ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
សហរដ្ឋអាមេរិកមានការសោកស្តាយដែលការបោះឆ្នោតសភានៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា គ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាងអោយឆន្ទៈរបស់ប្រជាជនកម្ពុជា។ ការបោះឆ្នោតដែលមានកំហុសឆ្គងនេះ ដែលបានផាត់ចេញនូវគណបក្សប្រឆាំងសំខាន់ជាងគេនៅកម្ពុជា គឺជាបរាជ័យមួយយ៉ាងធំបំផុតចំពោះប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធមុ្មនុញ្ញនៃប្រទេសកម្ពុជា ហើយកាត់បន្ថយយ៉ាងច្រើននូវការសំរេចបានរបស់ប្រទេសកម្ពុជា នៅក្នុងការជំរុញការផ្សះផ្សានយោបាយ និងកំណើនសេដ្ឋកិច្ច តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។
យើងមានការខកខិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលកម្ពុជាសំរេចដកសិទ្ធិបោះឆ្នោតពីអ្នកបោះឆ្នោតរាប់លាននាក់ ដែលមានមោទនភាពដោយត្រឹមត្រូវ ចំពោះការអភិវឌ្ឍន៍នៃប្រទេសរបស់គេ នៅក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ លទ្ធិប្រជាធិបតេយ្យពិតប្រាកដមានការអត់ឱនចំពោះទស្សនៈនយោបាយប្រឆាំង ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោត និងជំរុញហើយការពារការផ្លាស់ប្តូរមតិយោបល់ដោយសេរី។ ផ្ទុយទៅវិញ នៅក្នុងរយៈពេលប៉ុន្មានខែនៅមុនការបោះឆ្នោតនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើការរឹតត្បិតកាន់តែខ្លាំង លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល រំលាយគណបក្សប្រឆាំងធំជាងគេ ចាប់មេដឹកនាំបក្សប្រឆាំងដាក់ពន្ធនាគារ និងបានដាក់បំរាមលើមេដឹកនាំជាន់ខ្ពស់នៃគណបក្សនេះមិនអោយចូលរួមនៅក្នុងដំណើរការនយោបាយ។ យុទ្ធនាការបោះឆ្នោតត្រូវបានរារាំងដោយការគំរាមកំហែងរបស់អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានថានឹងដាក់ទោសលើអ្នកដែលសំរេចចិត្តមិនទៅបោះឆ្នោត។ ទង្វើទាំងនេះធ្វើអោយប្រជាជនកម្ពុជាបាត់បង់សំលេង និងសិទ្ធិជ្រើសរើស នៅក្នុងការកំណត់អនាគតនៃប្រទេសរបស់គេ។
សហរដ្ឋអាមេរិកនឹងពិចារណាលើជំហានបន្ថែមទៀត នៅក្នុងការឆ្លើយតបទៅនឹងការបោះឆ្នោតនេះ ហើយនិងដំណើរថយក្រោយដទៃទៀត នៅក្នុងពេលថ្មីៗនេះ នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា ដោយរួមមានការពង្រីកច្រើនថែមទៀតនូវបំរាមលើការផ្តល់ទិដ្ឋាការ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៧។ ទន្ទឹមនឹងនេះ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាចាត់វិធានការច្បាស់លាស់ នៅក្នុងការជំរុញការផ្សះផ្សាជាតិ ដោយអនុញ្ញាតអោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលអាចបំពេញតួនាទីដ៏សំខាន់របស់គេ ដោយគ្មានការរារាំង ដោះលែងលោកកឹម សុខា និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ ហើយបញ្ចប់បំរាមលើការប្រឆាំងផ្នែកនយោបាយ។