ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រាជធានីភ្នំពេញ
ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦
សូមជំរាបសួឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈុន ឯកឧត្តម ជាង យ៉ាណារ៉ា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងកិត្តិយសនៃរាជរដ្ឋាភិបាលកម្ពុជា លោកស្រី Rebecca Black ប្រធានទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ សហការីមកពីស្ថានទូតអាមេរិក អស់លោក លោកស្រី។
ខ្ញុំមានកិត្តិយសដោយបានមកចូលរួមនៅក្នុងពិធីនាថ្ងៃនេះ ដើម្បីផ្តល់សុពលភាពដល់កិច្ចព្រមព្រៀងថ្មីចំនួនពីរ ស្តីពីអំណោយថវិកាសំរាប់ការអភិវឌ្ឍន៍ រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងថ្មីនេះកំណត់យន្តការផ្លូវការ សំរាប់អោយរដ្ឋាភិបាលអាមេរិកជួយដល់ផែនការអភិវឌ្ឍជាតិរបស់កម្ពុជា។
យើងសូមស្វាគមន៍ជាពិសេសចំពោះគណកម្មាធិការតំរ៉ែតំរ៉ង់ (Steering committee) ថ្មីៗ ដែលត្រូវបានបង្កើតឡើងនៅក្រោមកិច្ចព្រមព្រៀងទាំងនេះ ដែលខ្ញុំសង្ឃឹមថា នឹងក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងដោយស្មោះត្រង់ សំរាប់កិច្ចពិភាក្សារវាងប្រទេសយើងទាំងពីរ។ យើងមានការប្តេជ្ញាចិត្តក្នុងការធ្វើអោយគណកម្មាធិការតំរ៉ែតំរង់ទាំងនេះធ្វើការបានល្អ។
ប្រទេសកម្ពុជាបានទទួលជោគជ័យគួរអោយចាប់អារម្មណ៍នៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម និងបរិស្ថាន នៅក្នុងទសវត្សចុងក្រោយនេះ។ ដោយបានរស់នៅក្នុងក្រុងភ្នំពេញនៅចុងទសវត្សទី១៩៩០ និងដោយបានឃើញភាពក្រីក្រយ៉ាងច្រើននៅកម្ពុជា ខ្ញុំមើលឃើញភាពជឿនលឿននៅគ្រប់កន្លែង នៅពេលនេះ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងអស់គួរតែមានមោទនភាពចំពោះភាពជឿនលឿនរបស់ប្រទេសខ្លួន ហើយតាមរយៈនេះ គួរមានទំនុកចិត្តថា ប្រទេសកម្ពុជាក៏អាចដោះស្រាយបញ្ហាប្រឈមនៅពេលអនាគតបានផងដែរ។
ក្នុងនាមជាមិត្តយូរអង្វែងម្នាក់របស់ប្រទេសកម្ពុជា និងជាបី្តនៃកូនខ្មែរម្នាក់ ខ្ញុំអរគុណណាស់ចំពោះភាពជាដៃគូរវាងប្រទេសយើងទាំងពីរ នៅក្នុងរយៈពេល ២ ទសវត្សមកនេះ។ យើងបានធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាគន្លឹះជាច្រើន។
យើងបានធ្វើការជាមួយគ្នាដើម្បីរុញជំងឺអេដស៍ចេញពីកំរិតគ្រោះថ្នាក់របស់វា នៅទសវត្សឆ្នាំ១៩៩០។ ជាមួយគ្នា យើងបានជួយកសិករអោយបង្កើនទិន្នផលរបស់គេ ហើយធ្វើអោយគ្រួសាររបស់គេមានហូបចុក ទទួលបានការសិក្សា និងមានលទ្ធភាពទទួលបានការថែទាំសុខភាព ហើយយើងបានធ្វើការជាមួយប្រជាជនកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីបច្ចេកទេស និងវិទ្យាសាស្រ្តថ្មីៗសំរាប់កែលំអទិដ្ឋភាពជាច្រើននៃជីវិតរស់នៅ”។
