ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៥
សួស្តី លោកអ្នកទាំងអស់គ្នា។ ខ្ញុំមានសេចក្តីរីករាយនិងមានកិត្តិយសដោយមានវត្តមាននៅសៀមរាប ជាមួយលោក អ្នកទាំងអស់។ ខ្ញុំសូមអរគុណចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា ដែលធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្តៅនៅក្នុងប្រទេសដ៏ស្រស់នេះ។ ខ្ញុំមានក្តីរំភើបដោយបានចូលរួមជាមួយលោក អ្នក នៅថ្ងៃនេះ នៅក្នុងវគ្គរៀនសូត្រមួយក្នុងចំណោមវគ្គរៀនសូត្រដំបូងៗនៃគំរោងកម្មវិធីអោយកុមារីបានរៀនសូត្រ! (Let Girls Learn!)។ ជាបឋម ខ្ញុំសូមអរគុណ Carrie ចំពោះការណែនាំរូបខ្ញុំយ៉ាងល្អ និងចំពោះភាពជាអ្នកដឹកនាំយ៉ាងល្អពិសេសនៅក្នុងទីភ្នាក់ងារ Peace Corps ។ ខ្ញុំសូមអរគុណផងដែរចំពោះលោកឯកអគ្គរដ្ឋទូតរបស់យើង ដែលធ្វើការបានយ៉ាងល្អប្រពៃនៅប្រទេសកម្ពុជា គឺលោកឯកអគ្គរដ្ឋទូត William Todd ។ យើងរីករាយណាស់ដែលលោកអាចចូលរួមជាមួយយើងនៅថ្ងៃនេះ។ ខ្ញុំសូមអរគុណផងដែរដល់លោកស្រី Danielle ចំពោះមតិ និងការងារដ៏ល្អរបស់គាត់ នៅក្នុងទីភ្នាក់ងារ Peace Corps ។
សំខាន់ជាងអ្វីទាំងអស់នោះ គឺខ្ញុំសូមអរគុណលោកអ្នកទាំងអស់ ចំពោះការងារដ៏ប្រពៃដែលលោកអ្នកកំពុងធ្វើ ដើម្បីផ្តល់ការអប់រំ និងអំណាចដល់កុមារីនៅកម្ពុជា។ លោកអ្នកទាំងអស់គឺជានិមិត្តរូបដ៏រស់រវើកនៃអ្វីដែលមានការទាក់ទងនឹងគំរោង Let Girls Learn គឺអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps អ្នកដឹកនាំសហគមន៍ ឪពុកម្តាយ និងកុមារីខ្លួនគេ ដែលធ្វើការជាមួយគ្នា ដើម្បីអោយកុមារីបានទៅសាលា និងបន្តរៀនសូត្រនៅសាលា។
ទាំងនេះគឺជាអ្វីដែលលោក អ្នកកំពុងធ្វើ។ លោក អ្នកកំពុងតែដំណើរការកិច្ចការនៃក្រុមគាំទ្រភាពជាអ្នកដឹកនាំក្រុមពិភាក្សា និងក្រុមកីឡារបស់កុមារី។ លោកអ្នកកំពុងតែធ្វើសួនច្បារ សួនបន្លែ លោកអ្នកកំពុងបង្រៀនកុមារីពីអាហារូបត្ថម្ភ ហើយលោកអ្នកកំពុងតែជួយគេក្នុងការកំណត់ផែនការសំរាប់អនាគតរបស់គេ ហើយសំខាន់បំផុតនោះ គឺលោកអ្នកកំពុងតែធ្វើជាគំរូសំរាប់កុមារី ដោយលោកអ្នកកំពុងបង្ហាញដល់ពួកគេអោយឃើញថា តើការក្លាយជាស្រ្តីដែលមានការអប់រំ មានអំណាច និងទឹកចិត្តប្តេជ្ញា