សុន្ទរកថា​របស់លោកស្រីភារធារី Julie Chung នៅក្នុងពិធីរៀបចំដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងមានការចូលរួមរបស់លោកឧបការីរងនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក

ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦

សូម​ជំរាបសួ​ឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម លោកវ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ភ្ញៀវ​កិតិ្តយស លោក លោកស្រី​។

ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​មាន​វត្តមាន​នៅ​យប់​នេះ និង​សូម​អរគុណ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ចំពោះ​ការ​រៀបចំ​ពិធី​ដ៏​ល្អ​នេះ ជួស​មុខ​អោយ​ភ្ញៀវ​របស់​យើង គឺ​លោក​ឧបការី​រង​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក Erland Herfindahl ។

លោក​ឧបការី​រង​នៃ​តំណាង​ពាណិជ្ជកម្ម Erland Herfindahl បាន​មក​កម្ពុជា ដើម្បី​អបអរ​ការ​ពង្រីក​ដ៏​សំខាន់​មួយ​នៃ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ដោយ​រួម​បញ្ចូល​របស់​និង​ទំនិញ​សំរាប់​ការ​ធ្វើ​ដំណើរ​។ ការ​ពង្រីក​កម្មវិធី GSP នឹង​ជួយ​ធ្វើ​អោយ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ចំរុះ​ច្រើន ហើយ​កាត់​បន្ថយ​ភាព​ក្រីក្រ​។ វា​ជា​ឱកាស​ដ៏​កម្រ​មួយ​សំរាប់​កម្ពុជា ដើម្បី​កសាង​ឧស្សាហកម្ម​នាំ​ចេញ​ថ្នាក់​ពិភពលោក ពី​ដំបូង​ទៅ​។ លើស​ពី​នេះ​ទៀត កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក នៃ​ទំនិញ​សំរាប់​ការ​ធ្វើ​ដំណើរ​អាច​បង្កើត​អោយ​មាន​ការងារ​ធ្វើ​ថ្មី​ចំនួន ១០០ ០០០ សំរាប់​បុគ្គលិក កម្មករ​កម្ពុជា ហើយ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​មាន​ឈ្មោះ​ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​សំរាប់​ការ​ធ្វើ​ដំណើរ​។

ដូច​លោក​អ្នក​ប្រហែល​ជា​បាន​ដឹង​ស្រាប់​ហើយ​ថា GSP គឺ​ជា​កម្មវិធី​ដែល​មាន​ចំណាស់ ៤០ ឆ្នាំ​មក​ហើយ ហើយ​អត្ថប្រយោជន៍​របស់​វា​អាស្រ័យ​លើ​ការ​រក្សា​បាន​នូវ​បទដ្ឋាន​ការងារ​ប្រកប​ដោយ​គុណភាព​ខ្ពស់​។ វា​តំរូវ​អោយ​ប្រទេស​ជា​អ្នក​ទទួល​ផល ដូចជា​ប្រទេស​កម្ពុជា បន្ត​ប្រកាន់​យក​នូវ​ជំហាន​ក្នុង​ការ​ការពារ​សិទ្ធិ​ក្នុង​ការងារ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​។ បទដ្ឋាន​ការងារ​ខ្ពស់​ទាក់ទាញ​ការ​វិនិយោគ​ស្ថិតស្ថិរ និង​ល្អ​។ ដូច្នេះ យើង​សង្ឃឹម​ថា ប្រទេស​កម្ពុជា​នឹង​ដើរ​តាម​ផ្លូវ​នេះ​។

ខ្ញុំ​រីករាយ​ចំពោះ​ចំនួន​អ្នក​ចូលរួម នា​យប់​នេះ ដែល​ឆ្លុះ​បញ្ចាំង​ពី​កំណើន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​។ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​ទីផ្សា​នាំ​ចេញ​ធំ​ជាង​គេ​របស់​កម្ពុជា​។ នៅ​ឆ្នាំ ២០១៤ ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​មាន​ចំនួន ៧៧ លាន​ដុល្លា​អាមេរិក ដោយ​មាន​កំណើន​លើស​ឆ្នាំ​កន្លង​ទៅ​មុន​នោះ​ចំនួន ២០​%​។ ដូច​ដែល​ខ្ញុំ​រំពឹង​ថា ការ​ពង្រីក GSP នេះ​នឹង​ស្តែង​អោយ​ឃើញ​ច្បាស់ ទំនាក់ទំនង​របស់​យើង​អាច​នឹង​រីក​ធំ​ថែម​ទៀត ហើយ​ពិត​ជា​នឹង​រីក​ធំ​។

សូម​អរគុណ​លោក លោកស្រី​ជា​ថ្មី​ម្តង​ទៀត​។ ឥឡូវ​ខ្ញុំ​សូម​ណែនាំ​លោក​ឧបការី​រង​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក Erland Herfindahl ។