ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​សង្គ្រាម​វៀតណាម​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ

ចេញថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៥

នៅ​ថ្ងៃ​ទី​២១ សីហា ទីភ្នាក់ងារ​ទទួល​បន្ទុក​ទាហាន​បាត់​ខ្លួន​របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក (DPAA) បាន​ប្រកាស​ថា អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​វៀតណាម ត្រូវ​បាន​រក​ឃើញ ហើយ​នឹង​ត្រូវ​បាន​បញ្ចុះ ក្នុង​កិត្តិយស​យោធា​ពេញលេញ​។

វរសេនីយ​ត្រី Dale W. Richardson អាយុ ២៨ ឆ្នាំ មក​ពី Mount Sterling រដ្ឋ Illinois នឹង​ត្រូវ​បាន​បញ្ចុះ​នៅ Mountain View ក្នុង​រដ្ឋ Arkansas ។ Richardson បំរើ​នៅ​ក្នុង​កង​វរសេនា​តូច​ទី​២ ក្នុង​កងវរសេនា​ធំ​រថពាស​ដែក​ទី​២៤ នៃ​កង​ពល​ធំ​ជើង​គោក​ទី​១ ហើយ​ជា​អ្នក​ដំណើរ​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ Huey ដែល​កំពុង​ហោះ​ទៅ​កាន់​មូលដ្ឋាន​ផ្តល់​ជំនួយ Kantum នៅ​ប្រទេស​វៀតណាម​ខាង​ត្បូង តែ​ឧទ្ធម្ភាគចក្រ​នោះ​ត្រូវ​បង្វែរ​ទិស​ដោយសារ​អាកាសធាតុ​មិន​ល្អ​។ បន្ទាប់​ពី​ហោះ​ចូល​ដែន​អាកាស​នៃ​ប្រទេស​កម្ពុជា ឧទ្ធម្ភាគចក្រ​នោះ​បាន​រង​ការ​បាញ់​យ៉ាង​ខ្លាំង​ពី​ក្រោម ដែល​បណ្តាល​អោយ​អ្នក​បើក​ត្រូវ​ធ្វើ​ការ​ចុះចត​ជា​បន្ទាន់ នៅ​ខេត្ត​កំពង់ចាម​។ នាវិក​ទាំង​៤​នាក់ និង​អ្នក​ដំណើរ​ទាំង​៤ នាក់​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​នៅ​រស់​ជីវិត​បន្ទាប់​ពី​ការ​ចុះចត​។ នាវិក​ម្នាក់​បាន​រួច​ខ្លួន​ពី​ការ​ចាប់​ខ្លួន​របស់​សត្រូវ ហើយ​បាន​វិល​មក​ដល់​ខ្សែ​ត្រៀម​របស់​ខាង​ខ្លួន​។ នាវិក ៣ នាក់​ទៀត និង​អ្នក​ដំណើរ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។ នាវិក ២ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​ដោះ​លែង​វិញ​ដោយ​វៀតណាម នៅ​ក្នុង​ឆ្នាំ ១៩៧៣ ហើយ​អដ្ឋិធាតុ​របស់​បុរស ២ នាក់​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​ប្រគល់​អោយ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ហើយ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណកម្ម​។ Richardson បាន​ស្លាប់​នៅ​កន្លែង​ចុះចត នៅ​ក្នុង​ពេល​បាញ់​ត​គ្នា​ជាមួយ​កំលាំង​សត្រូវ​។ អិដ្ឋធាតុ​របស់​គាត់​មិន​ត្រូវ​បាន​គេ​យក​មក​ទេ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​នោះ​។

ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០០៨ ក្រុម​ស្រាវជ្រាវ​រួម​គ្នា កម្ពុជា អាមេរិក​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ទីតាំង​នោះ តែ​មិន​បាន​ជោគជ័យ​ទេ​។ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ក្រុម​ស្រាវជ្រាវ​រួម​គ្នា​មួយ​បាន​សំភាសន៍​សាក្សី​នៅ​ស្រុក​មេមត់ ដែល​បាន​អះអាង​ថា បាន​ដឹង​ពី​ការ​បាត់បង់​នោះ​។ សាក្សី​នោះ​បាន​ប្រាប់​ពី​កន្លែង​កប់​​សព​។ ក្រុម​នោះ​បាន​កកាយ​កន្លែង​កប់​សព តែ​នៅ​តែ​រក​មិន​ឃើញ​អដ្ឋិធាតុ​។