មានន័យយ៉ាងណា។ ចំពោះបុរសមួយចំនួនតូចនៅទីនេះ ដែលមានចិត្តក្លាហាន លោក អ្នកកំពុងបង្ហាញដល់កុមារីនូវអ្វីដែលគេគួររំពឹងពីបុរស នៅក្នុងជីវិតរបស់គេ គឺការទទួលបានលក្ខណៈស្មើភាព កិត្តិយស និងការគោរព។ តាមរយៈបទពិសោធន៍របស់ខ្ញុំ ខ្ញុំដឹងពីផលដែលលោកអ្នកទាំងអស់អាចធ្វើអោយមាន ជាមួយនឹងការងារនេះ ពីព្រោះថា ថ្វីបើខ្ញុំមកនេះក្នុងនាមជាស្រ្តីទី១ ក្តី តែក្នុងពេលមិនយូរប៉ុន្មានកន្លងមកនោះទេ ដែលខ្ញុំបានធ្វើការងារដែលលោកអ្នកទាំងអស់កំពុងធ្វើនេះ គ្រាន់តែថា ខ្ញុំបានដើរតាមផ្លូវបត់បែនបន្តិចដើម្បីទៅដល់គោលដៅ។
លោកអ្នកដឹងហើយថា ពេលខ្ញុំចំរើនធំឡើង គ្រួសារខ្ញុំមិនមែនជាគ្រួសារអ្នកមានទេ ហើយឪពុកម្តាយខ្ញុំមិនបានចូលរៀននៅមហាវិទ្យាល័យទេ។ ដូច្នេះ នៅពេលខ្ញុំរៀនចប់នៅសាលាច្បាប់ ខ្ញុំជំពាក់បំណុលច្រើនដែលខ្ញុំបានខ្ចីសំរាប់ការរៀនសូត្រ ហើយខ្ញុំដឹងច្បាស់ណាស់ថា អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ដែលមានវត្តមាននៅទីនេះអាចយល់បានពីរឿងនេះច្បាស់។ នៅពេលខ្ញុំរកបានការងារមួយនៅក្នុងក្រុមហ៊ុនផ្តល់សេវាច្បាប់ដ៏មានឈ្មោះល្បីមួយ ដោយមានការិយាល័យល្អ និងប្រាក់ខែខ្ពស់ គ្រួសាររបស់ខ្ញុំមានចិត្តរំភើប ហើយខ្ញុំក៏រំភើបដែរ។ ខ្ញុំបានខំធ្វើការនៅទីនោះ ហើយខ្ញុំរីករាយជាខ្លាំងចំពោះប្រាក់ខែដែលគេផ្តល់អោយខ្ញុំ តែការពិត ខ្ញុំមានអារម្មណ៍ថា ដូចជាខ្វះអ្វីម្យ៉ាង។ ខ្ញុំដឹងខ្លួនថា ខ្ញុំមិនចង់ឡើងខ្ពស់នៅក្នុងអាគារដ៏ខ្ពស់នោះ ដោយធ្វើជាតំណាងអោយអតិថិជនក្រុមហ៊ុនទេ ខ្ញុំចង់ចុះមកដី មកនៅក្នុងសង្កាត់ដែលខ្ញុំបានធំដឹងក្តី ដើម្បីជួយមនុស្សដូចគ្រួសារខ្ញុំ។
ខ្ញុំក៏បោះបង់ការងារនោះចោល ហើយនៅទីបំផុត ខ្ញុំបានដំណើរការកម្មវិធីមួយ ដែលមានឈ្មោះថា Public Allies (សម្ព័ន្ធមិត្តសាធារណៈ) ដែលបង្រៀនយុវជនអោយចេះធ្វើការនៅក្នុងអង្គការមិនស្វែងរកប្រាក់ចំណេញ និងបំរើសហគមន៍របស់គេ។ តាមពិតទៅ វាគឺជាកម្មវិធីបំរើសហគមន៍នៅប្រទេសអាមេរិក ដែលមានឈ្មោះថា កម្មវិធី AmeriCorps។ ដូចលោក អ្នកប្រហែលជាបានដឹងហើយ នៅពេលកម្មវិធី AmeriCoprs ត្រូវបានបង្កើតឡើងជាលើកដំបូង គេហៅវាថាកម្មវិធី PeaceCorps ក្នុងស្រុក (“domestic Peace