មេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ចំនួន ៧២ នាក់ ក្នុងអាយុចន្លោះពី១៨ ដល់២៥ឆ្នាំ ដែលតំណាងអោយប្រទេសអាស៊ានទាំង១០ នឹងជួបគ្នា នៅក្នុងសិក្ខាសាលាមួយដែលមានឈ្មោះថា “ជំនាន់នៃកម្មវិធីគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍៖ ផែនដី” (YSEALI Generation:EARTH)។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។
ការផ្លាស់ប្តូរគ្នានេះនៅក្នុងតំបន់ ដែលបានទទួលការឧបត្ថម្ភថវិកាតាមរយៈស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយដែលចាត់ចែងដោយអង្គការ Cultural Vistas ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត សាខាខេត្តសៀមរាប គឺជាផ្នែកមួយនៃកម្មវិធីរបស់លោកប្រធានាធិបតី Obama ស្តីពីគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ។
ចំណុចផ្តោតសំខាន់នៃការផ្លាស់ប្តូរគ្នា ថ្នាក់តំបន់នៃជំនាន់របស់ YSEALI គឺដើម្បីធ្វើអោយមានការយល់ស៊ីជំរៅ ទៅលើបញ្ហាប្រឈមផ្នែកបរិស្ថាន ដែលតំបន់អាស៊ាន និងតំបន់ដទៃទៀតកំពុងមាន។ ព្រឹត្តិការណ៍រយៈពេល ៤ ថ្ងៃនេះនឹងបង្កើនជំនាញ ក្នុងភាពជាអ្នកដឹកនាំ ឱកាសក្នុងការធ្វើទំនាក់ទំនងគ្នាជាបណ្តាញ ផ្តល់ការណែនាំនិងមធ្យោបាយ សំរាប់អោយអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ធ្វើការសហការគ្នាប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន។
លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន សាយ សំអាល់ និងឯកឧត្តមបណ្ឌិត អ៊ឹម គុច រដ្ឋលេខាធិការក្រសួងអប់រំ នឹងឡើងថ្លែងនៅក្នុងពិធីបើកនៃសិក្ខាសាលា នៅថ្ងៃពុធ ទី២២ ខែមេសា ដែលត្រូវនឹងទិវាភពផែនដី។
សិក្ខាសាលារយៈពេល ៤ ថ្ងៃនេះនឹងមានបឋកថាជាបន្តបន្ទាប់គ្នា ស្តីពីបញ្ហាបរិស្ថានក្នុងតំបន់ និងក្នុងសាកលលោក ការពិភាក្សាគ្នា និងការចុះមូលដ្ឋាននៅជុំវិញខេត្តសៀមរាប ដែលបង្ហាញរូបភាពជាក់ស្តែងនៃមេរៀន ដែលគេបានរៀនមក ហើយបង្ហាញពីធនធានវប្បធម៌ ដែលប្រទេសកម្ពុជាកំពុងតែខំការពារប្រឆាំងនឹងការលូតលាស់ដែលមិនធានានិរន្តភាព ហើយនិងការប្រែប្រួលអាកាសធាតុ។
មេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ដែលចូលរួមនៅក្នុងសិក្ខាសាលានេះ នឹងត្រូវបានបែងចែកជា ១២ ក្រុមដែលមានសមាជិកមកពីប្រទេសចំរុះ ហើយដែលដឹកនាំដោយ “អ្នកណែនាំដឹកនាំ” ពីរនាក់ ដោយម្នាក់តំណាងអោយសមាគមអាស៊ាន ហើយម្នាក់ទៀតមកពីសហរដ្ឋអាមេរិក។
ក្រុមនេះនឹងផ្តោតការយកចិត្តទុកដាក់លើការបង្កើនជំនាញ ដោយប្រើជំនាញនៅក្នុងស្ថានភាពជាក់ស្តែង។ គេនឹងរៀបចំផែនការសកម្មភាពសំរាប់ដោះស្រាយបញ្ហាបរិស្ថាន ហើយរួមគ្នាអនុវត្តដំណោះស្រាយ នៅទូទាំងតំបន់។ នៅពេលចប់សិក្ខាសាលា អ្នកដឹកនាំយុវជននឹងអាចជួយរៀបចំសហគមន៍របស់គេ សំរាប់ផែនដីដែលកំពុងមានការប្រែប្រួល តាមរយៈយុទ្ធសាស្រ្តដែលមានការសហការគ្នាច្រើន ស្តីពីនិរន្តភាពបរិស្ថាន។
