របាយការណ៍បង្ហាញថា មានសិស្ស និស្សិតកម្ពុជាកាន់តែច្រើនឡើងកំពុងសិក្សា នៅក្នុងសហរដ្ឋអាមេរិក

ចេញ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ ឆ្នាំ​២០១៦

បើយោងតាមរបាយការណ៍មួយដែលមានឈ្មោះថា របាយការណ៍ទ្វារបើកចំហ ឆ្នាំ ២០១៦ ស្តីពីការ ផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ ដែលបានចេញនៅសប្តាហ៍នេះ រកឃើញថា ចំនួននិស្សិតអន្តរជាតិដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក មានចំនួនលើកសពី ១ លាននាក់ ជាលើកដំបូង នៅក្នុងឆ្នាំសិក្សា ២០១៥ – ២០១៦ ដែលជាចំនួនកើនឡើងចំនួន ៧% លើសឆ្នាំមុន គឺមាន ចំនួនឡើងដល់ ១ ០៤៤ ០០០ នាក់ ដែលត្រូវជាចំនួន ៥% នៃនិស្សិតសរុបនៅក្នុងស្ថាប័ន ក្នុងសហរដ្ឋអា មេរិក។

របាយការណ៍នេះក៏បានបង្ហាញផងដែរនូវកំណើននៃចំនួនសិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សាក្នុងសហរដ្ឋអាមេរិក គឺកើនពីចំនួន ៤៩២ នាក់ នៅឆ្នាំ ២០១៤ – ២០១៥ ដល់ចំនួន ៤៩៩ នាក់ នៅក្នុងឆ្នាំ ២០១៥ – ២០១៦ ពោលគឺមានកំណើនចំនួន ១,៤%។

លោក Jay Raman ប្រធានផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក បានមានប្រសាសន៍ថា “ការអង្កេតនៅឆ្នាំនេះបង្ហាញថា ពេលនេះ មានសិស្ស និស្សិតកម្ពុជាច្រើនជាងពេលណាទាំងអស់បំពេញ ការ ស្រម៉ៃរបស់គេ ក្នុងការបានសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក។ ស្ថាន ទូតអាមេរិក និងមជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក (EducationUSA) កំពុងត្រៀម ខ្លួនជួយប្រជាជនកម្ពុជា នៅក្នុងការស្វែងយល់បន្ថែមពីដំណើរការ និងរកមើលវិធីក្នុងការជួយរកថវិកាសំរាប់ការ សិក្សារបស់គេ។ យើងសង្ឃឹមថា នឹងមានសិស្សនិស្សិតកម្ពុជាច្រើនថែមទៀតដាក់ពាក្យសិក្សាក្នុងសហរដ្ឋអាមេ រិក នៅឆ្នាំខាងមុខៗ”។

EducationUSA គឺជាបណ្តាញមួយនៃមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិចំនួនជាង ៤០០ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមាននៅតាមប្រទេសចំនួនជាង ១៧០។ មជ្ឈមណ្ឌលទាំងនេះ  ផ្តល់ព័ត៌មានស្តីពីស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងការណែនាំដល់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដាក់ពាក្យទៅសិក្សានៅសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌល EducationUSA ដែលផ្តល់ប្រឹក្សានៅកម្ពុជាមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា។

ធនធានព័ត៌មានមួយទៀតដែលស្ថានទូតអាមេរិកអាចផ្តល់អោយបាន សំរាប់ប្រជាជនកម្ពុជាដែលមានការចាប់អារម្មណ៍ចង់សិក្សានៅក្នុងសហរដ្ឋអាមេរិក គឺបណ្ណាល័យរបស់ស្ថានទូតអាមេរិក។ ដោយមានទីតាំង ស្ថិតនៅក្រុងភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និងខេត្តកំពង់ចាម បណ្ណាល័យនិមួយៗរបស់ស្ថានទូតអាមេរិក មានសៀវភៅនិងព័ត៌មានផ្សេងៗ ឯកសារណែនាំសំរាប់សិស្ស និស្សិតជាច្រើនជាភាសាអង់គ្លេស គេហទំព័រស្តីពី សាកលវិទ្យាល័យនិងអាហារូបករណ៍ ឯកសារត្រៀមសំរាប់ការធ្វើតេស្ត និងព័ត៌មានស្តីពីទិដ្ឋាការសិស្ស។

ចំពោះពត៌មានបន្ថែម សូមចូលអានអំពីមជ្ឈមណ្ឌល EducationUSA និងបណ្ណាល័យរបស់ស្ថានទូតអាមេរិក នៅកម្ពុជា ៕