Corps”) ដែលមានបំណងផ្តល់អំណាចដល់សហគមន៍នៅក្នុងប្រទេស ដូចការដែលទីភ្នាក់ងារ Peace Corps ផ្តល់អំណាចដល់សហគមន៍នៅក្រៅប្រទេសដែរ។ ប្រាក់ខែរបស់ខ្ញុំថយច្រើន នៅពេលខ្ញុំធ្វើការនៅក្នុងកម្មវិធី Public Allies ហើយម្តាយខ្ញុំគិតថា ខ្ញុំឆ្កួតដែលបានចោលការងារនៅក្នុងក្រុមហ៊ុនផ្តល់សេវាច្បាប់ តែនៅកន្លែងថ្មី ខ្ញុំសប្បាយចិត្តជាងរយៈពេលរាប់ឆ្នាំមុននោះទៅទៀត។ ខ្ញុំក្រោកពីដំណេកប្រកបដោយក្តីរីករាយនឹងទៅធ្វើការ ពីព្រោះខ្ញុំដឹងថា ខ្ញុំកំពុងតែធ្វើអោយមានផលល្អ ដែលខ្ញុំអាចឃើញតាមរយៈទឺកមុខរបស់យុវជនដែលខ្ញុំបានធ្វើការជាមួយ។ ខ្ញុំមើលឃើញមោទនភាពរបស់គេ នៅពេលគេបានរៀនជំនាញថ្មីៗ ហើយមានទំនុកចិត្តថ្មីលើខ្លួនគេ ហើយខ្ញុំបានឃើញលទ្ធផលដែលគេបានផ្តល់ទៅអោយមនុស្សដែលគេបានជួយ គឺសិស្សដែលគេបានបង្រៀន អ្នកធ្វើការដែលគេបានបណ្តុះបណ្តាល និងសហគមន៍ដែលគេបានចងក្រង។ ខ្ញុំដឹងថា ការផ្លាស់ប្តូរពិតប្រាកដ និងប្រកបដោយអត្ថន័យនៅក្នុងសហគមន៍ មិនមែនកើតឡើងពីអ្នកលើទៅនោះទេ ពោលគឺវាកើតឡើងពីអ្នកក្រោមឡើងទៅវិញទេ។ វាកើតឡើង នៅពេលអ្នកបង្កើនបន្ថែមនូវភាពខ្លាំងដែលមាន។ វាកើតឡើង នៅពេលអ្នកផ្តល់អំណាចដល់អ្នកដឹកនាំ ហើយអ្នកដឹកនាំទាំងនោះបន្តផ្តល់អំណាចដល់អ្នកដទៃទៀត។
ខ្ញុំបានមើលឃើញគោលការណ៍នេះតាមរយៈទង្វើជាក់ស្តែង នៅថ្ងៃនេះ នៅពេលដែលខ្ញុំបានចុះទៅសាលារៀនមួយក្នុងមូលដ្ឋាន ដែលនៅទីនោះ គំរោងមួយដែលមានឈ្មោះថា Room to Read (បន្ទប់សំរាប់អាន) កំពុងជួយកុមារីអោយទទួលបានការសិក្សា។ ខ្ញុំសូមជំរាបលោក អ្នកថា កុមារីទាំងនេះមានការស្រម៉ៃចង់បានខ្ពស់សំរាប់ខ្លួនគេ ហើយគេមានគំរោងធំ ក្នុងការប្រើចំណេះដឹងរបស់គេ ដើម្បីបំរើសហគមន៍ និងប្រទេសរបស់គេ។
ដូច្នេះ ពិតណាស់ ស្មារតីនៃការផ្តល់សេវាបំរើ ដែលលោក អ្នកទាំងអស់មានដូចគ្នា ពិតជាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ។ នៅពេលអ្នកបំផុសលើកទឹកចិត្តដល់មនុស្សដែលលោក អ្នកបំរើ ពួកគេនឹងបន្តបំផុសទឹកចិត្តដល់អ្នកដទៃទៀត ហើយនៅពេលដែលការនេះចេះតែមានទៅ លទ្ធផលចេះតែមានទៅ ដោយគ្មានព្រំដែនកំណត់ទេ។ រឿងរបស់អ្នកស្ម័គ្រចិត្តម្នាក់របស់ទីភ្នាក់ងារ Peace Corps នៅទីនេះ គឺជាឧទាហរណ៍ដ៏ប្រពៃមួយ។
