កាលពីជាង ៤ ទសវត្សមុន ក្នុងនាមជាអនុនាវីឯក នៅក្នុងកងម៉ារីនមួយ ដែលមានឈ្មោះថា “brown-water Navy” ក្រុមរបស់ខ្ញុំ ហើយនិងខ្ញុំបានធ្វើដំណើរតាមទន្លេមេគង្គ នៅលើទូកយោធាមួយរបស់អាមេរិក។ទោះបីជានៅជុំវិញយើងមានសុទ្ធតែទឹកក្តី តែយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្ផស្ស និងអំណាចនៃទឹកទន្លេ- ក្របី អាហារសមុទ្រដែលយើងបានដូរគ្នាជាមួយអ្នកនេសាទនៅនឹងកន្លែង និងព្រៃលិចទឹកនៅសងខាងទន្លេ និងឆក។
កាលដើមឡើយ ផ្លូវទឹកទាំងនេះ ដែលគេធ្វើសង្រ្គាមលើ បានក្លាយជាផ្លូវទឹកនៃសន្តិភាព និងពាណិជ្ជកម្ម – សហរដ្ឋអាមេរិក និងប្រទេសវៀតណាមស្ថិតនៅក្នុងសតវត្សទី២០ នៃទំនាក់ទំនង ដែលមានភាពដុះដាលឡើង។
សព្វថ្ងៃនេះ ទន្លេមេគង្គប្រឈមនឹងគ្រោះថ្នាក់ថ្មី ហើយខុសពីមុន គឺគ្រោះថ្នាក់ដែលគំរាមកំហែងដល់មុខរបរប្រកបជីវភាពរស់នៅរបស់មនុស្សរាប់សិបលាននាក់ ហើយជានិមិត្តរូបនៃហានិភ័យពីការប្រែប្រួលអាកាសធាតុ ចំពោះផែនដីទាំងមូល។ ការអភិវឌ្ឍន៍ និងកំណើនលូតលាស់ដែលមិនធានានិរន្តភាព។ ទោះបីជាមានការខិតខំទាំងនេះក្តី តែទន្លេមេគង្គនៅតែស្ថិតនៅក្រោមការគំរាមកំហែងដដែល។ នៅតាមបណ្តោយទន្លេនេះ ដែលមានប្រវែង ២៧០០ ម៉ៃល៍ តំរូវការកាន់តែច្រើនឡើងនៃថាមពល ស្បៀង និងទឹកកំពុងតែបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់វា និងរបរចិញ្ចឹមជីវិតរបស់ប្រជាជនចំនួន ២៤០ លាននាក់។ ការអភិវឌ្ឍន៍ដែលមិនធានានិរន្តភាព និងល្បឿនយ៉ាងលឿននៃការអភិវឌ្ឍទំនប់វារីអគ្គិសនីកំពុងតែបំផ្លាញតំរូវការស្បៀង និងទឹករបស់មនុស្សរាប់លាននាក់ ដែលពឹងអាស្រ័យលើទន្លេនេះ។
តើអ្វីសំខាន់? នៅកម្ពុជា ទន្លេមេគង្គទ្រទ្រង់ជីវសាស្រ្តចំរុះ ដ៏សំបូរបែបនៃតំបន់ជំរេល ដែលផ្តល់ប្រូតេអ៊ីនចំនួន ៦០% នៅកម្ពុជា។ នៅវៀតណាម ទន្លេនេះជួយស្រោចស្រព “តំបន់ជង្រុកស្រូវ” ដែលចិញ្ចឹមសេដ្ឋកិច្ចដែលកំពុងមានការលូតលាស់យ៉ាងរហ័ស។ នៅក្នុងតំបន់ទាំងមូល ទន្លេមេគង្គគឺជាសរសៃឈាមយ៉ាងសំខាន់សំរាប់ការដឹកជញ្ជូន កសិកម្ម និងសំរាប់ការបង្កើតភ្លើងអគ្គិសនី។
ទន្លេមេគង្គប្រៀបបាននឹងតំបន់អាម៉ាសូនចំពោះជីវសាស្រ្តចំរុះ។ ត្រីរាជ និងផ្សោតទឹកសាបគឺជាសត្វ ដែលមានតែនៅតំបន់នេះទេ ហើយអ្នកវិទ្យាសាស្រ្តកំពុងរកឃើញពូជសត្វនិងរុក្ខជាតិថ្មីៗ នៅតំបន់ដីសណ្ត។ ពូជសត្វ និងរុក្ខជាតិ ដែលទើបរកឃើញថ្មីៗខ្លះ នៅថ្ងៃណាមួយអាចអោយគេអាចយកទៅធ្វើឱសថសំរាប់សង្គ្រោះជីវិតបាន។
គេមើលឃើញបញ្ហាប្រឈមច្បាស់។ តំបន់មេគង្គទាំងមូលត្រូវតែអនុវត្តយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ដើម្បីធ្វើយ៉ាងណាអោយកំណើនលូតលាស់នៅពេលអនាគតមិនប៉ះពាល់ ដល់ខ្យល់ស្អាត ទឹកស្អាត ប្រព័ន្ធអេកូឡូស៊ីល្អ។ ការសំរេចបានភារកិច្ចដ៏សំខាន់នេះនឹងបង្ហាញពិភពលោកអោយឃើញនូវអ្វីដែលអាចសំរេចបាន។
