សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦
សូមជំរាបសួ លោកអ្នកទាំងអស់។ សួស្តីឆ្នាំថ្មី ឆ្នាំស្វា! ខ្ញុំមានសេចក្តីរំភើបដោយមានវត្តមាននៅពេលនេះជាមួយលោកជំទាវ កឹម សេដ្ឋានី លោក ថាវុធ ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា កូរ៉េ លោក Daniel, Kate និងលោកអ្នកទាំងអស់!
អ្នកដែលតាមដានទំព័រ Facebook និង Twitter របស់ស្ថានទូតអាមេរិក ដឹងថា យើងលើកទឹកចិត្តដល់ការសិក្សាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ឬដែលគេនិយមហៅកាត់ថា STEM ដែលជាមធ្យោបាយសំខាន់មួយសំរាប់ពង្រីកវិបុលភាព និងកំណើនលូតលាស់សេដ្ឋកិច្ច។ តាមពិតទៅ ការលើកកំពស់ការសិក្សា STEM គឺជាអាទិភាពមួយនៅក្នុងប្រព័ន្ធអប់រំរបស់អាមេរិក។ ដូចសហរដ្ឋអាមេរិកដែរ ចំណុចល្អមួយក្នុងចំណោមចំណុចល្អស្តីពីប្រទេសកម្ពុជាគឺវប្បធម៌សហការគ្នាក្នុងការបញ្ចូលរបៀបថ្មី (Innovation) ។ លោកអ្នកប្រមូលផ្តុំគ្នានូវគំនិតច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា ជាមួយមធ្យោបាយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍន៍នៃប្រទេសរបស់លោកអ្នក។ កម្មវិធីដូចជាការបញ្ចូលបច្ចេកទេសថ្មីៗ (Technovation) ហើយមនុស្សដូចជាលោកអ្នកទាំងអស់គ្នា កំពុងតែមានតួនាទីយ៉ាងសំខាន់ នៅក្នុងការគាំទ្រ និងពង្រឹងវប្បធម៌នេះ។
តែនារីច្រើនតែមិនសូវសិក្សាមុខវិជ្ជា STEM ដែលជាការមានន័យថា ទេពកោសល្យជាច្រើនមិនត្រូវបានគេយកមកប្រើទេ។ ប្រទេសដទៃទៀតក្នុងពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ គឺមានលក្ខណៈបែបនេះ។ ហេតុដូច្នេះហើយបានជាខ្ញុំមានចិត្តរីករាយ និងមានមោទនភាពណាស់ ដែលមានវត្តមាននៅពេលនេះ ហើយឃើញនារីក្មេងៗទាំងអស់ចូលរួមយោបល់ នៅព្រឹកនេះ ហើយរិះគិតលើមធ្យោបាយ ដែលអាចជួយសហគមន៍ ប្រទេស របស់គេ និងរហូតដល់ពិភពលោក។
កាលពីជាងមួយឆ្នាំមុន លោកជំទាវ Michelle Obama បានមកប្រទេសកម្ពុជា ជាផ្នែកមួយនៃគំរោងគំនិតផ្តួចផ្តើមជំរុញដល់ការសិក្សារបស់កុមារី នៅក្នុងពិភពលោក។ ខ្ញុំបាននៅជាមួយលោកជំទាវ នៅសៀមរាប ដោយនៅពេលនោះ យើងបានជួបនឹងកុមារីនិងនារីក្មេងៗមួយចំនួន ដូចអ្នកជាច្រើន ដែលមានរឿងរ៉ាវគួរអោយចាប់អារម្មណ៍ក្នុងការជំនះបញ្ហាប្រឈមនានា ដើម្បីបានទទួលការអប់រំបានល្អ។ លោកជំទាវបានដាស់តឿនអោយកុមារីហ៊ានឡើងនិយាយ ត្រៀមខ្លួនក្លាយជាមេដឹកនាំសហគមន៍របស់គេ។ កម្មវិធីដូចជាការបញ្ចូលបច្ចេកទេសថ្មី អាចជួយកុមារីក្នុងការសំរេចជោគជ័យលើសក្តានុពល និងភាពជាអ្នកដឹកនាំរបស់គេ។
តែបញ្ហាប្រឈមលើការបញ្ចូលបច្ចេកទេសថ្មីមិនមែនគ្រាន់តែជាឱកាសមួយសំរាប់អោយអ្នកចូលរួមសំរួចជំនាញផ្នែក STEM របស់គេ តាមរយៈការសិក្សាជាក់ស្តែងតែប៉ុណ្ណោះទេ តែវាថែមទាំងជាមធ្យោបាយមួយក្នុងការអោយមនុស្សមានការគិតដូចគ្នា និងធ្វើអោយអ្នកដទៃទៀតរីករាយនឹងអាជីពដែលប្រើជំនាញ STEM។ កាលពីខែមុន នៅក្នុងពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំ នៅសេតវិមាន លោកប្រធានាធិបតី Obama បានសួរសិស្ស និស្សិតអាមេរិកថា មូលហេតុអ្វីដែលធ្វើអោយគេមានការចាប់អារម្មណ៍ទៅលើ STEM។ “មានមួយចំនួននិយាយថា គេមានឪពុកម្តាយមានជំនាញផ្នែកវិទ្យាសាស្រ្ត តែសំរាប់ភាគច្រើននៃពួកគេ មានគ្រូ អ្នកផ្តល់ប្រឹក្សា កម្មវិធី ដែលធ្វើអោយគេមានការចាប់ចិត្ត”។អ្នកទាំងអស់គ្នាមានសំណាង ដោយសារមានអ្នកនាំមុខជាច្រើនផ្នែកបច្ចេកវិទ្យា នៅកម្ពុជា។ ខ្ញុំសូមអរគុណជាពិសេសចំពោះឪពុកម្តាយទាំងអស់ដែលមានវត្តមាននៅពេលនេះ ដើម្បីគាំទ្រកូនស្រីរបស់គេ។ សូមទះដៃអបអរសាទរពួកគាត់!
