លោក​រដ្ឋមន្រ្តី Kerry ចុះ​ហត្ថលេខា​ជាមួយ​មេ​ដឹកនាំ​ពិភពលោក លើ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ

ចេញថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៦

នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នឹង​ចូលរួម​ជាមួយ​មេ​ដឹកនាំ​ពិភពលោក ក្នុង​ចំនួន​ច្រើន​បំផុត ដែល​មិន​ដែល​មាន​ពី​មុន​មក នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថ្នាក់​​ខ្ពស់​ជា​ប្រវត្តិសាស្រ្ត​មួយ លើ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស នៅ​ឯ​ទីស្នាក់ការ​ធំ​​របស់​សហប្រជាជាតិ នៅ​ក្រុង New York ។ ពិធី​នេះ ដែល​កោះ​អោយ​មាន​ឡើង​ដោយ​លោក Ban Ki-moon អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជា​ជាតិ គឺ​ជា​ជំហាន​ដំបូង​មួយ​ក្នុង​ការ​អនុវត្តកិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ដែល​ត្រូវ​បាន​អនុម័ត​នៅ​ទីក្រុង​ប៉ារីស នៃ​​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុង​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែ​​ប្រួល​អាកាសធាតុ​។

បន្ទាប់​ពី​ចុះ​ហ​ត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស បណ្តា​ប្រទេស​ទាំង​ឡាយ​ត្រូវ​តែ​ចាត់​វិធានការ​​ចាំ​បាច់​នៅ​ក្នុង​ប្រទេស ដើម្បី​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​។ លោក​ប្រធានាធិបតី Obama បាន​ប្រកាស​រួច​​ហើយ​​នូវ​បំណង​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​​នេះ នៅ​ឆ្នាំ​នេះ ដែល​ជា​ជំហាន​មួយ​មិន​តំរូវ​​អោយ​ឆ្លង​កាត់​សភា​សហរដ្ឋ​អាមេរិក​ទេ​។ កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​រយៈពេល ៣០ ថ្ងៃ បន្ទាប់​ពី​ប្រទេស​ចំនួន​យ៉ាង​ហោច​ណាស់ ៥៥ ដែល​ធ្វើ​ការ​បញ្ចេញ​ជាតិ​ពុល​យ៉ាច​ហោច​ណាស់ ៥៥​% ទៅ​​ក្នុង​​បរិយាកាស​ពិភពលោក ចូលរួម​ជា​ផ្លូវការ នៅ​ក្នុង​កិច្ច​ព្រមព្រៀង​​នេះ​។

ជា​ផ្នែក​មួយ​នៃ​ពិធី​នេះ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក John Kerry នឹង​ថ្លែង​សុន្ទរកថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេសា នៅ​ឯ​អង្គការ​សហប្រជាជាតិ​។ សុន្ទរកថា​របស់​លោក​នឹង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម www.state.gov