ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ ដោយសហការជាមួយមជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមនៅក្នុងការបញ្ចាំងជាអន្តរជាតិលើកដំបូងនូវភាពយន្តឯកសារថ្មីដែលមានចំណងជើងថា “វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ” ដែលផលិតដោយអ្នកផលិតភាពយន្តឯកសារអាមេរិក ឈ្មោះ Arthur Dong។ ការបញ្ចាំងនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៥:៣០ ល្ងាច នៅរោង Major Cineplex by Cellcard ជាន់ទី២ ក្នុងផ្សាទំនើបអេអន។ ការបញ្ចាំងនេះ គឺសំរាប់តែអ្នកដែលមាន សំបុត្រអញ្ជើញតែប៉ុណ្ណោះ។ ការបញ្ចាំងជាបន្ថែមទៀតនឹងបើកអោយសាធារណជនចូលមើលតាមពេលវេលា និងទីកន្លែងដូចខាងក្រោមនេះ៖
- ថ្ងៃទី២២ សីហា ម៉ោង ៦:៣០ ល្ងាច នៅសាលាបឋមសិក្សាស្មៅ ខ្ញី ហាំង ង៉ោ ខេត្តតាកែវ
- ថ្ងៃទី២៥ សីហា ម៉ោង ៦:៣០ ល្ងាច នៅអង្គការហ្វាពន្លឺសិល្បៈ ខេត្តបាត់ដំបង
- ថ្ងៃទី២៦ សីហា ម៉ោង ៦:៣០ ល្ងាច នៅមជ្ឈមណ្ឌលខេមរសិក្សា (CKS) វត្តដំណាក់ ខេត្តសៀមរាប
- ថ្ងៃទី២៨ សីហា ម៉ោង ៣:00 រសៀល នៅរោងភាពយន្ត Major Cineplex by Cellcard ជាន់ទី២ ក្នុងផ្សាទំនើបអេអន ភ្នំពេញ
ភាពយន្តឯកសារស្តីពីវាលពីឃាតនេះរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ រៀបរាប់ពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា តាមរយៈពាក្យសំដី និងរឿងរ៉ាវរបស់មនុស្សម្នាក់ក្នុងចំណោមមនុស្សល្បីៗជាច្រើននាក់ដែលបានរួចជីវិត។ លោក ហាំង ង៉ោ គឺជាវេជ្ជបណ្ឌិត និងជាអ្នកសំដែងភាពយន្ត ដែលមនុស្សជាច្រើនបានស្គាល់លោកតាមរយៈការដើរតួជាអ្នកសារព័ត៌មានឈ្មោះ ឌិត ប្រន នៅក្នុងភាពយន្តវាលពិឃាត ដែលផលិតក្នុងឆ្នាំ១៩៨៤ ដោយការសំដែងរបស់លោកក្នុងភាពយន្តនេះធ្វើអោយលោកទទួលបានរង្វាន់ Academy Award ក្នុងឆ្នាំ ១៩៨៥ ចំពោះការសំដែងបានល្អបំផុតជាតួរង។ លោក ហាំង ង៉ោ បានទៅរស់នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីបានរួចជីវិតពីរបបខ្មែរក្រហម ហើយបានស្លាប់នៅក្នុងឆ្នាំ ១៩៩៦។ អ្នកសារព័ត៌មានដែលចង់យកព័ត៌មានពីការបញ្ចាំងភាពយន្តឯកសារនេះ ត្រូវចុះឈ្មោះជាមួយផ្នែក កិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក តាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬតាមអ៊ីម៉េលPHPPASPress@state.gov ត្រឹមថ្ងៃពុធ ទី១៩ ខែសីហា វេលាម៉ោង ៥ រសៀល ៕