ជោគវាសនានៃតំបន់នេះ ក៏មានផលផងដែរទៅលើការរស់នៅរបស់ប្រជាជន ដែលនៅឆ្ងាយពីតំបន់នេះ។ ឧទាហរណ៍ ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយតំបន់មេគង្គបានកើនឡើងចំនួន ៤០% ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤។ និន្នាការនេះមានន័យថា មានកំណើនការងារធ្វើសំរាប់ជនជាតិអាមេរិក ហើយនិងកំណើនសេដ្ឋកិច្ចជាបន្ត សំរាប់ប្រទេសនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ការដោះស្រាយបញ្ហាប្រឈមនេះបានទាមទារអោយយើងខិតខំធ្វើការជាមួយបណ្តាប្រទេសទាំងនេះ ដើម្បីដោះស្រាយសេចក្តីត្រូវការពិតប្រាកដលើការអភិវឌ្ឍន៍ ក្នុងពេលយើងធ្វើការដើម្បីធ្វើអោយមាននិរន្តភាពបរិស្ថាន។ ការនេះទាមទារអោយមានទិន្នន័យត្រឹមត្រូវសំរាប់ធ្វើការវិភាគនិងធ្វើផែនការអោយបានត្រឹមត្រូវ ការវិនិយោគដោយភាពឆ្លាតវៃ មេដឹកនាំរឹងមាំ និងស្ថាប័នដែលធ្វើការបានល្អ ដើម្បីគ្រប់គ្រងធនធានដ៏សំបូរនៃតំបន់ទន្លេមេគង្គ ដើម្បីប្រយោជន៍ទាំងអស់គ្នា នៅក្នុងតំបន់នេះ។
ដើម្បីសំរេចបំណងនេះ យើងចូលរួមជាមួយប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ដើម្បីផ្តើមគំរោងស្តីពីគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម។ បំណងនៃគំរោងនេះ គឺដើម្បីបង្កើតចក្ខុវិស័យរួមមួយនៃការធ្វើអោយមានកំណើនលូតលាស់ និងឱកាស ដែលទទួលស្គាល់តួនាទីនៃទន្លេមេគង្គជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច និងគោរពចំពោះចំណែកនៃទន្លេនេះនៅក្នុងផ្នែកបរិស្ថាន។
ហេតុដូច្នេះហើយបានជានៅសប្តាហ៍នេះ (ថ្ងៃទី២ និងទី៣ ខែកុម្ភៈ) សហរដ្ឋអាមេរិក និងរដ្ឋាភិបាលឡាវបានរួមគ្នារៀបចំកិច្ចប្រជុំដ៏ធំមួយនៃមន្រ្តីជាន់ខ្ពស់មកពីប្រទេសទាំង៥ នៅតំបន់មេគង្គក្រោម សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅប៉ាកសេ នៃប្រទេសឡាវ ដែលជាកន្លែងប្រសប់គ្នានៃទន្លេមេគង្គ និងទន្លេ Xe Don ។ មន្រ្តីទាំងនោះត្រូវបានចូលរួមជាមួយដោយតំណាងមកពីវិស័យឯកជន និងស្ថាប័នផ្តល់អំណោយ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាលើផែនការសំរាប់ធានាអនាគត ដែលប្រកបដោយនិរន្តភាព។
នៅក្នុងកិច្ចប្រជុំនោះ យើងផ្តើមគំរោងស្តីពីគំនិតផ្តួចផ្តើមស្តីពីថាមពលនៅតំបន់ទន្លេមេគង្គដែលមាននិរន្តភាព។ នេះគឺជាផែនការមួយដែលលើកទឹកចិត្តអោយបណ្តាប្រទេស នៅក្នុងតំបន់អោយអភិវឌ្ឍកម្មវិធី ដែលបង្វែរការវិនិយោគរបស់គេទៅរករបៀបថ្មីៗនៃការបង្កើតថាមពលដែលគេអាចកែច្នៃយកមកប្រើឡើងវិញបាន និងធនធានដទៃទៀត ដែលមិនធ្វើអោយប៉ះពាល់បរិស្ថាន។
នេះមិនមែនជារឿងនៃការបញ្ជាអោយដើរតាមផ្លូវនៃការអភិវឌ្ឍណាមួយនៅក្នុងប្រទេសទាំងនេះទេ។ ផ្ទុយទៅវិញ វាជារឿងដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតត្រូវធ្វើការជាមួយនឹងប្រទេសជាដៃគូរបស់យើង ដើម្បីបង្កើតគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍន៍ និងការវិនិយោគដែលមានលក្ខណៈស៊ីគ្នា ដើម្បីធានាអោយមានដំណើរល្អទៅមុខនៃសេដ្ឋកិច្ច និងបរិស្ថានយូរអង្វែង នៅតាមតំបន់ទន្លេ។
ភាពជាដៃគូនេះ គឺជាផ្នែកសំខាន់ចាំបាច់នៃការខិតខំរួមរបស់លោកប្រធានាធិបតី Obama និងរដ្ឋបាលទាំងមូលរបស់លោក នៅក្នុងការជួយដល់ប្រជាជននៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និងជាសញ្ញាថែមទៀតនៃការប្តេជ្ញាចិត្តរបស់យើងដើម្បីជួយដល់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលទើបរះឡើង និងដែលមានសេដ្ឋកិច្ចរស់រវើក។
សំរាប់ជនជាតិអាមេរិក និងប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងជំនាន់របស់ខ្ញុំ កន្លងមកទន្លេមេគង្គគឺជានិមិត្តរូបនៃសង្គ្រាម។ តែថ្ងៃនេះ វាជានិមិត្តរូបនៃការលូតលាស់ប្រកបដោយនិរន្តភាព និងការគ្រប់គ្រងល្អ។