សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅ​ក្នុង​ពិធី​សម្ពោធ​គំរោង​កំណែ​ទំរង់​អភិបាលកិច្ច​បរិស្ថាន​ដើម្បី​ការអភិវឌ្ឍន៍​ប្រកបដោយនិរន្តភាព

(តាម​ការ​ត្រៀមសម្រាប់​ថ្លែង)
ភ្នំពេញ
ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០១៦

សូម​ជំរាបសួ​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក Takahisa Tsugawa ភារធារី​នៃ​ស្ថានទូត​ជប៉ុន លោកស្រី Setsuko Yamazaki ប្រធាន​អង្គការ UNDP នៅ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ លោក លោកស្រី

សូម​អរគុណ​ដែល​បាន​ផ្តល់​ឱកាស​អោយ​ខ្ញុំ​បាន​ចូលរួម​ជាមួយ​លោក លោកស្រី ដើម្បី​សម្ពោធ​គំរោង​កំណែ​ទំរង់​អភិបាលកិច្ច​បរិស្ថាន​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ចូលរួម​ជាមួយ​លោក អ្នក​នៅ​ក្នុង​សកម្មភាព​ដ៏​សំខាន់​នេះ និង​អបអរ​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ក្រសួង​បរិស្ថាន ក្រុម​ប្រឹក្សា​ជាតិ​សំរាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព កម្មវិធី​អភិវឌ្ឍន៍​របស់​សហប្រជាជាតិ និង​រដ្ឋាភិបាល​ជប៉ុន​។ ភាព​ជា​ដៃគូ​នេះ​មាន​ឡើង​បន្ទាប់​ពី​រយៈពេល​រាប់​ឆ្នាំ​នៃ​ការ​ខិតខំ ការ​តាំង​ចិត្ត និង​ការ​ប្តេជ្ញាចិត្ត​របស់​លោក អ្នក​ជា​ច្រើន នៅ​ទី​នេះ​។

ជាបឋម ខ្ញុំសូមកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី សាយ សំអាល់ ដែលបានបង្កើនការប្តេជ្ញាចិត្តចំពោះគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។ ការប្តេជ្ញាចិត្តនេះឆ្លុះបញ្ចាំងអោយឃើញបំណងជាទូទៅរបស់ប្រជាជនកម្ពុជា នៅក្នុងការការពារព្រៃ ដី និងផ្លូវទឹករបស់ប្រទេសកម្ពុជា។

យើងបានដឹងតាមរយៈបទពិសោធន៍របស់ប្រទេសជាច្រើន នៅជុំវិញពិភពលោកថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ហើយនិងការយល់ដឹងកាន់តែច្រើនឡើងទៅលើបរិស្ថាននៅក្នុងចំណោមប្រជាជន គឺជាធាតុផ្សំយ៉ាងសំខាន់នៅក្នុងការខិតខំការពារធនធានធម្មជាតិ។

នៅក្នុងប្រទេសរបស់ខ្ញុំ ការបង្កើតទិវាផែនដីនៅឆ្នាំ ១៩៧០ បានឆ្លុះបញ្ចាំងអោយឃើញចលនាបរិស្ថានដ៏ខ្លាំង និងមានទំហំកាន់តែធំឡើង នៅជុំវិញប្រទេសអាមេរិក។ ប្រជាជនអាមេរិករាប់លាននាក់បានចេញដើរតាមផ្លូវ នៅទិវានោះនៅក្នុងខែមេសា ដើម្បីសំដែងការគាំទ្រចំពោះការការពារតំបន់ទំនេរ និងដើម្បីអំពាវនាវអោយមានការបញ្ចប់ការបំផ្លាញតំបន់ទាំងនោះ។ បន្ទាប់ពីនោះភ្លាម រដ្ឋាភិបាលបានចាត់វិធានការ។