នាងមានឈ្មោះថា Alexa Ofori នាងជាគ្រូពេទ្យស្ម័គ្រចិត្ត ដែលជួយកិច្ចការនៃក្រុមអ្នកគាំទ្រកុមារី ហើយធ្វើការអប់រំសុខភាពនៅក្នុងសាលាមួយក្នុងមូលដ្ឋាន។ ពិតមែនតែ Alexa បានកើតនៅប្រទេសអាមេរិកក្តី តែឪពុករបស់នាងបានកើតនៅប្រទេសហ្កាណា ហើយម្តាយរបស់នាងបានធំដឹងក្តីនៅប្រទេស Grenada ហើយនៅពេលពួកគាត់នៅជាកុមារ ពួកគាត់ទាំងពីរនាក់មានអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps បង្រៀននៅក្នុងសាលារបស់ពួកគាត់។ ដូច្នេះ ចូរគិតទៅមើល កុមារពីររូប ដែលត្រូវបានបំផុសទឹកចិត្តដោយអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps បានធំឡើង ហើយមានកូនស្រីម្នាក់ ដែលសំរេចចិត្តក្លាយជាអ្នកស្ម័គ្រចិត្តដែរ ហើយបំផុសទឹកចិត្តដល់មនុស្សជំនាន់ក្រោយទៀត។ Alexa បានធ្វើបទសំភាសន៍ជាមួយ Blog របស់ទីភ្នាក់ងារ Peace Corps មុនពេលនាងមកដល់ប្រទេសកម្ពុជា ហើយនាងបាននិយាយពីការដែលនាងមានក្តីរំភើបក្នុងការបានជួបជាមួយគ្រួសារម្ចាស់ផ្ទះ និងមិត្តភក្តិថ្មីៗ។ ខ្ញុំសូមដកស្រង់សំដីរបស់នាង ដែលបាននិយាយថា “ខ្ញុំពិតជារំភើបក្នុងការចូលរួមមួយចំណែកតូចនៃជីវិតរបស់ខ្ញុំជាមួយពួកគេ និងចំពោះការដែលពួកគេចែករំលែកមួយចំណែកធំនៃជីវិតរបស់គេ ជាមួយខ្ញុំ”។
នៅទីបំផុត ទាំងអស់នេះគឺជាអ្វីដែលលោក អ្នកកំពុងតែធ្វើ ពោលគឺលោក អ្នកចែករំលែកគ្នានៅក្នុងជីវិត។ លោកអ្នករៀនពីគ្នា ពោលគឺលោកអ្នកបើកចិត្តនិងបេះដូងអោយគ្នា ទៅរកក្តីសង្ឃឹម ការស្រម៉ៃចង់បាន និងគុណតំលៃ។ នេះគឺជាអ្វីដែលយើងច្រើននិយាយអំពីទីភ្នាក់ងារ Peace Corps ពោលគឺថា អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ជួយចែករំលែកគុណតំលៃរបស់ជនជាតិអាមេរិកដល់ពិភពលោក គុណតំលៃ ដែលមានដូចជាសមភាព ការទទួលយកគ្រប់ក្រុមទាំងអស់ (Inclusive) យុត្តិធម៌ និងភាពបើកចំហ។
តែការពិតគឺថា ទាំងនេះមិនមែនជាគុណតំលៃរបស់អាមេរិកតែឯងនោះទេ។ វាជាគុណតំលៃជាសាកលរបស់មនុស្សជាតិ ហើយគ្រឹះនៃគុណតំលៃទាំងនេះគឺជាការផ្តោតសំខាន់នៃការងាររបស់លោក អ្នកនៅប្រទេសកម្ពុជា ពោលគឺវិស័យអប់រំរបស់ប្រទេសកម្ពុជា។
