នៅក្នុងឆ្នាំដំបូងនៃរដ្ឋបាលរបស់លោកត្រាំ សហរដ្ឋអាមេរិកបានធ្វើការដោយមិនខ្លាចនឿយហត់ ជាមួយ សម្ព័ន្ធមិត្តនិងដៃគូ នៅអាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញទំនាក់ទំនងថ្មីៗ ដើម្បីដោះស្រាយការគំរាមកំហែងចំពោះសន្តិសុខ ហើយបង្កើនឱកាសផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្នុងពេលដែលយើងដើរទៅមុខ ក្នុងឆ្នាំ ២០១៨ ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីគូសបញ្ជាក់ពីការងារ និងជោគជ័យខ្លះរបស់យើង ក្នុងឆ្នាំ ២០១៧។
១. ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Trump ទៅកាន់អាស៊ី

នៅខែវិច្ឆិកា លោករដ្ឋមន្រ្តីការបរទេស និងខ្ញុំមានកិត្តិយសដោយបានអមដំណើរលោកប្រធានាធិបតី Trump នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅទ្វីបអាស៊ី ដែលជាដំំណើរទស្សនកិច្ចដ៏វែងបំផុតមួយរបស់លោក។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃនេះ លោកប្រធានាធិបតីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ Indo-Pacific មួយដែលមានភាពសេរី និងបើកចំហ ដោយក្នុងនោះ ប្រទេសនានាមានអធិបតេយ្យ មានវិបុលភាព គ្មានការគំរាមកំហែងភេរវកម្ម និងការបង្ខិតបង្ខំ និងសង្គ្រាមនុយក្លេអ៊ែរ។ លោកប្រធានាធិបតីបានសំដែងជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេសអាមេរិកចំពោះតំបន់ ហើយបានថ្លែងពីចក្ខុវិស័យរបស់លោកចំពោះបរិយាកាសធ្វើពាណិជ្ជកម្មត្រឹមត្រូវ និងមានទៅមានមក ដែលនឹងធ្វើអោយក្រុមហ៊ុនអាមេ រិកអាចធ្វើការប្រកួតប្រជែងដោយស្មើភាព។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃរបស់លោក ដែលរួមមានការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអន្តរជាតិធំៗចំនួន ៣ លោកប្រធានាធិបតីបានជួបជាមួយមេដឹកនាំបរទេស ដែលមកពីទូទាំងពិភពលោក ដើម្បីដោះស្រាយបញ្ហាជាគន្លឹះ ដែលប៉ះពាល់មកលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង ដោយបាន៖
- គូសបញ្ជាក់ពីការរីកចំរើនរបស់ប្រទេសកូរ៉េខាងត្បូង ដែលផ្ទុយពីរដ្ឋផ្តាច់ការ និងក្រីក្រនៅកូរ៉េខាងជើង
- បញ្ជាក់ពីតំរូវការអោយប្រទេសចិនដាក់ការគាបសង្កត់ទៅលើប្រទេសកូរ៉េខាងជើង និងអោយប្រទេសចិនកែប្រែការធ្វើពាណិជ្ជកម្មដោយគ្មានយុត្តិធម៌
- គូសបញ្ជាក់នៅក្នុងសុន្ទរកថាថ្លែងទៅកាន់កិច្ចប្រជុំកំពូល APEC នៅដាណាំងនៃប្រទេសវៀតណាម នូវចក្ខុវិស័យរបស់សហរដ្ឋអាមេរិកដែលចង់អោយតំបន់ Indo-Pacific មានភាពបើកចំហ និងមានភាពសេរី ហើយបញ្ជាក់ពីការចាប់អារម្មណ៍របស់យើងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលមានស្តង់ដាខ្ពស់ ដើម្បីជំរុញវិបុលភាព នៅក្នុងស្រុក និងនៅទូទាំងតំបន់។
