សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ថ្ងៃទី២០ ខែឧសភា
សូមជំរាបសួ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី ឡាយ សុគន្ធា មកពីអង្គការ IIG Education Cambodia បណ្ឌិត Nhong Din Than មកពីក្រុមហ៊ុន Metfone ភ្ញៀវកិត្តិយស អស់លោក លោកស្រី
ក្នុងរយៈពេលមួយឆ្នាំកន្លះរបស់ខ្ញុំនៅប្រទេសកម្ពុជាមកនេះ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងទៅលើយុវជន ភាពស្វាហាប់របស់គេ ភាពសាទររបស់គេ និងទេពកោសល្យរបស់គេ។ ហេតុនេះហើយបានជាខ្ញុំរីករាយដោយបានចូលរួមជាមួយអស់លោកអ្នក នៅថ្ងៃនេះ។ នៅពេលយើងនិយាយពីអ្នកបង្ករបង្កើតល្បីៗនៅក្នុងប្រវត្តិសាស្រ្ត គេច្រើនតែផ្តោតការយកចិត្តទុកដាក់ទៅលើខណៈពេលនៃការសំរេចបាន ដូចជាពេលផ្លែប៉ោមមួយបានធ្លាក់លើក្បាលរបស់លោក Newton ពេលលោក Einstein រកឃើញទ្រឹស្តី Relativity ឬពេលមនុស្សពីរនាក់នៅក្នុងរោងឡានរកឃើញកម្មវិធីកុំព្យូទ័រចុងក្រោយបំផុត ឬកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះគឺជារឿងប្រឌិត។ ការពិតគឺថា អ្វីៗអស្ចារ្យដែលត្រូវបានបង្កើតឡើង និងអ្នកបង្ករបង្កើតល្បីៗ មានឡើងបន្ទាប់ពីរយៈពេលរាប់ឆ្នាំនៃការសិក្សា ការព្យាយាមមិនដាច់ និងការធ្លាប់ឆ្លងកាត់ការបរាជ័យ។ អ្វីដែលធ្វើអោយមនុស្សល្បីទាំងនេះខុសគេគឺការចង់ដឹងខ្លាំងសំរាប់ពិភពលោក និងការព្យាយាមដោយមិនស្រាកស្រាន។
វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាគឺជាស្នូលនៃសង្គមមួយដែលរីកចំរើន ប្រកបដោយភាពទំនើប។ ទន្ទឹមនឹងនោះ មុខវិជ្ជាសិក្សាទាំងនេះបង្រៀនមនុស្សធំដែលស្ថិតក្នុងវ័យក្មេង ដូចជាអ្នកដែលកំពុងមានវត្តមាននៅរសៀលនេះ អោយចេះគិតនិងវិភាគ ដែលជាការតំរ៉ង់ជីវិតរបស់គេទៅរកអាជីពប្រកបដោយជោគជ័យ។ ហេតុដូច្នេះហើយបានជាខ្ញុំជឿថា វាជាការមានសារៈសំខាន់ណាស់ដែលត្រូវជំរុញអោយសិស្ស និស្សិតក្មេងៗកម្ពុជាក្លាយជាអ្នកវិទ្យាសាស្រ្ត វិស្វករ និងអ្នកបង្ករបង្កើតនៅពេលអនាគត ដើម្បីចូលរួមចំណែកអោយប្រទេសមានជោគជ័យ។ ប្រទេសកម្ពុជាអាចមាន Newton ឬ Einstein ឬ Bill Gates របស់ខ្លួនបាន។
ចំពោះអ្នកដែលទទួលរង្វាន់នៅថ្ងៃនេះ គេគួរមានមោទនភាពចំពោះជោគជ័យនេះ តែគួរយល់ថា វាគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ រឿងសំខាន់គឺថា ការប្រកួតប្រជែង ដូចជាការប្រកួតប្រជែងនេះ ទាមទារអោយគេប្រាស្រ័យមិនមែនគ្រាន់តែជាមួយមនុស្សនៅជុំវិញខ្លួនគេ នៅកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងធ្វើការប្រាស្រ័យជាមួយមនុស្សដូចពួកគេ នៅទូទាំងពិភពលោកផងដែរ។ បទពិសោធន៍ទាំងនេះនឹងធ្វើអោយគេជួប និងចង់ជួបនឹងគំនិតថ្មីៗហើយមានភាពផ្ទុយគ្នា ដែលជាការជួយអោយគេមានការគិតតាមរបៀបផ្សេង នៅពេលគេស្ថិតនៅក្នុងស្ថានភាពជាប់គាំង។