មកដល់ត្រឹមពាក់កណ្តាលទសវត្សឆ្នាំ១៩៧០ ប្រទេសអាមេរិកមានវិធានការកំណែទំរង់រួមមួយ ដូចជាច្បាប់ស្តីពីខ្យល់អាកាសស្អាត ច្បាប់ស្តីពីទឹកស្អាត ដែលពង្រីកបទបញ្ជារបស់រដ្ឋាភិបាលសហព័ន្ធដែលមានបំណងការពារបរិស្ថាន។ ច្បាប់ទាំងនេះគឺជាឆ្អឹងខ្នងនៃប្រព័ន្ធច្បាប់របស់យើង ក្នុងការការពារបរិស្ថាន នៅពេលសព្វថ្ងៃ។

វា​មើល​ទៅ​ហាក់​មិន​ធ្វើ​អោយ​គេ​មាន​ការ​ចាប់អារម្មណ៍​ច្រើន​ទេ ហើយ​វា​ពិត​ជា​មិន​ស្រួល​ទេ តែ​យើង​បាន​ដឹង​ថា បើ​គ្មាន​ច្បាប់​បរិស្ថាន​ពេញលេញ និង​ដែល​មាន​ចែង​លំអិត​ទេ ​យើង​មិន​អាច​ធ្វើ​អោយ​មាន​ភាព​ជឿនលឿន​ទូលំទូលាយ នៅ​ក្នុង​ការ​ការពារ​បរិស្ថាន​បាន​ទេ ពិសេស​នៅ​ក្នុង​ពេល​សេដ្ឋកិច្ច​មាន​កំណើន ហើយ​ផ្អែក​លើ​មុខវិស័យ​កាន់តែ​ច្រើន​។ ហេតុដូច្នេះ​ហើយ​បាន​ជា​យើង​មាន​មោទនភាព​ក្នុង​ការ​ជួយ​រារដ្ឋាភិបាល ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​ធ្វើការ​ដើម្បី​បង្កើត​ក្រម​ថ្មី​ស្តីពី​បរិស្ថាន គោលការណ៍​ណែនាំ​ស្តីពី​ការ​វាយ​តំលៃ​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​អនុក្រិត្យ​ស្តីពី​ការ​គ្រប់គ្រង​រួម​គ្នា​លើ​តំបន់​ការពារ​។ ទាំងអស់​នេះ​គឺ​ជា​ឯកសារ​ច្បាប់​ដ៏​សំខាន់ និង​ជា​លទ្ធផល​ជាក់ស្តែង​នៃ​គំរោង​នេះ​។

ខ្ញុំសូមសរសើររដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានធ្វើអោយមានការចូលរួមរបស់ប្រជាជនខ្លួននៅក្នុងដំណើរការធ្វើពង្រាងលើកំណែទំរង់ទាំងនេះ។ ពិតមែនហើយ រឿងនេះទាមទារអោយមានពេលវេលា និងការខិតខំបន្ថែមទៀត។ តែការធ្វើអោយប្រជាជនកម្ពុជាមានឱកាសបានចូលរួមយ៉ាងសកម្មនៅក្នុងការសរសេរច្បាប់ទាំងនេះ នឹងនាំអោយមានច្បាប់ដែលមានលក្ខណៈប្រាកដនិយម ត្រឹមត្រូវ និងប្រសើរច្រើន ហើយដែលនឹងជួយអោយរដ្ឋាភិបាលគ្រប់គ្រង និងការពារព្រៃឈើ មច្ឆា ដី និងទឹកនៅក្នុងប្រទេសបានល្អច្រើន។

យើងដឹងផងដែរថា បើសាធារណជនចូលរួមនៅក្នុងការវាយតំលៃផ្នែកបរិស្ថាននៃគំរោងអភិវឌ្ឍន៍ វានឹងនាំអោយមានការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមាននិរន្តភាពច្រើន។ វាថែមទាំងអាចកែប្រែទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលរបស់គេថែមទៀតផង។ ប្រជាជនដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍន៍ អាចធ្វើការថ្លឹងថ្លែងលើផលប្រយោជន៍រយៈពេលខ្លី និងផលវិបាករយៈពេលយូរចំពោះសហគមន៍របស់គេ ហើយមានសំលេងនៅក្នុងការពិនិត្យឡើងវិញលើគំរោង។

