ភ្នំពេញ
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥
សូមជំរាបសួឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនិតិសម្បទារ លោក កែវ រិទ្ធី ប្រធានអង្គការ អតីតយុទ្ធជនអន្តរជាតិនៅកម្ពុជា (VIC) ដៃគូ អស់លោក លោកស្រី។
ខ្ញុំមានសេចក្តីរីករាយជាខ្លាំង ដោយមានវត្តមានជាមួយអស់លោក លោកស្រីទាំងអស់ នៅថ្ងៃនេះ។ តាងនាមអោយស្ថានទូតអាមេរិក ខ្ញុំសូមអរគុណចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនិតិសម្បទារ អង្គការ VIC និងដៃគូដទៃទាំងអស់ ចំពោះការសហការ និងការគាំទ្រចំពោះពិធីនេះ។ ខ្ញុំសូមសំដែងផងដែរនូវអំណរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលកំពុងធ្វើអោយប្រសើរឡើងដល់ជីវិតរស់នៅរបស់ប្រជាជនពិការកម្ពុជារាប់ពាន់នាក់ ដោយជួយអោយពួកគេបំពេញសេចក្តីត្រូវការជាមូលដ្ឋានរបស់គេ ហើយកាត់បន្ថយការពឹងផ្អែកលើអ្នកដទៃ។ លោកអ្នកកំពុងជួយគេអោយសំរេចសក្តានុពលពេញលេញនិងប្រកបដោយផ្លែផ្ការបស់គេ ហើយចូលរួមកាន់តែបានពេញលេញ នៅក្នុងសង្គម។
យោងតាមអង្គការសហប្រជាជាតិ ជនពិការមានចំនួនប្រហែល ១៥% នៃប្រជាជនក្នុងសាកលលោក។ ទោះបីជាស្ថិតិពីប្រភពនានាមានខុសគ្នាក្តី តែគេបានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាមានជនពិការចំនួនជាង ៧ សែននាក់ ដែលត្រូវជាប្រហែល ៥% នៃប្រជាជននៅក្នុងប្រទេសទាំងមូល។ អ្នកទាំងនេះជាច្រើនត្រូវការការស្តារនិតិសម្បទារ អវៈយវៈសិប្បនិមិត្ត និងសេវាចាំបាច់ដទៃទៀត ដើម្បីជំនះលើបញ្ហាប្រឈមនៅក្នុងជីវិតរបស់គេ ហើយធ្វើអោយគេអាចរស់នៅធម្មតា នៅក្នុងសង្គម។
អ្នកទាំងនេះច្រើនតែស្ថិតក្នុងចំណោមជនដែលងាយរងគ្រោះជាងគេ ក្នុងសង្គម។ ពួកគេប្រឈមនឹងឧបសគ្គផ្នែករូបវ័ន្ត ផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ដែលរារាំងមិនអោយពួកគេទទួលបាននូវការថែទាំសុខភាព ការស្តារនិតិសម្បទារ និងការអប់រំ ហើយនិងសេវាដទៃទៀត ដែលប្រកបដោយគុណភាព និងក្នុងតំលៃដែលអាចទទួលយកបាន។ នៅតាមប្រទេសជាច្រើនជុំវិញពិភពលោក ជនពិការនិងអ្នកមើលថែទាំពួកគេច្រើនតែមិនអាចធ្វើការបានដោយសារការរើសអើង ឬកង្វះឱកាសទទួលបានការបណ្តុះបណ្តាល ការស្តារនិតិសម្បទារ ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស។ ជាទូទៅ គេទទួលស្គាល់ថា ការឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនេះត្រូវតែជាការមានរួមគ្នាប្រកបដោយតល្យភាពគ្នា នៃការការពារ ការស្តារនិតិសម្បទារ និងវិធានការធ្វើអោយមានឱកាសស្មើគ្នា។
រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តចំពោះការដាក់បញ្ចូលជនពិការផ្នែករាងកាយ និងស្មារតី ហើយនិងចំពោះអ្នកដែលគាំទ្រ និងផ្តល់សេវាសំរាប់ជនពិការ។ តាមរយៈគំរោង ដូចជាកម្មវិធីដែលមានឈ្មោះថាអវៈយវៈសិប្បនិមិត្ត និងការស្តារនិតិសម្បទារសំរាប់ជនពិការនៅកម្ពុជា ដែលយើងសម្ពោធនៅថ្ងៃនេះ យើងមានមោទនភាពក្នុងការជួយបណ្តាអង្គការនានា ដូចជាអង្គការ VIC ។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងអោយឃើញការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ចំពោះជនពិការនៅកម្ពុជា និងនៅជុំវិញសាកលលោក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏មើលឃើញផងដែរនូវតួនាទីដ៏មានសារៈសំខាន់នៃរដ្ឋាភិបាលជាម្ចាស់ប្រទេស នៅក្នុងការបង្កើតអោយមានបរិយាកាសគាំទ្រដល់សេវា និងការតស៊ូមតិដើម្បីជនពិការ។ រដ្ឋាភិបាលជាម្ចាស់ផ្ទះមិនមែនគ្រាន់តែបង្កើតបរិយាកាសគ្រប់គ្រងតាមច្បាប់ទំលាប់តែប៉ុណ្ណោះទេ តែថែមទាំងធានាបទដ្ឋានប្រកបដោយគុណភាព និងការសំរបសំរួលជាមួយម្ចាស់អំណោយ ដែលផ្តល់មូលដ្ឋានសំរាប់ទ្រទ្រង់ដល់ការខិតខំទាំងនេះ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យកជំហានសំខាន់ៗមួយចំនួន ក្នុងការដោះស្រាយបញ្ហាប្រឈមសំរាប់ជនពិការ។ ជំហានទាំងនេះរួមមានការអនុម័តច្បាប់ស្តីពីការការពារ និងការលើកកំពស់សិទ្ធិរបស់ជនពិការ នៅឆ្នាំ២០០៩ និងការធ្វើសច្ចារប័នលើអនុសញ្ញាស្តីពីសិទ្ធិរបស់ជនពិការនៅឆ្នាំ២០១២។
លើសពីនេះទៀត យើងសូមអបអរសាទរក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនិតិសម្បទារ ដែលមានឆន្ទៈទទួលយកការផ្ទេរមជ្ឈមណ្ឌលស្តារនិតិសម្បទារ និងការទទួលខុសត្រូវដទៃទៀត ពីអង្គការ VIC នៅដំណាច់ឆ្នាំ២០១៦។ ជាមួយនឹងការគាំទ្រនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ម្ចាស់អំណោយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត ប្រទេសកម្ពុជានឹងបន្តបង្កើនការខិតខំរបស់ខ្លួនក្នុងការជំរុញ ការពារ និងធានាសិទ្ធិរបស់ជនពិការ។
ការសហការ និងការគាំទ្រសំរាប់កម្មវិធីចាំបាច់នេះនឹងជួយក្រុមមនុស្សខ្លះដែលសំខាន់និងងាយរងគ្រោះបំផុតរបស់សង្គម។ តាងនាមអោយស្ថានទូតសហរដ្ឋអាមេរិក ខ្ញុំសូមអរគុណលោកអ្នកចំពោះការខិតខំ ហើយសូមជូនពរអោយលោកអ្នកទទួលបានជោគជ័យធំៗ ទាំងនៅពេលបច្ចុប្បន្ន ទាំងនៅពេលអនាគត។
សូមអរគុណ។