ការបញ្ចាំងខ្សែភាពយន្តឯកសារអាមេរិក “Generation Startup”

ចេញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសថា ផលិតករភាពយន្តអាមេរិក ឈ្មោះ Cheryl Miller Houser នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៨ ដើម្បីបញ្ចាំងភាពយន្តឯកសារមួយ ស្តីពីសហគ្រិនអាមេរិកវ័យក្មេង ដែលមានចំណងជើងថា “ក្រុមហ៊ុនករកើតថ្មីតាមជំនាន់” (Generation Startup) ។

ភាពយន្តឯកសារនេះនិយាយពីខ្សែជួរមុខនៃភាពជាសហគ្រិន នៅប្រទេសអាមេរិក ដោយបង្ហាញពីការតស៊ូ និងជោគជ័យរបស់និស្សិត ៦ រូបដែលទើបរៀនចប់មហាវិទ្យាល័យ ហើយហ៊ានប្រថុយអ្វីៗទាំងអស់ ដើម្បីបង្ករបង្កើតក្រុមហ៊ុនមួយ នៅ Detroit ។ ភាពយន្តនេះត្រូវបានថតអស់រយៈពេល ១៧ ខែ ហើយពិនិត្យមើលដោយត្រង់ និងក្នុងលក្ខណៈជាក់ស្តែង ទៅលើអ្វីដែលគេត្រូវមានសំរាប់បង្កើតមុខជំនួញមួយជាលើកដំបូង។ ភាពយន្តនេះត្រូវបានដឹកនាំដោយ Cynthia Wade ដែលធ្លាប់ទទួលរង្វាន់ Academy Award និងផលិតករភាពយន្តដែលធ្លាប់បានទទួលរង្វាន់ ឈ្មោះ Cheryl Miller Houser ហើយអបអរភាពចំរុះគ្នា ការធ្វើអោយតំបន់ទីក្រុងមានភាពរស់រវើកឡើង និងការហ៊ានប្រថុយ។

បំណងនៃកម្មវិធីបញ្ចាំងភាពយន្តអាមេរិកនេះគឺដើម្បីបង្កើនការយល់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយភ្ជាប់ការទាក់ទងគ្នារវាងអ្នកឯកទេសភាពយន្តអាមេរិក និងយុវជន និងផលិតករភាពយន្តកម្ពុជា តាមរយៈការបញ្ចាំងភាពយន្ត សិក្ខាសាលា និងការពិភាក្សាជាមួយក្រុមវាគ្មិន ស្តីពីប្រធានបទទាក់ទងនឹងភាពយន្ត ដែលរួមមានភាពជាសហគ្រិន និងការផ្តល់អំណាចដល់ស្រ្តី។

អ្នកសារព័ត៌មានត្រូវបានអញ្ជើញអោយយកព័ត៌មានពីការបញ្ចាំងភាពយន្តនេះ តាមកម្មវិធីដូចខាងក្រោមនេះ៖

ថ្ងៃព្រហស្បតិ៍ ទី ១៧ ឧសភា
ពីម៉ោង ៦:០០ ដល់ម៉ោង ៨:០០ យប់ ការបញ្ចាំងភាពយន្ត និងការពិភាក្សា
ទីកន្លែង Raintree Cambodia
ទស្សនិកជន សហគ្រិនវ័យក្មេង
ភាពយន្ត មានរយៈពេល ៣០ នាទី

ថ្ងៃសៅរ៍ ទី ១៩ ឧសភា
ពីម៉ោង ៥:៣០ ដល់ម៉ោង ៨:០០ យប់ ការបញ្ចាំងភាពយន្តជូនសាធារណជន និងសំណួរ ចំលើយ
ទីកន្លែង Major Cineplex ផ្សារទំនើបសូរិយា
ទស្សនិកជន អាជីវករ និងសិស្ស និស្សិត
ភាពយន្ត មានរយៈពេល ៩០ នាទី

គេហទំព័រផ្លូវការនៃភាពយន្ត និងប្រវត្តិរូបនៃផលិតករភាពយន្ត៖
http://www.generationstartupthefilm.com/

ព័ត៌មានសំរាប់អ្នកសារព័ត៌មានធ្វើការទាក់ទង
David Josar, Information Officer
(+855)23-728-163;
JosarDJ@state.gov

ព័ត៌មានសំរាប់ទាក់ទងផ្នែកវប្បធម៌
Monica Davis, Cultural Affairs Officer
(+855) 23-728-162, (+855)15-309-333;
DavisML3@state.gov