សិក្ខាសាលា YSEALI នឹងផ្តល់ផងដែរអោយអ្នកចូលរួមនូវឱកាសបានរៀនសូត្រអំពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអាស៊ាន ហើយពង្រឹងជំនាញលើការតស៊ូមតិ ការងារតាមមូលដ្ឋាន (Outreach) ការគ្រប់គ្រងគំរោង និងការអភិវឌ្ឍផ្នែកធនធាន និងការអភិវឌ្ឍភាពជាដៃគូ។
បន្ទាប់ពីសិក្ខាសាលាទៅក្រុមៗ ដែលមានសមាជិកមកពីប្រទេសផ្សេងៗទាំងអស់នឹងអាចទទួលបានអំណោយថវិកាចំនួន ១ ២៥០ ដុល្លាអាមេរិក ជាថវិកាដំបូងសំរាប់អនុវត្តផែនការសកម្មភាពរបស់គេ ដោយក្រុមដែលមានផែនការល្អជាងគេនឹងមានឱកាសធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាទាក់ទងនឹងភាពជាអ្នកដឹកនាំផ្នែកបរិស្ថានរបស់ YSEALI នៅចុងរដូវស្លឹកឈើជ្រុះនេះ។ លើសពីនេះទៀត អ្នកចូលរួមសិក្ខាសាលាពីរនាក់ ដែលមានភាពលេចធ្លោជាងគេក្នុងការតស៊ូមតិផ្នែកបរិស្ថាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងទទួលបានឱកាសហាត់ការនៅតាមអង្គការមិនមែនរដ្ឋាភិបាល ក្នុងសហរដ្ឋអាមេរិក។
YSEALI គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាបន្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលមានប្រជាជនចំនួន ២ ភាគ ៣ នៃប្រជាជនពិភពលោក ហើយស្ថិតនៅក្នុងចំណោមតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេរបស់ពិភពលោក។
លោកប្រធានាធិបតី Obama បានធ្វើការសំរេចចិត្តជាយុទ្ធសាស្រ្ត នៅដើមរដ្ឋការរបស់លោក ដើម្បីបំបែរការយកចិត្តទុកដាក់នៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក មកតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមើលឃើញថា សន្តិសុខ និងវិបុលភាពទៅអនាគតរបស់ប្រទេសមានការទាក់ទងនឹងសន្តិសុខនិងវិបុលភាព នៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកកំពុងតែបង្កើនបន្ថែមនូវវត្តមានដ៏សកម្ម និងយូរអង្វែងរបស់ខ្លួន នៅក្នុងតំបន់ ក្នុងនាមជាប្រទេសមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
គំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YESALI)
ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ YSEALI គឺជាកម្មវិធីមួយរបស់លោកប្រធានាធិបតី Barack Obama ដើម្បីពង្រឹងការអភិវឌ្ឍនៃភាពជាអ្នកដឹកនាំនៅទូទាំងតំបន់អាស៊ាន ធ្វើអោយការទាក់ទងនិងការចូលរួមជាមួយមេដឹកនាំយុវជនលើបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់និងក្នុងសាកលោកមានភាពជ្រាលជ្រៅ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។ ដោយមើលឃើញថា ៦៥% នៃប្រជាជននៅក្នុងតំបន់អាស៊ានស្ថិតក្នុងអាយុក្រោម ៣៥ ឆ្នាំ YSAELI គឺជាការវិនិយោគដ៏សំខាន់មួយ ទៅលើមេដឹកនាំយុវជនជំនាន់ក្រោយនៅអាស៊ីអាគ្នេយ៍។