របាយការណ៍​បង្ហាញ​ពី​កំណើន​យ៉ាង​ច្រើន​នៃ​ចំនួន​និស្សិត​កម្ពុជា ដែល​សិក្សា​នៅ​សហរដ្ឋ​អាមេរិក

ចេញថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ឈ្មោះ Open Doors ស្តីពី​ការ​ផ្លាស់ប្តូរ​ជា​អន្តរជាតិ​ផ្នែក​ការ​សិក្សា​អប់រំ ដែល​បាន​ចេញ​ថ្មី​ៗ​នេះ  ចំនួន​និស្សិត​អន្តរជាតិ​ដែល​សិក្សា​នៅ​ស្ថាប័ន​ឧត្តមសិក្សា នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង​ចំនួន ១០​% ដល់​ចំនួន​ដែល​មិន​ដែល​មាន​ពី​មុន​មក គឺ​ចំនួន ៩៧៤ ៩២៦ នាក់ នៅ​ក្នុង​ឆ្នាំ​សិក្សា ២០១៤​/​២០១៥​។

របាយការណ៍​នេះ​បង្ហាញ​ផង​ដែរ​ថា ចំនួន​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​កំណើន​ពី​៤៣២​នាក់ នៅ​ឆ្នាំ​២០១៣​-​២០១៤ ដល់ ៤៩២ នាក់ នៅ​ឆ្នាំ ២០១៤ – ២០១៥ ដែល​ជា​កំណើន​រហូត​ដល់ ១៤​%​។

លោក Jay Raman មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា “​ការ​អង្កេត​ថ្មី​បំផុត​របស់​របាយការណ៍ Open Doors បង្ហាញ​អោយ​ឃើញ​ថា និស្សិត​កម្ពុជា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​សិក្សា ហើយ​ចេះ​និយាយ​ភាសា​អង់គ្លេស ពិត​ជា​អាច​សំរេច​គោលដៅ​របស់​គេ​បាន នៅ​ក្នុង​ការ​សិក្សា​នៅ​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ ក្នុង​សហរដ្ឋ​អាមេរិក​។ ស្ថានទូត​អាមេរិក និង​មជ្ឈមណ្ឌល EducationUSA ដែល​ជា​ដៃគូ​របស់​យើង ចាំ​ជួយ​ក្នុង​គ្រប់​ដំណាក់កាល រាប់​ពី​ពេល​ជ្រើសរើស​មហាវិទ្យាល័យ ដល់​ពេល​ដាក់​ពា្យសុំ​អាហារូបករណ៍ និង​សុំ​ជំនួយ​ថវិកា​”​។

មជ្ឈមណ្ឌល EducationUSA គឺ​ជា​បណ្តាញ​នៃ​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ចំនួន​ជាង ៤០០ របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​តាម​ប្រទេស​ចំនួន​ជាង ១៧០ ដែល​ផ្តល់​ប្រឹក្សា​ដល់​និស្សិត​អន្តរជាតិ​។ មជ្ឈមណ្ឌល​ទាំង​នេះ​ផ្តល់​ព័ត៌មាន​ស្តីពី​ស្ថាប័ន​អប់រំ​នៅ​សហរដ្ឋ​អាមេរិក និង​ការ​ណែនាំ​ដល់​អ្នក​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ដាក់​ពាក្យ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​។ មាន​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ចំនួន​ពីរ​នៅ​រាជធានី​ភ្នំពេញ ដោយ​មួយ​ស្ថិត​នៅ​ក្នុង​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​នៃ​កម្ពុជា និង​មួយ​ទៀត​ស្ថិត​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

