សុន្ទរកថារបស់លោកស្រីភារធារី Julie Chung នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសិល្បៈខ្មែរអមតៈ សំរាប់ការសម្តែង ដែលមានចំណងជើងថា “បង្សកូល”

(From left to right) U.S. Embassy's Chargé d’affaires Julie Chung, Cambodian film director Rithy Panh, Australian Ambassador Angela Corcoran
សារមន្ទីរជាតិ ភ្នំពេញ
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧

សូមជំរាបសួ។ ខ្ញុំមានកិត្តិយសដោយមានវត្តមាននៅថ្ងៃនេះ ដើម្បីអបអរបទថ្មីបំផុតមួយសំរាប់ពិធីបង្សកូលនៅកម្ពុជា។ សូមអបអរសាទរចំពោះលោកព្រឹម ភឿនដែលបានដឹកនាំអង្គការខ្មែរអមរតាសិល្បៈ (CLA) ព្រមទាំងបណ្ឌិត ហ៊ីម សុភី បណ្ឌិត រិទ្ធិ ផាន និងក្រុមសមាជិកប្រកបដោយទេពកោសល្យទាំងមូល ដែលបានធ្វើអោយមានបទនេះឡើង។

អង្គការ CLA បានធ្វើការយ៉ាងល្អក្នុងការលើកកំពស់ និងអភិរក្សសិល្បៈនៅកម្ពុជា ហើយស្ថានទូតអាមេរិកមានមោទនភាពដែលបានសហការជាមួយអង្គការនេះ ក្នុងគំរោងនានា នៅក្នុងរយៈពេលរាប់ឆ្នាំមកនេះ។ ស្ថានទូតមានសេចក្តីរីករាយដែលបានជួយក្នុងគំរោងនេះ ដោយបាននាំគ្រូភ្លេងអាមេរិកដែលត្រូវបានតែងតាំងសំរាប់ទទួលរង្វាន់ Grammy គឺលោក Andrew Cyr មកប្រទេសកម្ពុជា។ នៅកម្ពុជា លោក Andrew នឹងធ្វើការលើគំរោងខុសៗគ្នាមួយចំនួន ដូចជាធ្វើការជាមួយតន្រ្តីករខ្លះពាក់ព័ន្ធនឹងពិធីបង្សកូល ដើម្បីអោយពួកគេមានការរៀបចំខ្លួនសំរាប់ដំណើរទស្សនកិច្ចរបស់គេទៅកាន់ទីក្រុង New York និងទីក្រុង Boston នៅខែធ្នូ។

ដូចលោកអ្នកដឹងហើយ បទនេះគឺជាការរំលឹកដល់សោកនាដកម្មនៅក្នុងអំឡុងទសវត្សទី ៧០ ក្នុងសម័យកាលខ្មែរក្រហម។ តែសំខាន់ជាងនេះទៅទៀត គឺស្តីពីក្តីសង្ឃឹម និងការបន្តដើរទៅមុខ។ ខ្ញុំដឹងថា ទស្សនិកជនដែលបានលឺបទនេះនៅទីក្រុង New York និងទីក្រុង Boston ដោយរួមទាំងជនជាតិអាមេរិកមានដើមកំណើតខ្មែរ ដែលរស់នៅឆ្លងកាត់សម័យកាលនោះ នឹងមានការរំជួលចិត្តជាខ្លាំង។ ស្ថានទូតអាមេរិកតែងតែគោរពដល់វិញ្ញាណខ័ន្ធនៃជនរងគ្រោះដោយពួកខ្មែរក្រហម ស្មារតីរឹងប៉ឹងរបស់គេ ហើយធ្វើយ៉ាងណាកុំអោយគេភ្លេចប្រវត្តិសាស្រ្តនេះ។ ឧទាហរណ៍ នៅខែមិនា ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសការគាំទ្ររបស់ខ្លួនចំពោះ ផ្កាស្លាក្រោមអង្គការ ដែលជារបាំមួយមានបំណងសំរាលការឈឺចាប់ដែលទទួលរងដោយអ្នកដែលបានទទួលរងនឹងហឹង្សាផ្លូវភេទ ក្រោមពួកខ្មែរក្រហម។ បណ្ឌិសភាសិល្បៈខ្មែរ ក្តីករុណា មជ្ឈមណ្ឌលបុប្ផាណា និងអង្គការចិត្តសាស្រ្តចំរុះវប្បធម៌ (Transcultural Psychological Organization) សុទ្ធតែបានសហការគ្នាដើម្បីធ្វើអោយគំរោងនេះមានជោគជ័យ។

ការអភិរក្សប្រវត្តិសាស្រ្តរបស់កម្ពុជាតាមរយៈសិល្បៈ ពិសេសតាមរយៈអំណាចនៃតន្រ្តី មានសារៈសំខាន់ណាស់។ គេមានចិត្តរំភើបរីករាយដោយឃើញការសហការគ្នារវាងអង្គការ និងអ្នកសិល្បៈនានា នៅកម្ពុជា និងនៅបរទេស ដែលធ្វើការលើគំរោងបង្សកូល និងផ្កាស្លា។ តាមរយៈការធ្វើការជាមួយគ្នា ក្រុមអ្នកសិល្បៈកម្ពុជាកាន់តែមានភាពរឹងមាំឡើង។

ស្ថានទូតអាមេរិកនឹងបន្តជានិច្ចក្នុងការជំរុញសិល្បៈដែលមានលក្ខណៈច្នៃប្រឌិត និងរស់រវើក នៅកម្ពុជា ហើយខ្ញុំសូមគោរពចំពោះទឹកចិត្តក្លាហាន និងគំនិតច្នៃប្រឌិតរបស់អង្គការខ្មែរអមរតាសិល្បៈ បណ្ឌិត ហ៊ីម សុភី និងបណ្ឌិត រិទ្ធី ផានម្តងទៀត ចំពោះការសំរេចបានដ៏ប្រពៃនេះ។ សូមអរគុណដែលបានអញ្ជើញចូលរួម។