ក្នុងពេលដែលចំណិតលោកខែនាំមកនូវបុណ្យសាសនាដែលមានឈ្មោះថា រ៉ាម៉ាដាន ភរិយាខ្ញុំ Michelle និងខ្ញុំសូមផ្ញើសេចក្តីអបអរយ៉ាងកក់ក្តៅបំផុត ដល់អ្នកដែលប្រតិបត្តិតាមខែដែលត្រូវធ្វើការតមអាហារ នៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ រ៉ាម៉ាដានគឺជាពេលវេលាមួយ ដែលក្នុងនោះ គ្រួសារ និងសហគមន៍នានាជួបជុំគ្នា ដើម្បីបរិភោគអាហារស្រាយបួស Iftars និងធ្វើការបន់ស្រន់ នៅក្នុងការប្រជុំគ្នាដោយអ៊ឹកធឹក ដែលបង្ហាញអោយឃើញនូវប្រពៃណីដ៏រុងរឿង និងប្រកបដោយលក្ខណៈចំរុះនៃវប្បធម៌ និងសង្គមរបស់អ្នកកាន់សាសនាឥស្លាម។
វាថែមទាំងជាពេលវេលាសំរាប់ធ្វើការឆ្លុះបញ្ចាំងដ៏ជ្រាលជ្រៅ និងការប្តេជ្ញាចិត្តជាថ្មី ដែលមានបំណងបង្កើនអំណរគុណ និងការចងចាំដល់សេចក្តីមេត្តារបស់ព្រះ។ អ្នកកាន់សាសនាឥស្លាមប្រតិបត្តិតាមថ្ងៃបុណ្យរ៉ាម៉ាដានក្នុងមួយថ្ងៃៗ ដោយចាត់ទុកវាថាជាថ្ងៃនៃការស៊ូទ្រាំដោយអត់ធ្មត់ តាមរយៈការតមអាហារ ហើយចាត់ទុកយប់និមួយៗថាជាយប់នៃការដឹងគុណ តាមរយៈការធ្វើការបន់ស្រន់។ វាជាពេលត្រូវបង្កើនជំនឿ ក្តីមេត្តា ការអត់ឱន និងការព្យាយាមក្នុងស្ថានភាពលំបាក។ នៅក្នុងខែនៃការផ្តល់អោយនេះ អ្នកកាន់សាសនាឥស្លាមនៅជុំវិញពិភពលោកបោះដៃជួយអ្នករងគ្រោះដោយជំលោះ ភាពអត់ឃ្លាន ភាពក្រីក្រ និងជំងឺ។ នៅក្នុងសហរដ្ឋអាមេរិក ជនជាតិអាមេរិកដែលកាន់សាសនាឥស្លាម ចូលរួមជាមួយជនរួមជាតិរបស់គេ ដើម្បីជួយអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក ដោយធ្វើសកម្មភាពដែលមានលក្ខណៈអន្តរសាសនា ដែលបង្កើនការយល់ដឹង ហើយរំលឹកយើងថា យើងរួបរួមគ្នាជាគ្រួសារអាមេរិកតែមួយ។ ភាពចំរុះ និងទឹកចិត្តស្នេហាជាតិរបស់សហគមន៍សាសនានានានៅប្រទេសអាមេរិកផ្តល់កំលាំងដល់យើងទាំងអស់គ្នា ហើយសេរីភាពរបស់យើង ក្នុងការប្រតិបត្តិតាមសាសនារំលឹកយើងពីគុណតំលៃរួមរបស់យើង។
ជាថ្មីម្តងទៀត ខ្ញុំរីករាយនឹងស្វាគមន៍ជនជាតិអាមេរិកកាន់សាសនាឥស្លាម នៅសេតវិមាន នៅក្នុងពិធី ភោជនាហារស្រាយបួស Iftar ដើម្បីអបអររដូវបុណ្យរ៉ាម៉ាដាន ហើយសំដែងអំណរគុណចំពោះការងាររបស់ជនជាតិអាមេរិកដែលកាន់សាសនាឥស្លាម នៅទូទាំងប្រទេស។ សូមទទួល Ramadan Kareem ពីគ្រួសាររបស់ខ្ញុំសំរាប់គ្រួសាររបស់លោកអ្នក។