សេចក្តីប្រកាសរបស់រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសារព័ត៌មានរបស់សេតវិមាន ស្តីពីការកាត់បន្ថយជំនួយដល់រដ្ឋាភិបាលកម្ពុជា

ចេញថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨

ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានធ្វើជាដៃគូអភិវឌ្ឍន៍យ៉ាងខ្ជាប់ខ្ជួនមួយរបស់ប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកបានរួមចំណែកគិតជាទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារ ក្នុងការលើកស្ទួយការលូតលាស់ផ្នែកសេដ្ឋកិច្ច សង្គម និងប្រជាធិបតេយ្យ នៅកម្ពុជា។ ប៉ុន្តែការដើរថយក្រោយក្នុងពេលថ្មីៗនេះនៃលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា ធ្វើឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដូចជាការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី ២៥ កុម្ភៈ ដែលមិនឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរនោះឡើយ។ការដើរថយក្រោយទាំងនេះបានបង្ខំអោយសហរដ្ឋអាមេរិកពិនិត្យមើលឡើងវិញនូវជំនួយរបស់ខ្លួនដល់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាកុំអោយប្រាក់ពន្ធរបស់ពលរដ្ឋអាមេរិកត្រូវបានប្រើប្រាស់ដើម្បីជួយដល់ទង្វើ ដែលប្រឆាំងលទ្ធិប្រជាធិបតេយ្យ។ ដោយផ្អែកលើការពិនិត្យមើលឡើងវិញនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្អាកឬកាត់កម្មវិធីជំនួយមួយចំនួនផ្នែកយោធា ជំនួយពីទីភ្នាក់ងារ USAID និងជំនួយពីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដែលជួយគាំទ្រអគ្គនាយកដ្ឋានពន្ធដា សមត្ថភាពរបស់អាជ្ញាធររដ្ឋាភិបាលមូលដ្ឋាន និងផ្នែកយោធាកម្ពុជា ដែលសុទ្ធតែមានការពាក់ព័ន្ធនឹងការដើរថយក្រោយទាំងនេះ។ យើងនឹងបន្តគំរោងជាច្រើនក្នុងការជួយដល់ប្រជាជនកម្ពុជា ដូចជាគំរោងក្នុងវិស័យសុខាភិបាល កសិកម្ម ការដោះមីន ការជំរុញសង្គមស៊ីវិល និងផ្នែកចាំបាច់ដទៃទៀត។