ខ្ញុំសង្ឃឹមដោយស្មោះថា លោកអ្នកជាច្រើនដែលមានវត្តមាននៅពេលនេះ ប្រហែលជាស្រម៉ៃគិតពីអនាគតរបស់លោកអ្នកកំពុងសិក្សានៅសហរដ្ឋអាមេរិក។ ប្រព័ន្ធអប់រំរបស់យើងមានការរីកចំរើន តាមរយៈការជ្រើសរើសមនុស្សមកធ្វើការ មិនមែនត្រឹមតែពីក្នុងចំណោមជនជាតិអាមេរិកក្មេងៗដែលឆ្លាតៗនោះទេ តែថែមទាំងពីក្នុងចំណោមមនុស្សឆ្លាតៗពីទូទាំងពិភពលោកផងដែរ។ សាកលវិទ្យាល័យរបស់យើងមានការរីកចំរើន ដោយសារមានថ្នាក់រៀនដែលមានមនុស្សមានវប្បធម៌ផ្សេងៗគ្នា ដែលនាំអោយមានបរិយាកាសប្រកបដោយគំនិតថ្មីៗ នាំដល់ការរកឃើញបច្ចេកវិទ្យាថ្មីៗ ឱសថថ្មីៗ និងនឹករកប្រព័ន្ធថាមពលព្រះអាទិត្យថ្មីៗ ដែលជាការនាំអោយមានបរិយាកាសសំរាប់ភាពជាសហគ្រិន និងបង្កើតគំនិតថ្មីៗ។ ខ្ញុំសង្ឃឹមថាលោក អ្នកជាច្រើនគ្នាចូលរួមនៅក្នុងកម្មវិធីរបស់លោកប្រធានាធិបតី Obama គឺកម្មវិធីគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជនក្មេងៗនៅអាស៊ីអាគ្នេយ៍ (YSEALI) ដើម្បីចងក្រងបណ្តាញ និងទទួលយកឱកាសធ្វើការចែករំលែកគំនិតយោបល់ជាមួយយុវជនឯទៀត នៅក្នុងតំបន់។
បណ្តាក្រុមហ៊ុន ដូចជាក្រុមហ៊ុន Microsoft បានផ្លាស់ប្តូររបៀបរស់នៅរបស់យើង មិនត្រឹមតែនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែថែមទាំងនៅទូទាំងពិភពលោកផងដែរ។ កម្មវិធីផ្នែកទន់របស់ក្រុមហ៊ុននេះគឺជា “ក្រដាសសស្អាត” នៃសម័យឌីយីថល។ កម្មវិធីផ្នែកទន់ និងបរិក្ខាមិនមែននាំអោយមានការដាក់បញ្ចូលរបៀបថ្មីទេ។ គឺគំនិតនៅពីក្រោយឧបករណ៍ទាំងនោះដែលជំរុញអោយមានការដើរទៅមុខ។
គឺអ្នកទាំងអស់គ្នានេះហើយដែលនឹងជួយសរសេរលើក្រដាសសស្អាតនោះ។
ដូច្នេះ សូមចាត់ទុករឿងនេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងតែប៉ុណ្ណោះទេ តែថែមទាំងជាឱកាសមួយសំរាប់ប្រើទេពកោសល្យ និងជំនាញរបស់អ្នក ដើម្បីធ្វើអោយប្រទេសកម្ពុជាមានភាពរុងរឿង ធ្វើអោយឪពុកម្តាយ គ្រូ និងមិត្តភក្តិរបស់អ្នកមានមោទនភាពចំពោះអ្នក។ ចំពោះអ្នកដែលបានទទួលជោគជ័យនៅក្នុងការប្រកួតជាសាកលនៅ Orlando កាលពីខែសីហា យើងសូមអបអរសាទរពួកគេពីចំងាយ និងសូមអោយពួកគេមានសំណាងល្អ។ សូមអបអរសាទរ និងសូមអរគុណចំពោះការអញ្ជើញខ្ញុំមកចូលរួមជាមួយលោកអ្នក នៅថ្ងៃនេះ។