- ធ្វើការប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី Shinzo Abe នៃប្រទេសជប៉ុន ប្រធានាធិបតី Xi Jinping នៃប្រទេសចិន ប្រធានាធិបតី Moon Jae-in នៃប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីTran Dai Quang នៃប្រទេសវៀតណាម ប្រធានាធិបតី Rodrigo Duterte នៃប្រទេសហ្វីលីពីន នាយករដ្ឋមន្រ្តី Narendra Modi នៃប្រទេសឥណ្ឌា និងនាយករដ្ឋមន្រ្តី Malcolm Turnbull នៃប្រទេសអូស្រ្តាលី និង
- ចូលរួមពិភាក្សាជាមួយមេដឹកនាំតំបន់ ស្តីពីបញ្ហាបន្ទាន់ ដែលប្រឈមនឹងតំបន់អាស៊ី ប៉ាស៊ីហ្វិក នៅឯកិច្ចប្រជុំនៃមេដឹកនាំសេដ្ឋកិច្ច APEC កិច្ចប្រជុំកំពូលអាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
២. ដាក់ការគាបសង្កត់ទៅលើប្រទេសកូរ៉េខាងជើង

នៅរដូវស្លឹកឈើជ្រុះកន្លងទៅ បន្ទាប់ពីបានធ្វើការពិនិត្យមើលឡើងវិញដោយស៊ីជំរៅ សហរដ្ឋអាមេរិកបានផ្តើម “យុទ្ធនាការដាក់ការគាបសង្កត់ជាអតិបរិមា” តាមរយៈទណ្ឌកម្មសេដ្ឋកិច្ច និងសកម្មភាពការទូតដ៏ខ្លាំក្លា ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដើម្បីធ្វើអោយទីក្រុងព្យុងយ៉ាងចូលរួមនៅក្នុងការចរចាច្បាស់លាស់ សំរាប់លុបបំបាត់អាវុធនុយក្លេអ៊ែរ។ នៅក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តី កាលពីខែមេសា របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ស្តីពីការគំរាមកំហែងដល់សន្តិសុខ និងសន្តិភាព ដោយសារកម្មវិធីនុយក្លេអ៊ែរ កម្មវិធីកាំជ្រួញផ្លោង និងកម្មវិធីអាវុធប្រល័យលោកខុសច្បាប់ដទៃទៀតរបស់ប្រទេសកូរ៉េខាងជើង លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Tillerson បានអំពាវនាវអោយសមាជិកនៃអង្គការសហប្រជាជាតិប្រើគ្រប់មធ្យោបាយទាំងអស់ដែលគេមាន ដើម្បីបង្កើនការគាបសង្កត់លើរបបកូរ៉េខាងជើង។
ក្នុងឆ្នាំកន្លងទៅនេះ ដៃគូ និងសម្ព័ន្ធមិត្តរបស់យើងជាច្រើននៅជុំវិញពិភពលោក បានចូលរួមនៅក្នុងយុទ្ធនាការដាក់ការគាបសង្កត់ ដែលនឹងកាត់ផ្តាច់ហិរញ្ញវត្ថុដល់របបនេះ សំរាប់បំរើកម្មវិធីនុយក្លេអ៊ែរ កម្មវិធីកាំជ្រួញផ្លោង និងកម្មវិធីអាវុធប្រល័យលោកខុសច្បាប់ដទៃទៀត ហើយផ្ញើសារដ៏ច្បាស់មួយថា អាកប្បកិរិយារបស់ប្រទេសកូរ៉េខាងជើងនឹងមិនត្រូវបានអត់ឱនអោយឡើយ។ តាំងពីលោករដ្ឋមន្រ្តីថ្លែងដូច្នេះនៅខែមេសា មានប្រទេសចំនួនជាង ២០ បានធ្វើការរឹតត្បិតឬបញ្ឈប់សកម្មភាពការទូតរបស់កូរ៉េខាងជើង។ ប្រទេសខ្លះទៀតបានកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់។ នៅឯអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តដោយឯកច្ឆ័ន លើដំណោះស្រាយថ្មីចំនួន ៣ ស្តីពីកូរ៉េខាងជើង នៅឆ្នាំនេះ ដោយដំណោះស្រាយនិមួយៗរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ហើយធ្វើអោយរបបនេះមានការខាតបង់យ៉ាងច្រើន ដែលមិនដែលមានពីមុនមក។ នៅពេលនេះ យើងបានបង្កើតក្រុមចំរុះអន្តរជាតិដ៏ធំបំផុតមួយ ដើម្បីគាំទ្រ និងអនុវត្តនូវការដាក់ទណ្ឌកម្មដ៏ធ្ងន់បំផុតមួយជាអន្តរជាតិ ដើម្បីបន្តការងារមិនអោយអាវុធប្រល័យលោករីកសាយ ប្រឆាំងនឹងការឈ្លានពានរបស់កូរ៉េខាងជើង ហើយលុបបំបាត់ការគំរាមកំហែងពីកម្មវិធីនុយក្លេអ៊ែរ កម្មវិធីកាំជ្រួញផ្លោង និងកម្មវិធីអាវុធប្រល័យលោកដទៃទៀត។
៣. ការពិភាក្សាថ្មីជាមួយប្រទេសចិន

នៅខែមេសា លោកប្រធានាធិបតី Trump បានទទួលលោកប្រធានាធិបតី Xi Jinping នៅ Mar-A-Lago។ ដើម្បីសំរួលដល់ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងប្រទេសចិន គេបានបង្កើតកិច្ចពិភាក្សាចំនួន ៤ គឺកិច្ចពិភាក្សាផ្នែកការទូត និងសន្តិសុខ កិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយផ្នែកសន្តិសុខ កិច្ចពិភាក្សាលើការអនុវត្តច្បាប់ និងសន្តិសុខតាមប្រព័ន្ធអ៊ិនធ័រណែត និងកិច្ចពិភាក្សាស្តីពីសង្គមនិងវប្បធម៌។
សហរដ្ឋអាមេរិក និងប្រទសចិនបានធ្វើការពិភាក្សាផ្នែកការទូតនិងសន្តិសុខ កាលពីខែមិថុនា ដើម្បីពិនិត្យដោះស្រាយលើបញ្ហាទ្វេភាគីនិងបញ្ហាសន្តិសុខសំខាន់ៗ នៅក្នុងតំបន់។ លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson និងលោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Jim Mattis បានទទួលសមភាគីចិនរបស់លោក គឺលោក Yang Jiechi និងឧត្តមសេនីយ Fang Fenghui ដើម្បីពិភាក្សាពីកង្វល់ទ្វេភាគី និងបញ្ហាប្រឈមរួមផ្នែកសន្តិសុខ ដូចជាកម្មវិធីអាវុធនុយក្លេអ៊ែរខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចូលរួមនៅក្នុងកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយផ្នែកសេដ្ឋកិច្ច នៅខែ កក្កដា ដោយមានលោករដ្ឋមន្រ្តីក្រសួងរតនាគារ Steve Mnuchin និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម Wilbur Ross នៃសហរដ្ឋអាមេរិក និងឧបនាយករដ្ឋមន្រ្តី Wang Yang នៃប្រទេសចិនធ្វើជាសហប្រធាន។ អ្នកចូលរួមពីខាងសហរដ្ឋអាមេរិកបានប្រើកិច្ចពិភាក្សាគ្នានេះដើម្បីជំរុញអោយប្រទេសចិនផ្តល់លទ្ធភាពច្រើនឡើងសំរាប់ក្រុមហ៊ុន និងការនាំចេញរបស់សហរដ្ឋអាមេរិកទៅក្នុងទីផ្សារបស់ចិន និងអោយចិនធ្វើកំណែទំរង់ ដើម្បីធ្វើអោយមានយុត្តិធម៌ និងភាពមានទៅមានមកនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ដែលគ្មានតល្យភាពគ្នា។
