សុន្ទរកថា​របស់​លោកស្រី Julie Chung អនុប្រធាន​ទូត​អាមេរិក នៅ​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​កម្មករ និង​អ្នក​គ្រប់គ្រង

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ ភ្នំពេញ
ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០១៦

សូម​ជំរាបសួ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោកស្រី​ឯកអគ្គរាជទូត​ស៊ុយអែត Anna Maj Hulgard និង​ភ្ញៀវ​កិត្តិយស​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​ឃើញ​ថា​ទី​នេះ​ពេញ​ទៅ​ដោយ​មិត្តភក្តិ និង​ដៃគូ ដែល​សុទ្ធតែ​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​ផ្នែក​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​កម្មករ និង​អ្នក​គ្រប់គ្រង​។

តាង​នាម​អោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះដើម្បី​អរគុណ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​រៀបចំ​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ​។

ដូច​លោក​អ្នក​ជ្រាប​ស្រាប់​ហើយ បើ​យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម មាន​ប្រជាជន​កម្ពុជា​ចំនួន​ប្រហែល ៦២០ ០០០ នាក់​កំពុង​ធ្វើការ​ នៅ​តាម​រោងចក្រ​កាត់​ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​ចំនួន​ប្រហែល ៧០០ នៅ​ទូទាំង​ប្រទេស​។ គ្រាន់តែ​វិស័យ​មួយ​នេះ​រក​ចំណូល​បាន​រហូត​ដល់ ៦,២ ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​មួយ​ឆ្នាំ​ៗ ដែល​ត្រូវ​ជា​ចំនួន ៧៣​% នៃ​តំលៃ​ទំនិញ​នាំ​ចេញ​ទាំង​មូល​របស់​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ជា​ប្រហែល ១០​% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​។

យើង​និយាយ​ពី​ស្ថិតិ​ទាំង​នេះ ពីព្រោះ​វិស័យ​នេះ​មាន​ទំហំ​ធំ នៅ​កម្ពុជា​។ ខ្ញុំ​សូម​សរសើរ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ប្រកាន់​តាម​ជំហាន​សំខាន់​ៗ ក្នុង​ការ​ធានា​និរន្តភាព តំលាភាព និង​ជោគជ័យ​នៃ​វិស័យ​ដ៏​សំខាន់​នេះ​។ ជា​ពិសេស ខ្ញុំ​សូម​អបអរសាទរ​ការ​ខិតខំ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​បង្កើត​វិធី​ជា​ប្រព័ន្ធ​និង​ប្រកប​ដោយ​តំលាភាព សំរាប់​កំណត់​ប្រាក់ខែ​អប្បបរិមា នៅ​ក្នុង​វិស័យ​កាត់ដេរ​។ តាម​ពិត​ទៅ ខ្ញុំ​គិត​ថា គំរូ​នេះ​គេ​អាច​ប្រើ​ធ្វើ​ជា​មូលដ្ឋាន​ប្រកប​ដោយ​ជោគជ័យ សំរាប់​កំណត់​ប្រាក់ខែ​អប្បបរិមា​នៅ​ទូទាំង​វិស័យ​នេះ​ទាំង​មូល​។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អោយ​ក្រសួង​ធ្វើការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​លើ​រឿង​នេះ​។ ការ​បង្កើត​អោយ​មាន​ប្រាក់ខែ​អប្បបរិមា​នៅ​ទូទាំង​ប្រទេស​មាន​សារៈសំខាន់​ចាំបាច់ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​បន្ត​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​អាស៊ាន​។ ប្រទេស​ជិត​ខាង​កម្ពុជា គឺ​ប្រទេស​ឡាវ និង​ភូមា​បាន​អនុម័ត​លើ​ប្រាក់ខែ​ជាតិ​អប្បបរិមា​មួយ​ហើយ ដូច្នេះ​មាន​គំរូ​មួយ​នៅ​ក្នុង​តំបន់​ហើយ​សំរាប់​អោយ​ក្រសួង​ការងារ​ពិចារណា​លើ​វិធានការ​នេះ​។

ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ចំពោះ​ការ​ខិតខំ​របស់​ក្រសួង​ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ដោះស្រាយ​ជំលោះ​ក្នុង​ការងារ តាមរយៈ​យន្តការ ដូចជា​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​។ ការ​ដោះស្រាយ​ជំលោះ​បែប​នេះ​នាំ​អោយ​មាន​គ្រឹះ​រឹងមាំ ដើម្បី​អោយ​ឧស្សាហកម្ម​នេះ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជា​បន្ត​ទៀត​។ នៅ​ត្រង់​នេះ មាន​ជំហាន​សមស្រប​មួយ​ទៀត​ផង​ដែរ ហើយ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​អោយ​រដ្ឋាភិបាល​ពិចារណា​ធ្វើ​ពង្រាង​ច្បាប់​ចាំបាច់​សំរាប់​បង្កើត​តុលាការ​ការងារ​។ តុលាការ​នេះ បើ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​តំលាភាព និង​មាន​ការ​ចូលរួម​ទាំងអស់​គ្នា អាច​ជួយ​កម្ពុជា​អោយ​ឈាន​ដល់​កំរិត​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច ដែល​ខ្លួន​ចង់​បាន​។

វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​សហជីព​មាន​ការ​ដុះដាល​ឡើង នៅ​ក្នុង​រយៈពេល ២ ទសវត្ស​កន្លង​ទៅ​នេះ ពិសេស​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​។ នេះ​គឺ​ជា​អ្វី​ដែល​ប្រទេស​កម្ពុជា​គួរ​មាន​មោទនភាព​ទៅ​លើ​។

ការ​មាន​សហជីព​ នៅ​តាម​កន្លែង​ជា​ច្រើន​បង្កើត​អោយ​មាន​លទ្ធភាព​នៃ​ការ​មាន​ទំនាក់ទំនង​វិជ្ជាជីវៈ​ រវាង​​អ្នក​​គ្រប់គ្រង​​និង​កម្មករ​ប្រកប​ដោយ​ការ​គ្រប់គ្រង​ល្អ ដែល​អាច​ជួយ​ធានា​បាន​ថា ឧស្សាហកម្ម​នេះ​មាន​លក្ខណៈ​ល្អ យុត្តិធម៌ ផ្តល់​ផល​ល្អ និង​មាន​និរន្តភាព​។ នេះ​មិន​មែន​មាន​ន័យ​ថា គ្មាន​កន្លែង​ដែល​ត្រូវ​ធ្វើការ​កែ​លំអ​ទេ​។ វា​នៅ​មាន​កង្វល់​នៅ​ឡើយ ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ ការ​ដួល​សន្លប់​ច្រើន ប្រាក់ខែ​អប្បបរិមា​មាន​កំរិត​ទាប​របស់​កម្មករ និង​ជំលោះ​ក្នុង​ការងារ​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​។ តែ​ខ្ញុំ​នៅ​តែ​ជឿ​ថា គំរូ​នៃ​សហជីព​គឺ​ជា​គំរូ​បែប​ផែន​ល្អ​មួយ ហើយ​ខ្ញុំ​ជឿ​ថា គេ​គួរ​ពង្រីក​វា​ថែម​ទៀត​ដើម្បី​បញ្ជូល​វិស័យ​នានា ដូចជា​វិស័យ​សំណង់ ទេសចរណ៍ អាហារ​និង​សេវា ដែល​នៅ​តែ​មាន​បញ្ហា​ប្រឈម​នៅ​ឡើយ​។ សំរាប់​រយៈពេល​យូរ​ទៅ​មុខ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ពង្រឹង​ជំនាញ​សំរាប់​អ្នក​ធ្វើការ​មាន​សារៈសំខាន់​ចាំបាច់ បើ​កម្ពុជា​ចង់​បង្កើន​សមត្ថភាព​ប្រកួតប្រជែង និង​ទិន្នផល​ការងារ​។