យើងមានមោទនភាពណាស់ដែលជំនួយរបស់យើងនៅក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថានបានជួយដល់ជោគជ័យនៃប្រទេសកម្ពុជា។ ភាពជឿនលឿនដ៏រឹងមាំរបស់កម្ពុជានៅក្នុងវិស័យទាំងនេះ តាមរយៈការងារជិតស្និទ្ធជាមួយដៃគូជាម្ចាស់ជំនួយក្នុងការគាំទ្រដល់ផែនការអភិវឌ្ឍន៍ជាតិ មិនមែនល្អសំរាប់តែប្រទេសកម្ពុជានោះទេ។
វាបង្ហាញទៅពិភពលោកផងដែរថា ភាពជាអ្នកដឹកនាំជាតិដ៏រឹងមាំ រួមជាមួយនឹងភាពជាដៃគូដ៏មានប្រសិទ្ធភាពជាមួយបណ្តារដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនពិតជាមានប្រសិទ្ធភាព។ ក្នុងពេលដែលយើងសំលឹងដោះស្រាយបញ្ហាប្រឈមដទៃទៀតក្នុងពិភពលោក រាប់ពីសន្តិសុខស្បៀងដល់ការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ វាជាការសំខាន់ដែលយើងត្រូវស្តែងអោយឃើញថា យើងអាចសំរេចបានច្រើន តាមរយៈការធ្វើការជាមួយគ្នា ជាងការដែលយើងធ្វើការដោយឡែកៗពីគ្នា។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរ នៅថ្ងៃនេះ កត់សំគាល់ដំណាក់កាលបន្ទាប់នៃការជួយរបស់សហរដ្ឋអាមេរិកដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដែលនៅពេលនេះប្រឈមនឹងបញ្ហាប្រឈមថ្មីៗ ក្នុងពេលដែលក្លាយជាប្រទេសមានចំណូលមធ្យមកំរិតទាប។ បញ្ហាដូចជាភាពប្រកួតប្រជែង កំរិតកាន់តែខ្ពស់ឡើងនៃជំនាញ នៃកំលាំងពលកម្ម ហើយនិងការបណ្តុះភាពឆ្នើមផ្នែកវិទ្យាសាស្រ្ត ព័ត៌មានវិទ្យា និងវិស្វកម្មមានសារៈសំខាន់កាន់តែច្រើនឡើងសំរាប់ជោគជ័យនៃប្រទេសកម្ពុជា។
តែជោគជ័យនៅក្នុងវិស័យទាំងអស់នេះពឹងផ្អែកលើពលរដ្ឋដែលមានសុខភាពល្អ និងមានការអប់រំខ្ពស់ ដែលជាមូលដ្ឋានសំខាន់សំរាប់ធ្វើអោយប្រទេសកម្ពុជាមានប្រៀបក្នុងការប្រកួតប្រជែង និងវិបុលភាព។ ដូច្នេះ ការងារជាមួយគ្នារបស់យើងនៅតែមានសារៈសំខាន់ចាំបាច់សំរាប់ជោគជ័យនៃប្រទេសកម្ពុជា ដូចកាលពី២០ឆ្នាំមុនដែរ។
មុនពេលខ្ញុំបញ្ចប់សុន្ទរកថារបស់ខ្ញុំ ខ្ញុំចង់និយាយបន្តិចអំពីលោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID នៅកម្ពុជា។ ខ្ញុំមានការសោកស្តាយដោយលឺថា លោកស្រីនឹងចាកចេញពីកម្ពុជានៅខែមិថុនា បន្ទាប់ពីបានធ្វើការប្រកបដោយជោគជ័យយ៉ាងច្រើន អស់រយៈពេល ៣ ឆ្នាំ នៅកម្ពុជា។