ជាបន្ថែមលើការជួយរដ្ឋាភិបាលនៅក្នុងការរៀបចំក្រមបរិស្ថានថ្មី គំរោងនេះនឹងជួយដល់កំណែទំរង់ស្ថាប័ន នៅក្នុងក្រសួងបរិស្ថាន និងកសាងធនធានមនុស្សចាំបាច់សំរាប់អនុវត្តរបៀបវារនៃកំណែទំរង់ទូលំទូលាយមួយ។ ទាំងពីរនេះគឺជាជំហានសំខាន់ចាំបាច់ ហើយយើងរីករាយនឹងគាំទ្រ។ ការបង្កើតក្រមបរិស្ថានថ្មីមួយ ហើយនិងការគាំទ្រក្រមនេះជាមួយនឹងកំណែទំរង់ផ្នែកស្ថាប័នគឺជាជំហានដំបូងៗយ៉ាងសំខាន់។ តែវាគ្រាន់តែជាជំហានដំបូងៗតែប៉ុណ្ណោះ។

បន្ទាប់ពីនេះទៅ វាអាស្រ័យលើរដ្ឋាភិបាល វិស័យឯកជន និងប្រជាជនសាមញ្ញទេ ដែលត្រូវប្រែក្លាយទំហានទាំងនេះអោយទៅជាអ្វីដែលត្រូវអនុវត្តជាធម្មតាក្នុងស្ថាប័ន ពង្រឹងការអនុវត្តលើវា និងប្រែក្លាយការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាចំពោះធនធានធម្មជាតិរបស់ខ្លួនអោយទៅជាការពិត។ការពង្រឹងការអនុវត្តក្រមនេះគឺជាបញ្ហាប្រឈមចាំបាច់ជាបន្ត។

ប្រទេសកម្ពុជាត្រូវធានាថា កំណែទំរង់ទាំងនេះនឹងនាំអោយមានការផ្លាស់ប្តូរនៅក្នុងការងារជាធម្មតា ទាក់ទងនឹងការធ្វើអាជីវកម្មលើធនធានធម្មជាតិ។ បើគេទទួលបានជោគជ័យនៅក្នុងដំណើរការជាជំហានៗនេះ នោះវានឹងនាំអោយមានការប្រតិបត្តិល្អលើបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តី ខ្ញុំដឹងថា លោកដឹងថា ក្នុងពេលដែលរដ្ឋាភិបាលជំរុញកំណែទំរង់ទាំងនេះទៅមុខ វានឹងមានការប្រឆាំង។ វានឹងមានបញ្ហាប្រឈម។ ទាំងនេះក៏ជាបញ្ហាប្រឈមធំផងដែរនៅក្នុងប្រទេសអាមេរិក។ តែនៅពេលលោកដោះស្រាយបញ្ហាប្រឈមទាំងនេះ ខ្ញុំសង្ឃឹមថា លោក និងសហការីរបស់លោកនឹងគិតដល់តំលៃនៃអ្វីដែលលោកជួយនិងការពារ ហើយចងចាំថា វាមិនមែនគ្រាន់តែសំរាប់ប្រជាជនកម្ពុជានៅសម័យបច្ចុប្បន្ននេះទតែប៉ុណ្ណោះទេ តែវាសំរាប់មនុស្សជំនាន់ក្រោយៗមកថែមទៀតផង។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដែលបានអញ្ជើញខ្ញុំមកចូលរួម នៅថ្ងៃនេះ។ គេដឹងថា ប្រជាជនកម្ពុជាមានការស្រឡាញ់ និងអោយតំលៃចំពោះដីនិងធនធានធម្មជាតិរបស់គេ។ គំរោងនេះផ្តល់សំលេងជាក់ស្តែងដល់ការ ស្រឡាញ់ និងការអោយតំលៃនេះ។ សហរដ្ឋអាមេរិកមានមោទនភាពដោយបានធ្វើជាដៃគូជាមួយប្រទេសកម្ពុជា អង្គការ UNDP និងប្រទេសជប៉ុន នៅក្នុងការងារដ៏សំខាន់នេះ។

សូមអរគុណច្រើន។