ចេញថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧
សហរដ្ឋអាមេរិកសូមសំដែងកង្វល់យ៉ាងជ្រាលជ្រៅចំពោះការរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ដោយរដ្ឋាភិបាលកម្ពុជា គឺគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ដោយផ្អែកលើការចោទប្រកាន់ដែលគ្មានហេតុផលត្រឹមត្រូវ និងមានលក្ខណៈនយោបាយថា គណបក្ស CNRP បានចូលរួមនៅក្នុងការរួមគំនិតដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ពិភពលោកមើលឃើញកាន់តែច្បាស់ថា ការរឹតត្បិតរបស់រដ្ឋាភិបាលកម្ពុជាទៅលើសង្គមស៊ីវិល ការបង្រ្កាបលើផ្នែកសារព័ត៌មាន និងការហាមមេដឹកនាំគណបក្សប្រឆាំងចំនួនជាង ១០០ នាក់ មិនអោយធ្វើសកម្មភាពនយោបាយ បានធ្វើអោយការអភិវឌ្ឍន៍ផ្នែកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាដើរថយក្រោយយ៉ាងច្រើន ហើយបានធ្វើអោយការរីកចំរើនផ្នែកសេដ្ឋកិច្ចនិងកេរ្តិ៍ឈ្មោះជាអន្តរជាតិរបស់ប្រទេសកម្ពុជាប្រឈមនឹងហានិភ័យ។
សហរដ្ឋអាមេរិកនឹងធ្វើតាមជំហានជាក់ស្តែង ក្នុងការឆ្លើយតបនឹងទង្វើដ៏គួរអោយសោកស្តាយយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាលកម្ពុជា។ ជាជំហានដំបូង យើងនឹងបញ្ឈប់ជំនួយដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត កម្ពុជា និងការរៀបចំការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ ខាងមុខនេះ ដោយគណកម្មាធិការនេះ។ នៅក្នុងសភាពបែបនេះ ការបោះឆ្នោតនៅឆ្នាំក្រោយនឹងគ្មានភាពស្របច្បាប់ត្រឹមត្រូវ ភាពសេរី ឬយុត្តិធម៌ឡើយ។
រដ្ឋាភិបាលកម្ពុជានៅមានពេលនៅឡើយ ក្នុងការបង្វែរសកម្មភាពរបស់ខ្លួនមកវិញ។ យើងអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជាកែប្រែទង្វើរបស់ខ្លួនក្នុងពេលថ្មីៗនេះប្រឆាំងនឹងគណបក្ស CNRP ដោះលែងប្រធានគណបក្ស CNRP កឹម សុខា ពីពន្ធនាគារ ហើយអនុញ្ញាតអោយគណបក្សប្រឆាំងនានា សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបន្តធ្វើសកម្មភាពស្របច្បាប់របស់ពួកគេតទៅទៀត។