សហរដ្ឋ​អាមេរិក​គឺ​ជា​គោលដៅ​ធំ​ជាង​គេ​តែ​មួយ​គត់​សំរាប់​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​របស់​ប្រទេស​កម្ពុជា​។ ដូច្នេះ យើង​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​ការ​ធ្វើការ​ជាមួយ​ដៃគូ​ខាង​កម្ពុជា ដើម្បី​ធ្វើ​អោយ​វិស័យ​នេះ​មាន​ការ​ចំរើន​ទៅ​មុខ​ល្អ​។ យើង​ធ្វើ​ការងារ​នេះ​តាម​លក្ខណៈ​ជា​ច្រើន​។ តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) យើង​កំពុង​ធ្វើការ​ ជាមួយ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដើម្បី​កែ​លំអ​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​អ្នក​គ្រប់គ្រង​និង​កម្មករ និង​ដំណើរការ​ដោះស្រាយ​ជំលោះ​នៅ​កម្ពុជា​។ ទីភ្នាក់ងារ USAID ក៏​សហការ​ផង​ដែរ​ជាមួយ​មជ្ឈមណ្ឌល​សាមគ្គីភាព ដើម្បី​ពង្រឹង​អំណាច​សេដ្ឋកិច្ច និង​អំណាច​នយោបាយ​របស់​កម្មករ​កម្ពុជា តាមរយៈ​សហជីព​ដែល​ធ្វើការ​មាន​ប្រសិទ្ធភាព​ល្អ មាន​ឯករាជ្យភាព និង​ប្រកប​ដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​។ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​របស់​យើង មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​សហជីព​មូលដ្ឋាន និង​កម្មករ ដើម្បី​លើក​កំពស់​សិទ្ធិ​របស់​កម្មករ​។ ក្រៅ​ពី​នេះ​ទៀត ក្រសួង​ការងារ​នៃ​សហរដ្ឋ​អាមេរិក​កំពុង​ជួយ​កម្មវិធី​រោងចក្រ​ល្អ​នៅ​កម្ពុជា ដើម្បី​កែ​លំអ​ស្ថានភាព​នៅ​តាម​រោងចក្រ និង​លើក​កំពស់​សុខមាលភាព​របស់​កម្មករ​។ សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ចំពោះ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​សិទ្ធិកម្មករ ពីព្រោះ​វា​ដើរ​ស្រប​គ្នា​ជាមួយ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ភាព​ជា​ដៃគូ​ក្នុង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា​។

ខ្ញុំ​សង្ឃឹម​ថា សន្និសីទ​នេះ​នឹង​ធ្វើ​អោយ​មាន​ការ​សន្ទនា​គ្នា​ច្រើន នៅ​ក្នុង​ចំណោម​សហជីព និយោជក និយោជិត មន្រ្តី​រដ្ឋាភិបាល និង​សមាជិក​សង្គម​ស៊ីវិល​។ ការ​ប្រាស្រ័យ​ជាមួយ​គ្នា​បែប​នេះ​អាច​ជួយ​កែ​លំអ​ស្ថានភាព​ការងារ ហើយ​ធ្វើ​អោយ​ឧស្សាហកម្ម​កាត់ដេរ​ស្បែក​ជើង និង​សំលៀកបំពាក់​រឹត​តែ​មាន​សមត្ថភាព​ប្រកួតប្រជែង​ច្រើន​ថែម​ទៀត នៅ​ក្នុង​តំបន់​។ ធនាគារ​ពិភពលោក​បាន​លើក​ឋានៈ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ក្នុង​កំរិត​ទាប (Lower middle income) ។ ការ​ងើប​ឡើង​នៃ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​អាស៊ាន​នឹង​បន្ត​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​។ នៅ​ក្នុង​បរិយាកាស​នេះ វា​មាន​សារៈសំខាន់​ជាង​ពេល​ណា​ទាំងអស់​ដែល​ត្រូវ​ជំរុញ​ការ​គោរព​ចំពោះ​សិទ្ធិ​របស់​កម្មករ ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ​រវាង​អ្នក​គ្រប់គ្រង​និង​កម្មករ ស្ថានភាព​ការងារ​ដែល​មាន​ភាព​អនុគ្រោះ ការ​បែងចែក​អត្ថប្រយោជន៍​អោយ​បាន​ត្រឹមត្រូវ និង​ការ​ដោះស្រាយ​ជំលោះ​ការងារ​ដោយ​សន្តិភាព ដើម្បី​អោយ​ប្រទេស​កម្ពុជា​មាន​ជោគជ័យ​។ សូម​អរគុណ​។