​មែន​ត្រឹមតែ​ជា​ការ​ជ្រើសរើស​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ការ​សិក្សា​សំរាប់​អ្នក​ទេ តែ​វា​ថែម​ទាំង​ជា​ជំរើស​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ជីវិត​សំរាប់​អ្នក​។ បើ​និយាយ​ម្យ៉ាង វា​មិន​សម​ហេតុ​ផល​ទេ ពីព្រោះ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​អស់​គ្នា​គឺ​នៅ​ក្មេង ហើយ​មិន​ទាន់​មាន​បទពិសោធន៍ ឬ​យ៉ាង​ហោច​ណាស់ ខ្ញុំ​ធ្លាប់​ស្ថិត​នៅ​ក្នុង​អាយុ​របស់​អ្នក​។ អ្នក​ត្រូវ​ដឹង​ថា មិន​មែន​មាន​តែ​អ្នក​ទេ​។ សូម​ពិគ្រោះ​យោបល់​ជាមួយ​ឪពុក​ម្តាយ ជាមួយ​មិត្តភក្តិ ជាមួយ​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​ការ​សិក្សា ចូល​មើល​ក្នុង​អ៊ិនធ័រណែត ហើយ​ធ្វើការ​ស្រាវជ្រាវ​។ ទាញ​យក​បញ្ញាញាណ និង​បទពិសោធន៍​អោយ​បាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើ​បាន​។ តែ​នៅ​ទីបំផុត ធ្វើ​តាម​អ្វី​ដែល​ចិត្ត​របស់​អ្នក​ប្រាប់​អ្នក​អោយ​ធ្វើ ហើយ​មិន​ចាំបាច់ទាល់​តែ​អ្នក​ណា​ផ្សេង​គិត​ថា វា​ល្អ​បំផុត​សំរាប់​អ្នក​នោះ​ទេ​។ អ្នក​ត្រូវ​ទទួល​ផល​ពី​ការ​សំរេច​ចិត្ត​របស់​អ្នក ហើយ​អ្នក​គឺ​ជា​អ្នក​ដែល​ត្រូវ​ធ្វើការ​សំរេច​ចិត្ត​។ នេះ​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ក្លាយ​ជា​មនុស្ស​ពេញវ័យ​។

បើ​នៅ​ពេល​ក្រោយ​មក អ្នក​យល់​ឃើញ​ថា អ្នក​ចង់​រៀន​មុខ​វិជ្ជា​ណា​មួយ​ផ្សេង​ទៀត ឬ​ចាប់​អាជីព​ផ្សេង សូម​ធ្វើ​ទៅ ហើយ​កុំ​ងាក​ក្រោយ​។ ខ្ញុំ​មាន​អាជីព​ជា​អ្នក​ច្បាប់ មុន​ពេល​ក្លាយ​ជា​អ្នក​ការទូត​។ ខ្ញុំ​ដឹង​ថា លោក​រដ្ឋមន្រ្តី​គឺ​ជា​អ្នក​សេដ្ឋកិច្ច មុន​ពេល​ផ្តោត​លើ​ផ្នែក​សិក្សា​អប់រំ​។ យើង​ធ្វើការ​ផ្លាស់ប្តូរ​សំរាប់​ខ្លួន​យើង​គ្រប់​ពេល ហើយ​អ្នក​គួរតែ​កុំ​មាន​ការ​បារម្ភ​ក្នុង​ការ​ធ្វើ​ដូច្នេះផង​ដែរ​។ តែ​តាមរយៈ​ការ​ធ្វើ​ការ​ជ្រើសរើស​បាន​ល្អ​បំផុត​ពី​ដំបូង នៅ​ក្នុង​អាជីព​របស់​អ្នក​ទាក់ទង​នឹង​ការ​សិក្សា អ្នក​ធ្វើការ​រៀបចំ​ខ្លួន​បាន​ល្អ​សំរាប់​ឈាន​ទៅ​ទទួល​ជោគជ័យ នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​ជីវិត​របស់​អ្នក​។