ការផ្តោតការយកចិត្តទុកដាក់របស់លោកស្រីលើការសំរបកម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមអាទិភាពរបស់ប្រទេសកម្ពុជា ទំនាក់ទំនងរឹងមាំរបស់លោកស្រីជាមួយសហការី នៅក្នុងរាជរដ្ឋាភិបាលទាំងមូល ការយល់ដឹងទូលំទូលាយលើបញ្ហាអភិវឌ្ឍន៍របស់លោកស្រីបានធ្វើអោយលោកស្រីក្លាយជាទុនយ៉ាងធំសំរាប់ស្ថានទូតអាមេរិក។ ការចាកចេញរបស់លោកស្រីគឺជាការបាត់បង់យ៉ាងធំសំរាប់យើង។ ខ្ញុំសូមអបអរសាទរលោកស្រីដែលបានបំពេញការងារដ៏ប្រពៃនៅកម្ពុជា។ លោកស្រី Rebecca ខ្ញុំសូមអរគុណច្រើនចំពោះអ្វីដែលលោកស្រីបានធ្វើ។ យើងនឹងមានការនឹករលឹកដល់លោកស្រី។
ខ្ញុំសូមអរគុណផងដែរចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដែលបានធ្វើការជាច្រើនឆ្នាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រជាជនកម្ពុជា។ ខ្ញុំបានដឹងតាមរយៈសារព័ត៌មានក្នុងពេលថ្មីៗនេះថា លោកនឹងចូលនិវត្តន៍ពីរដ្ឋាភិបាល នៅក្នុងពេលខាងមុខនេះ។ ក្នុងនាមជាមន្រ្តីដែលមានអាជីពផ្នែកសេដ្ឋកិច្ចម្នាក់ ខ្ញុំសូមកោតសរសើរយ៉ាងខ្ពស់ចំពោះអ្វីដែលលោកបានធ្វើ ដើម្បីធ្វើអោយប្រទេសកម្ពុជាស្ថិតនៅលើផ្លូវនៃកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។
ខ្ញុំច្រើនតែនិយាយថា ការធ្វើជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៅក្នុងប្រទេសកំពុងអភិវឌ្ឍគឺជាការងារពិបាកបំផុតក្នុងលោកនេះ។ មនុស្សគ្រប់គ្នាដែលដើរចូលឆ្លងទ្វាររបស់លោក ចង់បានអ្វីមួយ ពោលគឺលុយបន្ថែមសំរាប់សុខភាព អប់រំ ឬប្រាក់ខែ ឬប្រហែលគេចង់បានការលើកលែងពន្ធដើម្បីជំរុញការវិនិយោគទុន។ តែគ្មានលុយគ្រប់គ្រាន់សំរាប់ធ្វើអោយគ្រប់គ្នាសប្បាយចិត្តទេ ដូច្នេះលោកត្រូវធ្វើការជ្រើសរើសដ៏ពិបាក។
លោកបានធ្វើការជ្រើសរើសដ៏ពិបាកទាំងនេះអស់រយៈពេលជាច្រើនឆ្នាំហើយ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ហើយតាំងពីលោកផ្លាស់មកទីស្តីការគណរដ្ឋមន្រ្តី លោកគឺជាអ្នកធ្វើការណែនាំដល់មន្រ្តីរដ្ឋាភិបាលជំនាន់ថ្មីដ៏សំខាន់។ ខ្ញុំសូមកោតសរសើរការងារ និងអាជីពរបស់លោក ដូច្នេះ វាគឺជាកិត្តិយសធំធេងសំរាប់ខ្ញុំដែលលោកបានចំណាយពេលនៅក្នុងសប្តាហ៍ចុងក្រោយរបស់លោកនៅក្នុងតំណែង មកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ។
ខ្ញុំសូមបញ្ចប់សុន្ទរកថាត្រឹមនេះ។ សូមអរគុណម្តងទៀតដែលបានអញ្ជើញខ្ញុំមកចូលរួមក្នុងពិធីថ្ងៃនេះ ដែលជាថ្ងៃល្អមួយដែលបង្ហាញអោយឃើញថា យើងអាចសំរេចបានជោគជ័យច្រើន តាមរយៈការធ្វើការជាមួយគ្នា។ សូមអរគុណច្រើន។