សុន្ទរកថា​របស់​លោកស្រី​ភារធារី​ស្ថានទូត​អាមេរិក Julie Chung នៅ​ក្នុង​ពិធី​សម្ពោធ​ហាង​ធំ​របស់​ក្រុមហ៊ុន Nike

(តាម​ការត្រៀមសម្រាប់​ថ្លែង)
ភ្នំពេញ
ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៦

សូម​អរគុណ Charles! សូម​ជំរាបសួ​លោក Ho Yuming ភ្ញៀវ​កិត្តិយស លោក លោកស្រី​។ ខ្ញុំ​មាន​សេចក្តី​រំភើប​ដោយ​មាន​វត្តមាន នៅ​ថ្ងៃ​នេះ នៅ​ក្នុង​ពិធី​បើក​ហាង​ធំ​របស់ក្រុមហ៊ុន Nike នៅ​កម្ពុជា​។ Nike គឺ​ជា​ម៉ាក​មួយ​ក្នុង​ចំណោម​ម៉ាក​ដ៏​ល្បី​បំផុត ក្នុង​ពិភពលោក​។ ខ្ញុំ​សូម​អបអរសាទរ​ក្រុមហ៊ុន Empreyean Alliance ដែល​បាន​នាំ​ក្រុមហ៊ុនអាមេរិក​ដ៏​មាន​ឈ្មោះ​ល្បី​នេះ មក​រក​ស៊ី​នៅ​កម្ពុជា​។

Nike មិន​មែន​គ្រាន់តែ​ជា​ក្រុមហ៊ុន​ផលិត​ស្បែក​ជើង និង​របស់​ដែល​អ្នក​កីឡា​ពាក់​តែ​ប៉ុណ្ណោះ​ទេ តែ​ម៉ាក​យីហោ​នៃ​ក្រុមហ៊ុន​នេះ​តំណាង​អោយ​ការ​បំផុស​ទឹកចិត្ត និង​ជោគជ័យ​។ លោក Phil Knight អ្នក​បង្កើត​ក្រុមហ៊ុន Nike ដែល​មក​ពី​រដ្ឋ Oregon នៃ​សហរដ្ឋ​អាមេរិក បាន​បង្កើត​ក្រុមហ៊ុន​នេះ នៅ​ឆ្នាំ​១៩៦៤ ដែល​ពេល​នោះ​មាន​ឈ្មោះថា Blue Ribbon Sports នៅ​កន្លែង​មួយ​ដែល​ប្រជុំ​ដោយ​ហាង​ទំនិញ​ក្នុង​តំបន់​រស់នៅ​របស់​មនុស្ស​ក្នុង​វណ្ណៈ​កណ្តាល ក្នុង​ទីក្រុង Portland ។ សព្វថ្ងៃ​នេះ គ្រប់​គ្នា​ចាំ​ពាក្យ​ស្លោក​ដ៏​ល្បី​របស់​ក្រុមហ៊ុន Nike គឺ​ពាក្យ​ស្លោក​ថា “Just Do It.” (​ធ្វើ​ទៅ​) តែ​មាន​ពាក្យស្លោក​មួយ​របស់​ក្រុមហ៊ុន Nike ដែល​ធ្វើ​អោយ​ខ្ញុំ​គិត​មក​ដល់​ប្រទេស​កម្ពុជា មិន​មែន​គ្រាន់តែ​ក្នុង​ន័យ​នៃ​កីឡា​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ក្នុង​ន័យ​នៃ​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា និង​គោលបំណង​របស់​យុវជន​កម្ពុជា​ថែម​ទៀត​ផង​។ ពាក្យស្លោក​នេះ​គឺ “Work Hard Dream Big.” (​ខំ​ធ្វើការ ស្រម៉ៃ​ចង់​បាន​ធំ​)​។

កាលពី​ដប់ ម្ភៃ​ឆ្នាំ​មុន គេ​មិន​នឹក​ស្រម៉ៃ​ថា នឹង​បាន​ឈរ​នៅ​ក្នុង​ហាង​ដ៏​ល្អ​ប្រណិត​នេះ ក្នុង​រាជធានី​ភ្នំពេញ​ទេ​។ តែ​ពេល​នេះ ប្រទេស​កម្ពុជា​បាន​ដើរ​មក​ដល់​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក និង​ពី​ជុំវិញ​ពិភពលោក​។ នេះ​គឺ​ជា​សញ្ញា​បង្ហាញ​អោយ​ឃើញ​នូវ​ការ​ប្រែប្រួល​ផ្នែក​សេដ្ឋកិច្ច ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា ពោល​គឺ​ជា​ការ​ប្រែប្រួល​ដែល​យើង​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​អាមេរិក​អាច​បន្ត​ជួយ​បាន​។

សូម​អបអរសាទរ និង​សូម​ជូនពរ​អោយ​មាន​សំណាង​ល្អ​!