នៅ​ក្នុង​ពេល​ដែល​អ្នក​សិក្សា​ជា​បន្ត​ទៅ ខ្ញុំ​សូម​លើក​ទឹកចិត្ត​អោយ​អ្នក​បន្ត​សិក្សាភាសា​អង់គ្លេស​។ វា​នឹង​បើក​ទ្វារ​ជា​ច្រើន​សំរាប់​អ្នក ទាំង​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន ទាំង​ក្នុង​ជីវិត​ការងារ​អាជីព ហើយ​បើ​អ្នក​អាច​ធ្វើ​បាន សូម​គិត​អោយ​បាន​ដិត​ដល់​លើ​ការ​ដាក់​ពាក្យ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស ទោះ​បី​សំរាប់​រយៈពេល​ខ្លី​ក៏​ដោយ​។ មិន​ថា អ្នក​នឹង​ទៅ​សហរដ្ឋ​អាមេរិក (​ខ្ញុំ​សង្ឃឹម​ដូច្នេះ​) ឬ​នៅ​កន្លែង​ណា​ផ្សេង វា​នឹង​បើក​ភ្នែក និង​ចិត្ត​របស់​អ្នក​អោយ​ទូលាយ​។ បន្ទាប់​មក អ្នក​វិល​ត្រឡប់​វិញ ហើយ​ផ្តល់​អោយ​វិញ មិន​ថា គេ​តំរូវ​អោយ​ធ្វើ ឬ​មិន​តំរូវ​ក្តី​។

ខ្ញុំ​សូម​អរគុណ​សមាគម FUSAAC ចំពោះ​ការ​រៀបចំ​ពិព័រណ៍​ផ្តល់​ប្រឹក្សា​នេះ និង​ចំពោះ​ការ​ធ្វើ​អោយ​ការ​រៀបចំ​នេះ​ក្លាយ​ជា​ប្រពៃណី​ប្រចាំ​ឆ្នាំ​។ សូម​អរគុណ​ចំពោះ​អ្នក​ឧបត្ថម្ភ​ទាំងអស់ដែល​បាន​ធ្វើ​អោយ​ពិធី​នេះ​មាន​ទៅ​បាន​។សូម​អរគុណ​ជា​ពិសេស​ចំពោះ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ដែល​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ កាលពី​ប៉ុន្មាន​ខែ​មុន ខ្ញុំ​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​នេះ ពេល​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ភាសា​អង់គ្លេស CamTESOL ដែល​ជា​ពិធី​ដ៏​ប្រពៃមួយ​។ ពេល​នោះ លោក​រដ្ឋមន្រ្តី​ក៏​បាន​អញ្ជើញ​មក​ដែរ ហើយ​បាន​ថ្លែង​សុន្ទរកថា​ប្រកប​ដោយអត្ថន័យ ហើយ​ខ្ញុំ​ដឹង​ជា​ប្រាកដ​ថា លោក​នឹង​ថ្លែង​ម្តង​ទៀត នៅ​បន្តិច​ទៀត​នេះ​។ ខ្ញុំ​សូម​សរសើរ​លោក​ចំពោះ​ការ​ប្តេជ្ញាចិត្ត​ដ៏​ជ្រាលជ្រៅ​របស់​លោក ចំពោះ​ការ​ជំរុញ​វិស័យ​អប់រំ នៅ​កម្ពុជា​។

ជា​ចុង​ក្រោយ ខ្ញុំ​សូម​អរគុណ​ដល់​លោក​អ្នក​ទាំងអស់​ដែល​មាន​វត្តមាន​នៅ​ពេល​នេះ ដោយ​បាន​ចំណាយ​ពេល​វេលា ហើយ​មាន​គំនិត​ផ្តួចផ្តើម​គ្រោង​ផែនការ​អនាគត​របស់​អ្នក​។ អ្នក​ពិត​ជា​នឹង​ទទួល​ប្រយោជន៍​ពី​បទពិសោធន៍​នេះ ហើយ​តាមរយៈ​នេះ ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​ទទួល​បាន​ប្រយោជន៍​ដែរ​។ យើង​មាន​កិត្តិយស​ដោយ​បាន​ដើរ​តួនាទី​តូច​មួយ នៅ​ក្នុង​ដំណើរការ​នេះ​។ សូម​អរគុណ​ច្រើន​។