សូមជំរាបសួ ឯកឧត្តម អ៊ិន ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ម៉ែន និមិត្ត នាយកប្រតិបត្តិស្តីទីនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដៃគូ អស់លោក លោកស្រីទាំងអស់។
ខ្ញុំមានសេចក្តីរីករាយជាខ្លាំងដោយមានវត្តមាននៅថ្ងៃនេះជាមួយលោកអ្នក។ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដៃគូរបស់យើងដទៃទៀត ដែលបានធ្វើការសហការនិងផ្តល់ការគាំទ្រសំរាប់ពិធីនេះ។ ខ្ញុំសូមសំដែងអំណរគុណផងដែរចំពោះអ្នកចូលរួមទាំងអស់ ដែលកំពុងកែលំអជីវិតរស់នៅរបស់បុគ្គលិកកម្មករកម្ពុជា ដោយទន្ទឹមនឹងនោះ រួមចំណែកច្រើនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏គួរអោយចាប់អារម្មណ៍របស់ប្រទេស។
ការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះត្រូវបានជំរុញជារួម ដោយកំណើនក្នុងវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម។ យោងតាមស្ថិតិរបស់រដ្ឋាភិបាល ប្រជាជនកម្ពុជាចំនួនជាង ៦០០ ០០០ នាក់កំពុងធ្វើការនៅតាមរោងចក្រកាត់ដេរ និងរោងចក្រកាត់ស្បែកជើង នៅទូទាំងប្រទេស។ គ្រាន់តែឧស្សាហកម្មនេះធ្វើអោយប្រទេសកម្ពុជារកចំណូលបានចំនួន ៥,៧ ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំៗ ពីការនាំចេញសំលៀកបំពាក់និងវាយនភណ្ឌ ដែលត្រូវជាប្រហែល ៨០% នៃទំនិញនាំចេញសរុបរបស់ប្រទេស ហើយត្រូវជា ១០,១% នៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជា។ តែវាមិនគ្រាន់តែល្បឿននៃការរីកចំរើនទៅមុខផ្នែកសេដ្ឋកិច្ចតែមួយមុខទេដែលមានសារៈសំខាន់នោះ គុណភាពរបស់វាក៏មានសារៈសំខាន់ដែរ។ ជំលោះរវាងបុគ្គលិកកម្មករ និងនិយោជកមិនមែនជារឿងប្លែកទេ។ នៅសហរដ្ឋអាមេរិក យើងមានបញ្ហាក្នុងការងារអស់រយៈពេលរាប់សតវត្សមកដែរ ហើយជាលទ្ធផល នៅពេលនេះ យើងមានក្រុមអាជ្ញាកណ្តាលមួយចំនួន ដើម្បីជួយដោះស្រាយជំលោះ ជាជាងការធ្វើកូដកម្ម និងការដែលថៅកែបិទរោងចក្រ ហើយកម្មករមិនព្រមធ្វើការ។ យើងរកឃើញថា យន្តការទាំងនេះអាចគាំទ្របានដោយជោគជ័យ ទាំងសិទ្ធិរបស់បុគ្គលិកកម្មករ ទាំងសិទ្ធិរបស់ថៅកែ។ យើងជឿថា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលគឺជាគំរូជាទីសង្ឃឹមសំរាប់អោយប្រទេសកម្ពុជាជំរុញសិទ្ធិរបស់បុគ្គលិកកម្មករ និងទំនាក់ទំនងល្អរវាងថៅកែនិងកម្មករ ដែលជាកត្តាគន្លឹះក្នុងការធានាស្ថិរភាព និងកំណើនលូតលាស់ជាបន្តនៃឧស្សាហកម្មរបស់ប្រទេសកម្ពុជា។
ការធ្វើអោយបុគ្គលិកកម្មករ និងនិយោជកអាចដោះស្រាយការរំលោភ និងជំលោះស្តីពីសិទ្ធិក្នុងការងារប្រកបដោយលក្ខណៈស្ថាបនាគឺជាមូលហេតុដែលយើងមកជួបគ្នា នៅថ្ងៃនេះ។ គំរោងដែលមានរយៈពេល ៣ ឆ្នាំនេះ មានឈ្មោះយ៉ាងសមថា “គំរោងលើកកំពស់សិទ្ធិក្នុងការងារសំរាប់នារី និងបុរស នៅកម្ពុជា”។ តាមរយៈអំណោយថវិកានេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងបន្តជួយដោះស្រាយវិវាទក្នុងចំណោមក្រុមបុគ្គលិកកម្មករ និងថៅកែ មិនមែនត្រឹមតែក្នុងវិស័យកាត់ដេរតែប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងវិស័យដទៃជាច្រើនផងដែរ។ សកម្មភាពនេះបំពេញបន្ថែមលើសកម្មភាពដទៃទៀតដែលមានការទាក់ទងនឹងការងារជាមួយនឹងមជ្ឈមណ្ឌលសាមគ្គីភាព មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ ហើយក្នុងពេលថ្មីៗបំផុតនេះ គឺអង្គការ Marie Stopes International ។ យើងសង្ឃឹមផងដែរថា គំរោងនេះនឹងជួយអោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលប្តូរពីអង្គការគំរូដែលទទួលថវិកាពីម្ចាស់អំណោយ ទៅជាអង្គការគំរូដែលទទួលបានថវិកាទាំងស្រុងឬដោយមួយចំណែកពីនិយោជក បុគ្គលិកកម្មករ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនដែលធ្វើការបញ្ជាទិញ។ យើងស្វាគមន៍ជំនួយថវិកា និងជំនួយហិរញ្ញវត្ថុពីដៃគូដទៃទៀត ដើម្បីជួយធ្វើអោយការប្តូរនេះសំរេចទៅបានទាំងស្រុង។
ការគាំទ្ររបស់លោកអ្នកចំពោះគំរោងនេះនឹងទ្រទ្រង់ ហើយធ្វើអោយមានស្ថិរភាពដល់វិស័យដ៏មានសារៈសំខាន់ផ្នែកសេដ្ឋកិច្ចនេះរបស់ប្រទេសកម្ពុជា។ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមអរគុណលោកអ្នកចំពោះការខិតខំរបស់លោកអ្នក ហើយខ្ញុំសូមជូនពរអោយលោកអ្នកទទួលបានជោគជ័យធំៗ ទាំងនៅពេលនេះ ទាំងនៅពេលអនាគត។