សេចក្តី​ថ្លែង​​របស់​​លោក​​រដ្ឋមន្រ្តី​​ក្រសួង​​ការបរទេស​អាមេរិក John Kerry ក្នុង​​ទិវា​​សមុទ្រ​​ពិភពលោក

ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦

នៅ​ទិវា​សមុទ្រ​ពិភពលោក យើង​ធ្វើការ​ឆ្លុះ​បញ្ចាំង​លើ​បញ្ហា​ប្រឈម​នៃ​សមុទ្រ​របស់​យើង និង​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ការពារ​ធនធាន​ដែល​ទ្រទ្រង់​ជីវិត​នេះ សំរាប់​មនុស្ស​ជំនាន់​ក្រោយ​។ ការ​ពិត​គឺ​ថា បរិស្ថាន​សមុទ្រ​ដ៏​សំបូរ​បែប​ដែល​ពួកយើង​ជា​ច្រើន​មាន ​នៅ​ក្នុង​ជីវិត​របស់​យើង​ទាំងមូល កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សកម្មភាព​របស់​មនុស្ស​។ បើ​យើង​គ្មាន​ការ​ផ្លាស់ប្តូរ​ការ​គិតគូរ​របស់​យើង​ទេ នោះ​កូនចៅ​របស់​យើង​នឹង​រស់នៅ​ជាមួយ​នឹង​សមុទ្រ​ដែល​មិន​ធ្វើ​អោយ​មាន​សុខភាព​ល្អ មិន​ឆាប់​ប្រែប្រួល​មក​ស្ថានភាព​ល្អ​ឡើង​វិញ និង​មិន​សូវ​អាច​ចិញ្ចឹម​ប្រជាជន​ក្នុង​ពិភពលោក​បាន​ទេ​។

នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​បាន​មើល​ឃើញ​ការ​ផ្លាស់ប្តូរ​។ តំបន់​ដែល​មាន​លក្ខណៈ​ដើម​ពី​ធម្មជាតិ​មាន​តិច​ជាង​មុន​ច្រើន​។ សមុទ្រ​មាន​សំរាម​ច្រើន​ណាស់ មាន​ការ​បំពុល​ដល់​សារធាតុ​ចិញ្ចឹម និង​មាន​ជាតិ​កាបោន​ឌីអុកស៊ីដ​ច្រើន​។ យើង​ត្រូវ​ខិតខំ​ដើម្បី​រក្សា និង​ស្តារ​បរិស្ថាន​សមុទ្រ​អោយ​បាន​ល្អ គ្រប់គ្រង​មច្ឆា​សមុទ្រ​អោយ​ស្ថិត​នៅ​ក្នុង​កំរិត​ដែល​មាន​និរន្តភាព ហើយ​បង្កើត​អោយ​មាន​តំបន់​ការពារ​សមុទ្រ​ថែម​ទៀត ដើម្បី​ការពារ​ផ្នែក​ដែល​ងាយ​រងគ្រោះ​បំផុត​នៃ​សមុទ្រ ដូចជា​កន្លែង​ផ្កា​ថ្ម​។ ទោះបីជា​មាន​និន្នាការ​មិន​ល្អ​ក្តី តែ​ខ្ញុំ​សង្ឃឹម​ថា យើង​ដើរ​មក​ជិត​ដល់​ចំណុច​របត់​មួយ​នៅ​ក្នុង​ការ​យល់​ដឹង​របស់​យើង​ទៅ​លើ​តួនាទី ដែល​យើង​ត្រូវ​មាន នៅ​ក្នុង​ការ​ធ្វើ​អោយ​សមុទ្រ​មាន​ស្ថានភាព​ល្អ​ជា​និរន្ត​។

នៅ​ខែ​កញ្ញា ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​រៀបចំ​សន្និសីទ​លើក​ទី​៣ ក្រោម​ប្រធានបទ “​សមុទ្រ​យើង​” ដើម្បី​ហៅ​អោយ​មក​ជួប​គ្នា​នូវ​អ្នក​មាន​គំនិត​ថ្មី​ៗ​បំផុត​ក្នុង​ពិភពលោក និង​អ្នក​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​ការ​ការពារ​សមុទ្រ​។ តាំង​ពី​យើង​បាន​កោះ​ប្រជុំ​សន្និសីទ​នេះ​ជា​លើក​ដំបូង កាលពី​ឆ្នាំ​២០១៤ សហគមន៍​ពិភពលោក​បាន​រួម​គ្នា​សន្យា​ផ្តល់​ប្រាក់​ចំនួន​ជាង ៤ ពាន់​លាន​ដុល្លា សំរាប់​ការ​អភិរក្ស ហើយ​និង​ការ​សន្យា​ថ្មី​ៗ​ក្នុង​ការ​ការពារ​ផ្ទៃ​សមុទ្រ​ចំនួន​ជិត ៦ លាន​គីឡូម៉ែត្រ​ការេ នៅ​ក្នុង​តំបន់​សមុទ្រ​ដែល​ងាយ​រងគ្រោះ​បំផុត​។ យើង​បាន​មើល​ឃើញ​ថា សន្និសីទ​របស់​យើង​ស្តីពី​សមុទ្រ​គឺ​ជា​វេទិកា​មួយ​ដែល​យើង​អាច​បំផុស​សកម្មភាព​ពី​ទូទាំង​ពិភពលោក និង​ពី​គ្រប់​ផ្នែក​ទាំងអស់​នៃ​សង្គម​។ នៅ​ឆ្នាំ​នេះ ខ្ញុំ​មាន​ការ​គិតគូរ​ជា​ពិសេស​លើ​ការ​នាំ​មេ​ដឹកនាំ​ផ្នែក​សមុទ្រ​ជំនាន់​ក្រោយ អោយ​ចូលរួម​ក្នុង​ការ​សន្ទនា ដើម្បី​ជួយ​ជំរុញ​ទៅ​មុខ​នូវ​គំនិត​ថ្មី​ៗ និង​ប្រកប​ដោយ​មហិច្ឆតា ដើម្បី​ជួយ​ស្រោចស្រង់​សមុទ្រ​របស់​យើង​។

នៅ​ទិវា​សមុទ្រ​ពិភពលោក ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ស្រឡាញ់​សមុទ្រ​ទាំងអស់ និង​មនុស្ស​ទាំងអស់​ដែល​ស្រឡាញ់​ផែនដី អោយ​ចូលរួម​ជាមួយ​យើង​។