សុន្ទរកថារបស់លោកស្រីភារធារី Julie Chung នៅក្នុងពិធីសម្ពោធហាងកាហ្វេធំ Starbucks

ហាងកាហ្វេ Starbucks ភ្នំពេញ
ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០១៦

សូមអរគុណ Michael! សូមជំរាបសួ ឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ លោក Mark Ring ភ្ញៀវកិត្តិយស លោក លោកស្រី។ ក្នុងនាមជាអ្នកចូលចិត្តកាហ្វេលីងបារាំង នៅហាង Starbuck យ៉ាងខ្លាំង តាំងពីដើមមក ខ្ញុំបានរង់ចាំការបើកហាងកាហ្វេនេះ ជាយូរមកហើយ។ ខ្ញុំនៅចាំច្បាស់នូវថ្ងៃដែលយើងបានលឺថា ហាង Starbuck នឹងត្រូវបានបើកនៅកម្ពុជា។ នៅស្ថានទូតសហរដ្ឋអាមេរិកទាំងមូល គេបាននាំគ្នានិយាយដោយក្តីរំភើប អំពីការបានភ្លក់រសជាតិនៃកាហ្វេរបស់ហាង Starbuck នៅភ្នំពេញ។ យើងបានមើលឃើញជោគជ័យនៃហាង Starbuck នៅព្រលានយន្តហោះ និងនៅផ្សាទំនើប អេអន ហើយខ្ញុំមានភាពប្រាកដនៅក្នុងចិត្តថា ហាងធំដ៏ល្អនេះនឹងក្លាយជាកន្លែងពេញនិយមថ្មីមួយ នៅភ្នំពេញ។ សូមអបអរសាទរហាង Starbuck និងក្រុម Maxim’s Group ដែលបានធ្វើអោយសុបិនស្តីពីហាងដែលគេបានរង់ចាំជាយូរមក ក្លាយទៅជាការពិត។

ហាងនេះមិនមែនគ្រាន់តែជាកន្លែងសំរាប់ផឹកកាហ្វេ និងជជែកគ្នាតែប៉ុណ្ណោះទេ។ ការសម្ពោធនេះថែមទាំងបញ្ជាក់ពីដំណើរជឿនលឿនទៅមុខដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា នៅពេលនេះ។ ក្រុមហ៊ុនអាមេរិកបានកត់សំគាល់ឃើញការខិតខំរបស់រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជននៅកម្ពុជា នៅក្នុងការជួយដល់សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា ហើយជួយអោយប្រទេសកម្ពុជាធ្វើអោយខ្លួនឯងខ្លួនឯងក្លាយជាគូប្រកួតប្រជែងមួយដែលខ្លាំង នៅក្នុង តំបន់។ នៅក្នុងពេលប៉ុន្មានឆ្នាំនេះ យើងបានឃើញស្លាកយីហោដទៃទៀតរបស់អាមេរិកបានមកដល់ប្រទេសកម្ពុជា ហើយយើងមានសេចក្តីរីករាយដោយស្លាកយីហោ Starbuck បានចូលរួមជាមួយនឹងស្លាកយីហោទាំងនោះ នៅក្នុងទីផ្សាដែលមានភាពរស់រវើកមួយនេះ។ ដោយសារការខិតខំរបស់លោករដ្ឋមន្រ្តី សូរ៉ាសក្តិ និងអ្នកឯទៀត បានដឹងថា ប្រទេសកម្ពុជាបើកទទួលស្វាគមន៍ការចូលមករកស៊ី និងការវិនិយោគ។

Starbuck ថែមទាំងតំណាងអោយស្មារតីសហគ្រិន និងស្មារតីរួបរួមគ្នា ដែលយើងគាំទ្រ នៅកម្ពុជា។ ដូចដែលលោក Ring បានមានប្រសាសន៍មកហើយថា Starbuck ជួយគំរោងទាក់ទងនឹងការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសង្គម និងជួយលើកកំពស់សមត្ថភាពរបស់បុគ្គលិកក្នុងស្រុករបស់ខ្លួន ដែលមានមោទនភាពក្នុងការពាក់អៀមពណ៌បៃតងរបស់គេ ហើយទទួលអតិថិជន។ លោក Howard Schultz បានធំឡើងដោយរស់នៅក្នុងផ្ទះរដ្ឋ ហើយជាមនុស្សដំបូងគេនៅក្នុងគ្រួសាររបស់លោក ដែលបានទៅរៀននៅមហាវិទ្យាល័យ។ នៅដើមទសវត្សឆ្នាំ ១៩៨០ លោក Schultz បានទៅលេងទីក្រុង Milan ហើយនឹកស្រម៉ៃចង់នាំយកគំនិតស្តីពីការបើកហាងកាហ្វេមកទីក្រុង Seattle ។

ខ្ញុំចង់ឃើញយុវជនកម្ពុជាមានសេចក្តីប្រាថ្នាខ្ពស់ ដូចលោក Howard Schultz ដែរ។ លោកបានមាន ប្រសាសន៍ថា “បើអ្នកជាសហគ្រិន អ្នកត្រូវមានសេចក្តីប្រាថ្នាខ្ពស់ ហើយបន្ទាប់មក មានសេចក្តីប្រាថ្នាខ្ពស់ថែមទៀត”។ ដូច្នេះ អាគារដ៏ល្អនេះមិនមែនមានន័យសំខាន់តែត្រឹមជញ្ចាំង កៅអី និងកាហ្វេដែលមាន wifi អោយប្រើដោយមិនគិតថ្លៃតែប៉ុណ្ណោះទេ តែវាថែមទាំងជាកន្លែងដែលអ្នកមានការស្រម៉ៃចង់បាន ទាំងក្មេងទាំងចាស់ រិះរកគំនិតថ្មីៗ ហើយរៀបចំគំរោងផែនការក្នុងការរកស៊ី បញ្ចូលរបៀបថ្មីៗ មានគំនិតច្នៃប្រឌិត ហើយធ្វើនូវអ្វីដែលល្អ សំរាប់ប្រទេសកម្ពុជា។ ខ្ញុំមានមោទនភាពដោយមើលឃើញថា ហាង Starbucks តំណាងអោយភាពជាដៃគូកាន់តែធំឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

សូមអបអរសាទរ និងសូមជូនពរអោយជួបតែនឹងសំណាងល្អ!