កន្លែង​ផ្តល់​ព័ត៌មាន​មួយ​ទៀត​ដែល​ស្ថានទូត​អាមេរិក​មាន​សំរាប់​ប្រជាជន​កម្ពុជា​ដែល​មាន​ការ​ចាប់​អារម្មណ៍​ចង់​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក គឺ​បណ្ណាល័យ​ស្ថាន American Corners​។ ដោយ​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប បាត់ដំបង និង​ខេត្ត​កំពង់ចាម បណ្ណាល័យ​ American Corner និមួយ​ៗ​មាន​សៀវភៅ និង​ព័ត៌មាន​នានា​ជា​ច្រើន​ជា​ភាសា​អង់គ្លេស ឯកសារ​ណែនាំ​ដល់​សិស្ស និង​អាសយដ្ឋាន​នៃ​គេហទំព័រ​ស្តីពី​សាកលវិទ្យាល័យ និង​អាហារូបករណ៍ ឯកសារ​ត្រៀម​រៀបចំ​សំរាប់​ការ​ធ្វើ​តេស្ត និង​ព័ត៌មាន​ស្តីពី​ទិដ្ឋាកា​សំរាប់​សិស្ស​។

ការ​កើន​ឡើង​ចំនួន ១០​% ក្នុង​ចំនួន​និស្សិត​អន្តរជាតិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គឺ​ជា​អត្រា​កំណើន​ខ្ពស់​បំផុត នៅ​ក្នុង​រយៈពេល ៣៥ ឆ្នាំ​មក​នេះ​។ ការ​កើន​ឡើង​នេះ​ត្រូវ​បាន​រាយការណ៍​មក​ថា មាន​នៅ​តាម​រដ្ឋ​ចំនួន ៤៤​។ ការ​ចំណាយ​របស់​និស្សិត​បរទេស នៅ​ក្នុង​រដ្ឋ​ទាំង ៥០ បាន​រួម​ចំណែក​ប្រាក់​ចំនួន​ជាង ៣០ ពាន់​លាន​ដុល្លា​អាមេរិក ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០១៤ ដោយ​មាន​កំណើន​ជាង ៣ ពាន់​លាន​ដុល្លា​អាមេរិក គិត​ពី​ឆ្នាំ​២០១៣ មក​។ និស្សិត​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​មក​ពី​តំបន់​អាមេរិក​ឡាទីន និង​តំបន់​ការ៉ាអ៊ីប មាន​អត្រា​កើន​ឡើង​លឿន​ជាង​គេ តែ​កំណើន​ដ៏​ច្រើន​ក៏​ត្រូវ​បាន​ឃើញ​ផង​ដែរ​មក​ពី​តំបន់អាស៊ី មជ្ឈឹមបូព៌ា អាហ្រ្វិក​ខាង​ជើង និង​តំបន់​សាហារ៉ា​ខាង​ក្រោម​នៃ​ទ្វីប​អាហ្វ្រិក​។

ការ​ចេញ​របាយការណ៍ Open Doors ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​សប្តាហ៍​នៃ​ការ​អប់រំ​អន្តរជាតិ ដែល​អបអរ និង​ជំរុញ​ការ​ផ្លាស់ប្តូរ​គ្នា និង​ការ​អប់រំ​អន្តរជាតិ នៅ​ទូទាំង​ពិភពលោក​។ សប្តាហ៍​នេះ​ត្រូវ​បាន​រួម​គ្នា​រៀបចំ​ដោយ​ក្រសួង​ការបរទេស និង​ក្រសួង​អប់រំ​នៃ​សហរដ្ឋ​អាមេរិក​។

ចំពោះ​ព័ត៌មាន​បន្ថែម​ស្តីពី​របាយការណ៍ Open Doors នៅ​ឆ្នាំ​នេះ និង​សប្តាហ៍​នៃ​ការ​អប់រំ​អន្តរជាតិ សូម​ទាក់ទង​មក ECA-Press@state.gov ឬ (202) 632-6452 ឬ​ចុច​ link ​នេះ និង link នេះ

ចំពោះ​ព័ត៌មាន​លំអិត​បន្ថែម សូម​​ចូល​ទៅ​​ទំព័រ​​របស់​មជ្ឈមណ្ឌល EducationUSA និង​បណ្ណាល័យ American Corners នៅ​កម្ពុជា​។