នៅពេលនេះ ខ្ញុំចង់ប្រាប់លោកអ្នកអំពី កញ្ញា ផ្លុង ម៉ាលីពណ៌ ដែលមានវត្តមាន នៅពេលនេះ។ ម៉ាលីពណ៌ បានទទួលសញ្ញាប័ត្រវិទ្យាសាស្រ្តកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបន្ទាប់មកទៀត បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកអេឡិចត្រូនិច និងអ៊ិនធ័រណែតកុំព្យូទ័រ នៅប្រទេសប៊ែលស៊ិក។ នាងបានទទួលរង្វាន់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេងពីមូលនិធិ Honda Foundation និងអាហារូបករណ៍ សំរាប់សិក្សាយកសញ្ញាប័ត្រមហាវិទ្យាល័យរបស់នាង ទាំងនៅកម្ពុជា ទាំងនៅប៊ែលស៊ិក។ នាងគឺជាទីប្រឹក្សាផ្តល់យោបល់ម្នាក់ផ្នែកការបញ្ចូលវិទ្យាសាស្រ្តថ្មីៗ ដោយបានចំណាយពេលថ្ងៃអាទិត្យ ក្នុងរយៈពេល ៤ ខែមកនេះ ដើម្បីជួយគេក្នុងការរៀន និងហាត់អនុវត្តជំនាញសហគ្រិនបច្ចេកទេសរបស់គេ។ នាងក៏ជាអ្នករៀបចំម្នាក់ដ៏សកម្មផងដែរ ចំពោះព្រឹត្តិការណ៍ដែលឧបត្ថម្ភ ដោយក្រុមហ៊ុន Google ដែលមានឈ្មោះថា Women Techmaker (ស្រ្តីអ្នកបង្កើតបច្ចេកទេស) ដែលធ្វើអោយគេឃើញអំពីស្រ្តី លក្ខណៈរួមរបស់គេ ហើយផ្តល់ធនធានដល់ស្រ្តីនៅក្នុងវិស័យបច្ចេកវិទ្យា។ ក្រៅពីនេះទៀត ម៉ាលីពណ៌ ថែមទាំងបានបង្កើតនិងដាក់អោយគេប្រើនូវកម្មវិធីតាមទូរស័ព្ទដៃ ដែលមានឈ្មោះថា “Stops Near Me” ដើម្បីជួយអោយប្រជាជនកម្ពុជាងាយរកចំណតរថយន្តក្រុងដែលនៅជិត ដើម្បីកុំអោយគេខកឡាន។ សូមអរគុណម៉ាលីពណ៌ និងអ្នកផ្តល់ប្រឹក្សាយោបល់ដទៃទៀតទាំងអស់ ដែលមានវត្តមាននៅពេលនេះ ចំពោះការរួមចំណែកយ៉ាងសំខាន់របស់គេ!
សូមអរគុណដល់ក្រុមដែលចូលរួម និងលោកអ្នកទាំងអស់ដែលមកផ្តល់ការគាំទ្រដល់ពួកគេ។ ខ្ញុំសង្ឃឹមថា ពិធីជំរុញថ្នាក់ជាតិនៅពេលនេះនឹងលើកទឹកចិត្តអោយនារីក្មេងៗកាន់តែច្រើនថែមទៀតសិក្សាបច្ចេកវិទ្យា មិនថា នៅក្នុងប្រព័ន្ធសាលារៀន ឬនៅកន្លែងផ្សេងទៀតក្តី ដូចជាកន្លែងសិក្សាការបញ្ចូលបច្ចេកវិទ្យាថ្មីៗ។ សូមអរគុណ!