កាលពីខែកញ្ញា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរៀបចំកិច្ចពិភាក្សាស្តីពីសង្គម និងវប្បធម៌ ដោយមានលោករដ្ឋមន្រ្តីការបរទេស Tillerson និងឧបនាយករដ្ឋមន្រ្តីចិន Liu Yandong ធ្វើជាសហប្រធាន។ កិច្ចពិភាក្សានេះផ្តោតលើវិស័យសហប្រតិបត្តិការចំនួន ៧ ដើម្បីបង្ហាញពីការដែលពលរដ្ឋចិន និងពលរដ្ឋអាមេរិក សាមញ្ញអាចបន្តរស់នៅជាមួយគ្នា និងកសាងអនាគតរួមគ្នាបាន។
អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Sullivan បានរៀបចំកិច្ចពិភាក្សាស្តីពីការអនុវត្តច្បាប់ និងសន្តិសុខតាមប្រព័ន្ធអ៊ិនធ័រណែត នៅឯក្រសួងការបរទេសអាមេរិក កាលពីខែតុលា។ កិច្ចពិភាក្សានេះត្រូវបានដឹកនាំដោយលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក Jeff Sessions រដ្ឋមន្រ្តីស្តីទីនៃក្រសួងសន្តិសុខមាតុភូមិ Elaine Duke និងរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន Guo Shengkun ។ កិច្ចពិភាក្សានេះបានផ្តោតលើបញ្ហានានាជាច្រើនទាក់ទងនឹងអន្តោប្រវេសន៍ ជនភៀសខ្លួន ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ការប្រឆាំងភេរវកម្ម និងសន្តិសុខតាមប្រព័ន្ធអ៊ិនធ័រណែត។
៤. អាស៊ានអបអរខួបលើកទី ៥០ របស់ខ្លួន និងខួប ៤០ ឆ្នាំនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក
កាលពី ៥០ ឆ្នាំមុន ប្រទេសជាសមាជិកចំនួន ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កើតភាពជាដៃគូ ដែលក្រោយមក ត្រូវបានគេស្គាល់ថា ជាសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលនៅពេលនេះ បើរួមគ្នាទៅ មានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងលំដាប់លេខ ៥ ក្នុងពិភពលោក ហើយមានភាពសកម្មលើបញ្ហាការទូតនានាជាច្រើន ដែលមានសារៈសំខាន់ជាសាកល។ កាលពី ៤០ ឆ្នាំមុន សហរដ្ឋអាមេរិកបានកសាងទំនាក់ទំនងជាមួយក្រុមដៃគូនេះ ហើយមានការទាក់ទងជិតស្និទ្ធជាមួយនឹងអាស៊ាន តាំងពីពេលនោះមក។ នៅខែមេសា លោកអនុប្រធានាធិបតី Pence បានធ្វើទស្សនកិច្ចនៅប្រទេសឥណ្តូនេស៊ី ហើយបានជួបជាមួយនឹងអគ្គលេខាធិការរបស់អាស៊ាន។ នៅខែឧសភា លោករដ្ឋមន្រ្តី Tillerson បានទទួលសមភាគីរបស់លោកជារដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ាន នៅទីក្រុង Washington ហើយនៅខែសីហា លោកបានធ្វើដំណើរទៅទីក្រុង Manila ដើម្បីចូលរួមនៅក្នុងវេទិកាថ្នាក់តំបន់របស់អាស៊ាន។ លោករដ្ឋមន្រ្តី Tillerson និងសមភាគីរបស់លោកខាងអាស៊ានបានពិភាក្សានិងធ្វើការដើម្បីកែលំអកិច្ចសហប្រតិបត្តិការលើការគំរាមកំហែងរបស់កូរ៉េខាងជើង ជំលោះនៅសមុទ្រចិនខាងត្បូង និង បញ្ហាឆ្លងព្រំដែន ដូចជាភេរវកម្ម សន្តិសុខតាមប្រព័ន្ធអ៊ិនធ័រណែត និងការជួញដូរមនុស្ស។ លោករដ្ឋមន្រ្តីថែមទាំងបានធ្វើជាប្រធានក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី ១០ ស្តីពីគំរោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម ដោយបញ្ជាក់ជាថ្មីនូវការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអនុតំបន់សំខាន់មួយ នៅក្នុងអាស៊ាន។ យើងសូមអបអរសាទរអាស៊ាន នៅក្នុងឱកាសនៃខួបលើកទី ៥០ ហើយយើងចង់ឃើញសហរដ្ឋអាមេរិកនិងអាស៊ានសំរេចបានជោគជ័យច្រើនថែមទៀត នៅក្នុងរយៈពេល ៥០ ឆ្នាំបន្ទាប់ទៀត។
៥. ពង្រីកភាពជាដៃគូរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកោះ នៅសមុទ្រប៉ាស៊ីហ្វិក

សហរដ្ឋអាមេរិកថែមទាំងបានធ្វើអោយភាពជាដៃគូរបស់យើងជាមួយប្រទេសកោះនៅសមុទ្រប៉ាស៊ីហ្វិកកាន់តែមានភាពជ្រាលជ្រៅ។ នៅខែកញ្ញា ខ្ញុំបានដឹកនាំគណប្រតិភូអន្តរទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក ដែលរួមមានមន្រ្តីជាន់ខ្ពស់មកពីក្រសួងការពារជាតិ ឆ្មាំសមុទ្រសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការ អភិវឌ្ឍន៍អន្តរជាតិ ទៅកាន់វេទិកានៃកោះនៅសមុទ្រប៉ាស៊ីហ្វិក (PIF) នៅកោះ Samoa ដើម្បីរកមើលឱកាសថ្មីៗសំរាប់ធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ យើងបានគូសបញ្ជាក់ការប្តេជ្ញាចិត្តជាបន្តរបស់យើង ចំពោះសន្តិសុខ វិបុលភាព និងស្ថិរភាពនៃកោះនៅសមុទ្រប៉ាស៊ីហ្វិក ហើយមេដឹកនាំនៅតំបន់ប៉ាស៊ីហ្វិកបានអំពាវនាវអោយមានភាពជាដៃគូកាន់តែច្រើនឡើង ជាមួយសហរដ្ឋអាមេរិក។ មេដឹកនាំនៅតំបន់ប៉ាស៊ីហ្វិកថែមទាំងបានថ្កោលទោសការបង្ករហេតុអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង យល់ស្របគ្នាលើសារៈ សំខាន់នៃការអនុវត្តបានពេញលេញនូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ហើយដោយមានការជួយពីប្រទេសអូស្ត្រាលី និងប្រទេសណូវែលសេឡង់ បានធ្វើការប្តេជ្ញាចិត្តរកមើល និងលុបចេញពីបញ្ជីនូវនាវារបស់ប្រទេសកូរ៉េខាងជើង ដែលដោតទង់ជាតិខុសច្បាប់។
នៅឆ្នាំខាងមុខនេះ យើងនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងជាមួយប្រទេសកោះនៅសមុទ្រប៉ាស៊ីហ្វិក និងដៃគូដែលមានគំនិតដូចគ្នា ដើម្បីដោះស្រាយបញ្ហាតំបន់ និងបញ្ហាពិភពលោក ដូចជាការជំរុញការនេសាទដែលធានានិរន្តភាព ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន លើកកំពស់ការឆ្លើយតប ហើយនិងភាពរឹងប៉ឹងចំពោះមុខគ្រោះមហន្តរាយ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិសេសជាមួយមេដឹកនាំជំនាន់ក្រោយនៅតំបន់ប៉ាស៊ីហ្វិក។
នៅក្នុងពេលដែលយើងសំលឹងទៅរកឆ្នាំ ២០១៨ សម្ព័ន្ធមិត្ត មិត្តភក្តិ និងដៃគូរបស់យើងនៅអាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិកអាចទុកចិត្តបានថា សហរដ្ឋអាមេរិកនឹងបន្តចូលរួមយ៉ាងពេញលេញ នៅទូទាំងតំបន់ដ៏មានសារៈ សំខាន់នេះទាំងមូល។