សៀមរាប
ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧
សូមជំរាបសួលោកអ្នកទាំងអស់! តាងនាមអោយស្ថានទូតអាមេរិក ខ្ញុំសូមអរគុណលោកអ្នកទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីបើកនេះសំរាប់សិស្សថ្មីដែលទទួលអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស (English Access) របស់យើង។ ខ្ញុំសូមអរគុណលោក ឌឹម ប៊ុនថង អ្នកគ្រប់គ្រងកម្មវិធី Access និងលោកគ្រូ ទួត លីសុវណ្ណដាដែលបង្រៀនសិស្ស Access ដែលបានអញ្ជើញយើងមកចូលរួមនៅក្នុងកម្មវិធីនេះ។ ខ្ញុំសូមអរគុណលោក សំលន់ មេឃុំសាលាកំរើក និងលោក….មេឃុំជ្រៀវ ដែលអញ្ជើញមកចូលរួមជាមួយយើង នៅពេលនេះ។
ខ្ញុំសូមអបអរសាទរចំពោះសិស្សទាំងអស់ ដែលត្រូវបានជ្រើសរើសអោយចូលរួមនៅក្នុងកម្មវិធីផ្នែកភាសាអង់គ្លេសនេះ របស់ស្ថានទូតអាមេរិក។ តាំងពីឆ្នាំ២០០៤ មក កម្មវិធី English Access បានផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជាចំនួនជាង ១២០០ នាក់ហើយ។ នៅឆ្នាំនេះ សិស្សកម្ពុជាសរុបចំនួន ១៣៥ នាក់ ដូចក្មួយៗទាំងអស់គ្នា ចាប់ផ្តើមសិក្សាក្នុងកម្មវិធី Access នេះ។ ក្រុមរបស់ក្មួយៗគឺជាក្រុមដំបូងគេដែលសិក្សានៅក្នុងកម្មវិធី Access នៅក្នុងខេត្តសៀមរាប ហើយចូលរួមជាមួយកម្មវិធី Access របស់យើងដទៃទៀត នៅក្នុងខេត្តចំនួន ៨ នៅប្រទេសកម្ពុជា ។
ដូចក្មួយដឹងស្រាប់ហើយ កម្មវិធី Access ជួយក្នុងការបង្រៀនភាសាអង់គ្លេសនៅក្រៅម៉ោងសាលា និងនៅពេលសំរាកក្នុងរដូវក្តៅ សំរាប់សិស្សស្ថិតក្នុងអាយុពី ១៣ ដល់ ២០ ឆ្នាំ ដូចជាក្មួយៗ។ តាមរយៈកម្មវិធី Access ក្មួយនឹងរៀនពីវប្បធម៌ និងគុណតំលៃរបស់អាមេរិក ហើយបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងយកអាហារូប ករណ៍ពីកម្មវិធីផ្លាស់ប្តូរនិងកម្មវិធីសិក្សារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
នៅក្នុងសេដ្ឋកិច្ចបែបសាកលភាវូបនីយកម្ម នាសម័យបច្ចុប្បន្ននេះ ការរៀនភាសាអង់គ្លេសមានសារៈសំខាន់សំរាប់សិក្សានៅបរទេស ឬដើម្បីធ្វើការនៅប្រទេសកម្ពុជា។ ការងារជាច្រើនទាមទារយ៉ាងហោចណាស់នូវសមត្ថភាពខ្លះផ្នែកភាសាអង់គ្លេស ហើយខ្ញុំជឿថា នៅខេត្តសៀមរាបនេះ គេមានឱកាសច្រើនក្នុងការយកភាសាអង់គ្លេសទៅប្រើនៅក្នុងឧស្សាហកម្មទេចរណ៍។
ចូរចាំថា ការរៀនភាសាមួយត្រូវការការតាំងចិត្ត។ តែប្រាកដណាស់ថា ការប្រឹងប្រែងនេះនឹងផ្តល់ប្រយោជន៍ដល់ក្មួយ និងគ្រួសារក្មួយ នៅពេលអនាគត។ នៅក្នុងអំឡុងពេលនៃការទទួលបានអាហារូបករណ៍របស់ក្មួយ ខ្ញុំសូមលើកទឹកចិត្តអោយក្មួយខិតខំរៀនសូត្រ ហើយហាត់និយាយជាមួយអ្នកនិយាយភាសាអង់គ្លេសជាភាសាកំណើត ដែលក្មួយជួប។
ការចូលរួមរបស់ក្មួយនៅក្នុងកម្មវិធី Access មានសារៈសំខាន់ណាស់សំរាប់កសាងមិត្តភាពប្រកបដោយការទុកចិត្តគ្នា និងការគោរពគ្នា រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ ថ្វីបើខ្ញុំមិនស្ថិតនៅក្នុងប្រទេសកម្ពុជានៅពេលដែលកម្មវិធីនេះចប់ ក្នុងរយៈពេល ២ ឆ្នាំ តែខ្ញុំសង្ឃឹមថា នឹងបានវិលត្រឡប់មកផ្ទះ Anjali House នៅឆ្នាំក្រោយ ហើយសន្ទនាជាមួយក្មួយជាភាសាអង់គ្លេស!
សូមអរគុណ និងសូមអោយជួបតែសំណាងល្អ!