លោកអ្នកឃើញហើយថា នៅពេលកុមារីទទួលបានការសិក្សា នៅពេលគេរៀនអានសរសេរ និងគិតវាផ្តល់អោយគេនូវមធ្យោបាយដែលគេត្រូវការសំរាប់ឡើងនិយាយអំពីភាពអយុត្តិធម៌ ហើយទាមទារលក្ខណៈស្មើភាពគ្នា។ វាជួយអោយគេចូលរួមក្នុងជីវិតនយោបាយនៃប្រទេសរបស់គេ ចាប់អោយមេដឹកនាំរបស់គេទទួលខុសត្រូវ ហើយអំពាវនាវអោយមានការផ្លាស់ប្តូរ នៅពេលសេចក្តីត្រូវការ និងការចង់បានរបស់គេមិនត្រូវបានបំពេញ។
ខ្ញុំបានមើលឃើញដំណើរការនេះដោយផ្ទាល់ នៅប្រទេសអាមេរិក ហើយវាមិនមែនចេះតែស្រួលទេសំរាប់រដ្ឋាភិបាលក្នុងការបំពេញសេចក្តីត្រូវការរបស់ប្រជាជនទាំងអស់របស់ខ្លួននោះ ហើយស្វាមីរបស់ខ្ញុំពិតជាបានទទួលរងការរិះគន់ និងការមិនយល់ស្រប តែយើងមិនអាចមានផ្លូវណាផ្សេងទៀតទេ ពីព្រោះសំលេង និងមតិរបស់ប្រជាជនរបស់យើង ទាំងបុរស ទាំងស្រ្តី មកពីគ្រាប់ស្រទាប់វណ្ណៈទាំងអស់ នោះគឺជាអ្វីដែលធ្វើអោយប្រទេសរបស់យើងមានភាពរឹងមាំល្អ។ នេះជាសាររបស់ខ្ញុំទៅកាន់នារីវ័យក្មេងទាំងអស់នៅទីនេះ ថាគំរោង Let Girls Learn មានបំណងផ្តល់អោយកុមារី ដូចអ្នក នូវសំលេងមួយ នៅក្នុងសហគមន៍ និងប្រទេសរបស់អ្នក។
ហេតុដូច្នេះហើយបានជាយើងមក នៅពេលនេះ ពីព្រោះយើងដឹងថា អ្នកទាំងអស់គ្នាមានរឿងត្រូវនិយាយច្រើន និងមានអ្វីៗសំរាប់រួមចំណែក ហើយនៅពេលអ្នកមានឱកាសបំពេញសក្តានុពលរបស់អ្នក អ្វីដែលអ្នកអាចសំរេចបានគឺគ្មានព្រំដែនកំណត់ទេ។
ដូច្នេះ ខ្ញុំមកនេះដើម្បីក្រើនរំលឹកអោយអ្នកខិតខំធ្វើការ និងបន្តរៀនសូត្រតាមដែលអ្នកអាចធ្វើបាន។ ខ្ញុំសង្ឃឹមថា អ្នកនឹងធ្វើតាមគំរូនៃអ្នកដឹកនាំ និងអ្នកស្ម័គ្រចិត្តនៅក្នុងបន្ទប់នេះ ហើយបែរទៅជួយកុមារីឯទៀតអោយទទួលបានការសិក្សា។ ពីព្រោះនៅពេលអ្នកធ្វើដូច្នេះ អ្នកពិតជានឹងក្លាយជាបណ្តាញមួយនៃស្រ្តីនៅទូទាំងពិភពលោក ដែលប្រើចំណេះដឹងរបស់គេ ដើម្បីលើកស្ទួយគ្រួសារ សហគមន៍ និងប្រទេសរបស់គេ។ ដោយមានវត្តមាននៅថ្ងៃនេះជាមួយលោកអ្នកទាំងអស់ ខ្ញុំមានក្តីរំភើបនឹងឃើញជីវិតដែលលោកអ្នកនឹងធ្វើការកែប្រែ ហើយនិងផលដែលលោក អ្នកនឹងធ្វើអោយមានទៅលើពិភពលោករបស់យើង។ ខ្ញុំសូមបញ្ចប់នៅពេលនេះ ដោយនិយាយថា អរគុណ។ សូមអរគុណចំពោះការខិតខំ និងការងាររបស់លោកអ្នក ហើយខ្ញុំរីករាយនឹងធ្វើការជាមួយលោកអ្នកទាំងអស់ នៅឆ្នាំខាងមុខៗ ដើម្បីផ្តល់អោយកុមារីរបស់យើងនូវការសិក្សាដែលគេសមនឹងទទួលបាន។