ពី​ថ្ងៃ​ទី​១៦ មករា ដល់​ថ្ងៃ​ទី​១១ មិនា ឆ្នាំ​២០១១ ក្រុម​ស្រាវជ្រាវ​រួម​គ្នា​កម្ពុជា អាមេរិក​បាន​គាស់​កកាយ​កន្លែង​នោះ តែ​រក​មិន​ឃើញ​អិដ្ឋធាតុ​របស់​នាវិក​នោះ​ទេ​។

នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១២ ក្រុម​ស្រាវជ្រាវ​រួម​គ្នា កម្ពុជា អាមេរិក​មួយ​ក្រុម​ទៀត បាន​ធ្វើការ​សំភាសន៍​ម្តង​ទៀត​ជាមួយ​សាក្សី ២ នាក់ ដែល​បាន​ប្រាប់​កន្លែង​កប់​ទី​២ នៅ​ក្បែរ​កន្លែង​កាយ​លើក​មុន​។ ក្រុម​ស្រាវជ្រាវ​នោះ​ក៏​បាន​រក​ឃើញ​អិដ្ឋធាតុ​មនុស្ស និង​គ្រឿង​ប្រដាប់​យោធា​ពី​ក្នុង​ផ្នូរ​តែ​មួយ​។

នៅ​ក្នុង​ការ​កំណត់​អត្តសញ្ញាណកម្ម​របស់ Richardson អ្នក​វិទ្យាសាស្រ្ត​របស់ DPAA និង​មន្ទីរ​ពិសោធន៍​កំណត់​ឌីអិនអេ​របស់​កងទ័ព (AFDIL) បាន​វិភាគ​លើ​ភស្តុតាង ដែល​សំអាង​លើ​ហេតុការណ៍ ហើយ​បាន​ប្រើ​ឧបករណ៍​កំណត់​កោសល្យវិច្ច័យ ហើយ​បាន​កំណត់​ថា ឌីអិនអេ​នៃ​អិដ្ឋធាតុ​នោះ​ត្រូវ​គ្នា​ជាមួយ​នឹង​ឌីអិនអេ​របស់​ប្អូន​ស្រី​គាត់​។

នៅ​ថ្ងៃ​ទី​៣១ ខែ​មិនា ឆ្នាំ​២០១៥ DPAA បាន​ប្រកាស​អិដ្ឋធាតុ​នៃ​យុទ្ធជន ២ នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​តែ​មួយ ក្នុង​ស្រុក​មេមត់ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​ពី​មុន ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម​។ ពលបាល Bunyan D. Price អាយុ ២០ ឆ្នាំ មក​ពី​តំបន់ Monroe ក្នុង​រដ្ឋ North Carolina និង​ពលបាល Rodney L. Griffin អាយុ ២១ ឆ្នាំ មក​ពី​ក្រុង Mexico នៃ​រដ្ឋ Missouri ដែល​បំរើ​នៅ​ក្នុង​កងវរសេនា​តូច​ទី​២ ក្នុង​កងវរសេនា​ធំ​រថពាស​ដែក​ទី ៣៤  នៃ​កងពល​ធំ​ថ្មើ​ជើង​ទី​២៥ កំពុង​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ Huey ជាមួយ Richardson ។ Price ត្រូវ​បាន​បញ្ចុះ​នៅ​ថ្ងៃ​ទី​១១ មេសា នៅ Belmont រដ្ឋ North Carolina ហើយ Griffin ត្រូវ​បាន​បញ្ចុះ​នៅ​ថ្ងៃ​ទី​២៥ មេសា នៅ​ក្រុង Mexico រដ្ឋ Missouri ក្នុង​កិតិ្តយស​យោធា​ពេញលេញ​សំរាប់​អ្នក​ទាំង​ពីរ​។

នៅ​ពេល​នេះ មាន​ទាហាន​អាមេរិក​ចំនួន ១៦២៩ នាក់​នៅ​បាត់​ខ្លួន​នៅ​ឡើយ ក្នុង​សង្រ្គាម​វៀតណាម​។

ចំពោះ​ព័ត៌មាន​បន្ថែម​ស្តីពី​បេសកកម្ម​របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​រុករក​ទាហាន​បាត់​ខ្លួន​អាមេរិក ក្នុង​ពេល​ដែល​ពួកគេ​បំរើ​មាតុភូមិ​របស់​គេ សូម​ចូល​មើល​គេហទំព័រ​របស់​ទីភ្នាក់ងារ DPAA ដែល​មាន​អាសយដ្ឋាន www.dpaa.mil ឬ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លេខ (៧០៣) ៦៩៩ ១១៦៩ ។