មជ្ឈមណ្ឌលមេត្តាហោស៍ រាជធានីភ្នំពេញ
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦
សូមជំរាបសួលោក លោកស្រីទាំងអស់។ ខ្ញុំមានកិត្តិយសណាស់ដោយមានវត្តមាននៅពេលនេះ ជាមួយលោក លោកស្រី នៅក្នុងពិធីដ៏សំខាន់នេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះសូមអរគុណអង្គការចិត្តសាស្រ្តសង្គម ចំរុះវប្បធម៌ (Transcultural Psychosocial Organization ឬ TPO) ដែលបានរៀបចំការបញ្ចាំងវីដេអូនេះ ហើយបានអញ្ជើញខ្ញុំអោយមកថ្លែងសុន្ទរកថា នៅថ្ងៃនេះ។ ខ្ញុំសូមអរគុណជាពិសេសដល់អង្គការ Meta House ដែលបានធ្វើជាម្ចាស់ផ្ទះ នៅយប់នេះ និងដែលតែងតែជាកន្លែងសំរាប់ធ្វើការពិភាក្សាពីសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
ដូចយើងទាំងអស់គ្នាដឹងស្រាប់ហើយ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលប្រកបដោយការឈឺចាប់អស់រយៈពេលរាប់ឆ្នាំ ដោយរួមទាំងអំពើសាហាវយុងឃ្នងដែលគេនឹកស្មានមិនដល់ នៅក្រោមរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មៅងងឹតបំផុតនោះ ដែលមនុស្សជាតិមិនដែលបានស្គាល់ ប្រជាជនកម្ពុជាចំនួនជាង ១,៧ លាននាក់បានស្លាប់ដោយសារការអត់បាយ ការងារដោយបង្ខំ ការធ្វើទារុណកម្ម និងការសំលាប់។ ផលប៉ះពាល់ផ្នែកចិត្តសាស្រ្តមានបន្តរហូតមកដល់សព្វថ្ងៃនេះ។
មកដល់ឆ្នាំ ២០១៦ ទៅហើយ ហេតុអ្វីក៏អំពើយុងឃ្នងទាំងនេះនៅតែចោទជាបញ្ហាសំរាប់យើងទៀត? ខ្ញុំមានជំនឿថា គ្មានគ្រូណាប្រសើរជាងអតីតកាលទេ។ ការចងចាំ និងការយល់ពីប្រវត្តិសាស្រ្តស្តីពីបទឧក្រិដ្ឋបែបនេះមានសារៈសំខាន់ចាំបាច់ មិនមែនគ្រាន់តែសំរាប់ស្វែងយល់ថា តើយើងកំពុងស្ថិតនៅក្នុងស្ថានភាពដូចម្តេចតែប៉ុណ្ណោះទេ តែថែមទាំងសំរាប់ជួយយើងក្នុងការកសាងអនាគតមួយល្អប្រសើរ ជាប្រទេសមួយ និងជាសង្គមមួយ។
ក្នុងការខិតខំមួយដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សារជាតិ និងការផ្សារមុខរបួស រដ្ឋាភិបាលកម្ពុជាបានធ្វើសមាហរណកម្មនៃអតីតទាហានខ្មែរក្រហមជាច្រើន នៅចុងទសវត្សឆ្នាំ ១៩៩០។ រដ្ឋាភិបាលបានបន្តគាំទ្រដល់ការងារយុត្តិធម៌អន្តរាកាល ក្នុងរូបភាពមួយចំនួន។ ឧទាហរណ៍មួយគឺការបង្កើតអង្គជំនំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយធ្វើសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីកាត់ទោសអ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុត ចំពោះបទឧក្រិដ្ឋដែលត្រូវបានប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម។ សហរដ្ឋអាមេរិកមានមោទនភាពដោយបានគាំទ្រជាយូរមកហើយ ចំពោះតុលាការនេះ។ តុលាការបានដាក់ទោសតាំង ហ្គិចគៀវ ហៅឌុច ដែលបានគ្រប់គ្រងមន្ទីរ ស ២១ (គុកទួលស្លែង) នៅក្នុងសម័យខ្មែរក្រហម។ ផ្នែកគាំពារដល់ជនរងគ្រោះក៏ត្រូវបានបង្កើតឡើងដែរ ជាផ្នែកមួយនៃរចនាសម្ព័ន្ធរបស់តុលាការនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការផ្តល់ការគាំទ្រដល់អង្គការ TPO និងអង្គការដទៃទៀតដែលធ្វើការក្នុងផ្នែកយុត្តិធម៌អន្តរកាល។ តាមរយៈគំរោងមានរយៈពេល ៣ ឆ្នាំ គាំទ្រផ្នែកថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលមានឈ្មោះថា “ការពិត ការបង្រួបបង្រួមគ្នាឡើងវិញ និងការជាសះស្បើយឡើងវិញ ឆ្ពោះទៅរកអនាគតរួមគ្នា” អង្គការ TPO ធ្វើការដោយផ្ទាល់ជាមួយអតីតសមាជិកខ្មែរក្រហម និងជាមួយអ្នករួចជីវិតពីរបបខ្មែរក្រហម។ ការខិតខំដ៏មិនធម្មតារបស់ពួកគេបានជួយប្រជាជនកម្ពុជាក្នុងការជំនះលើផលប៉ះទង្គិច ហើយរៀនរស់ដោយសន្តិភាពនៅក្នុងសហគមន៍ជាមួយគ្នា មិនថា អ្នកនោះជាអតីតពួកខ្មែរក្រហម ឬអ្នករួចជីវិតពីរបបខ្មែរក្រហមឡើយ។ បើគ្មានការប្រឹងប្រែងរបស់អង្គការ TPO ទេ នោះមនុស្សជាច្រើនដែលបានរងការឈឺចាប់ក្រោមរបបខ្មែរក្រហម ប្រហែលជាមិនអាចរស់នៅដោយសុខស្រួលក្នុងចិត្តរបស់គេទេ។
ពិធីនៅថ្ងៃនេះកត់សំគាល់ព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងការងារនេះ។ យើងសង្ឃឹមថា វីដេអូនេះនឹងធ្វើអោយយុវជនកម្ពុជា និងប្រជាជនកម្ពុជាក្នុងគ្រប់វ័យទាំងអស់ យល់បានកាន់តែច្រើននូវអ្វីដែលបានកើតឡើង នៅក្នុងសម័យដ៏លំបាកនោះ។ ពួកយើងជាច្រើននៅទីនេះមិនអាចស្រម៉ៃនឹកដល់ការឆ្លងកាត់របស់អ្នកដែលបានរស់ក្រោមពួកខ្មែរក្រហមបានទេ។ តែយើងសង្ឃឹមថា សកម្មភាពដូចនេះនឹងជួយត្រួសត្រាយផ្លូវសំរាប់បោះជំហានខ្លីមួយទៅរកការរួបរួមគ្នាឡើងវិញ និងការស្តារឡើងវិញ។
ភាពក្លាហានក្នុងការមានការពិភាក្សាគ្នាបែបនេះបង្ហាញអោយឃើញពីស្មារតីរឹងប៉ឹងរបស់ប្រជាជនកម្ពុជា ហើយនិងពន្លឺនៃក្តីសង្ឃឹមដែលអាចមានដល់មនុស្សជំនាន់ក្រោយ។ ខ្ញុំសូមជូនពរអោយលោកអ្នកទាំងអស់ទទួលបានជោគជ័យ ក្នុងពេលដែលលោកអ្នកធ្វើការ ដើម្បីជំរុញយុត្តិធម៌អន្តរកាល និងការផ្សះផ្សារការប៉ះទង្គិចផ្លូវចិត្ត។