ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក និង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​លើក​កំពស់​ការ​យល់​ដឹង តាមរយៈ​ការ​ប្រគំ​តន្រ្តី​ស្តីពី “​ព្រៃ​នៃ​ជីវិត​”

ចេញថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៥

ដោយ​មាន​កង្វល់​ពី​ការ​ថយ​ចុះ​នៃ​ចំនួន​សត្វ​ព្រៃ​នៅ​កម្ពុជា ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​ អាមេរិក (AYC) ដោយ​សហការ​ជាមួយ​នឹង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (WA) និង​ដោយ​មាន​ការ​ឧបត្ថម្ភ ថវិកា​ពី​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា នឹង​រៀបចំ​ការ​ប្រគំ​តន្រ្តី និង​ពិធី​មួយ​ដែល​មាន​លក្ខណៈ​ជា​ការ​អប់រំ ដែល​គេ​ហៅ​ថា “​ព្រៃ​នៃ​ជីវិត​” នៅ​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​មករា ឆ្នាំ​២០១៥ ពី​ម៉ោង ៥​:​៣០ ល្ងាច ដល់​ម៉ោង ៩​:​៣០ យប់ នៅ​ផ្សា​រាត្រី ក្បែរ​មាត់​ទន្លេ ក្នុង​រាជធានី​ភ្នំពេញ​។ ការ​ប្រគំ​តន្រ្តី​នេះ​មាន​បំណង​លើក​កំពស់ ការ​យល់​ដឹង​ស្តីពី​ការ​ជួញដូរ​សត្វ​ព្រៃ ហើយ​ធ្វើ​អោយ​មាន​ការ​ចូលរួម​ពី​សាធារណជន ពិសេស​យុវជន នៅ​ក្នុង​ការ​ការពារ​បេតិកភណ្ឌ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ដូចជា​ការ​រាយការណ៍​ប្រឆាំង​ការ​ជួញដូរ សត្វ​ព្រៃ​ដោយ​ហៅ​មក​ទូរស័ព្ទ​លេខ ០១២ ៥០០ ០៩៤ ដែល​ជា​លេខ​ពិសេស មាន​អ្នក​ឆ្លើយ ២៤ ម៉ោង នៅ​ទូទាំង​ប្រទេស​របស់​អង្គការ WA ។

ពិធី​នេះ​នឹង​មាន​សុន្ទរកថា​បើក​របស់​ឯកអគ្គរដ្ឋទូត William E. Todd បទបង្ហាញ​ស្តីពី​អំបូរ​សត្វ​ព្រៃ និង​ច្បាប់​ស្តីពី​សត្វព្រៃ និង​ការ​សំដែង​របស់​អ្នក​ចំរៀង និង​អ្នក​កំប្លែង​ល្បី​ៗ​មួយ​ចំនួន ដូចជា Laura Mam, Jimmy Kiss និង​សុខគា ព្រមទាំង​របាំ​ប្រពៃណី និង​ការ​បង្ហាញ​តុក្កតា​។

តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ជា​ប្រភព ជា​កន្លែង​ឆ្លង​កាត់ និង​ជា​ចំណុច​គោលដៅ​នៃ​ជំនួញ​សត្វ ព្រៃ​ខុស​ច្បាប់​។ ការ​ជួញដូរ​សត្វព្រៃ​មាន​ទឹក​ប្រាក់​ប្រមាណ ២០ ពាន់​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ​ៗ ​ដែល​ធ្វើ​អោយ ជំនួញ​នេះ​ស្ថិត​ក្នុង​ចំណោម​ជំនួញ​ផ្សា​ងងឹត​ដ៏​កាក់កប​បំផុត ក្នុង​ពិភពលោក​។ រួម​ជាមួយ​នឹង​ការ​បំផ្លាញ ទី​ជំរក ការ​ជួញដូរ​សត្វព្រៃ​បាន​ធ្វើ​អោយ​ពូជ​សត្វ​ជា​ច្រើន​ផុត​ពូជ​។ តំរូវការ​សត្វព្រៃ និង​ផលិតផល​ពី​សត្វ​ព្រៃ​ដូចជា សាច់ ថ្នាំ​បូរាណ សត្វ​ចិញ្ចឹម​សំរាប់​កំសាន្ត និង​ពាន​រង្វាន់ ដែល​ជា​ផលិតផល​ធ្វើ​ពី​សត្វ​ព្រៃ​ជំរុញ​អោយ​ការ​ជួញ​ដូរ​សត្វ​ព្រៃ​មាន​ច្រើន​ឡើង​។

ដើម្បី​ដោះស្រាយ​ការ​គំរាម​កំហែង​ទាំង​នេះ អង្គការ WA បាន​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល ១៥ ឆ្នាំ​ហើយ ដោយ​ផ្តល់​ការ​ការពារ​ដោយ​ផ្ទាល់​ដល់​ព្រៃឈើ និង​សត្វព្រៃ​។ បេសកកម្ម​របស់​អង្គការ WA គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ព្រៃឈើ ការ​ផុត​ពូជ​នៃ​សត្វព្រៃ ការ​ប្រែប្រួល​អាកាសធាតុ និង​ភាព​ក្រីក្រ ដោយ​ធ្វើជា​ដៃគូ​ជាមួយ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​។ ជា​លទ្ធផល​នៃ​យុទ្ធសាស្រ្ត​ពេញលេញ​របស់​អង្គការ WA មាន​សត្វ​ចំនួន ៦០ ០០០ ក្បាល​ត្រូវ​បាន​រំដោះ​ពី​ការ​ជួញដូរ​សត្វព្រៃ​។

ក្រុម​ប្រឹក្សា AYC នៅ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ខែ​តុលា ឆ្នាំ​២០១២ ដើម្បី​ធ្វើការ​បណ្តុះ​អ្នក​ដឹកនាំ​វ័យ​ក្មេង​របស់​ប្រទេស​។ ការ​ប្រាស្រ័យ​ជាមួយ​យុវជន​កម្ពុជា​ទាក់ទង​នឹង​ប្រធានបទ​ជា​ទី​ចាប់អារម្មណ៍​របស់​យុវជន នាំ​អោយ​គេ​ផ្តល់​មតិ​យោបល់​ស្តីពី​កម្មវិធី​របស់​ស្ថានទូត និង​គោលនយោបាយ របស់​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​កម្ពុជា​។ AYC រួម​មាន​យុវជន​ចំនួន ២៥ រូប ដែល​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា ដែល​មក​ចូលរួម​គ្នា ដើម្បី​សំរេច​គោលដៅ​រួម​មួយ គឺ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​រៀបចំ​យុវជន​កម្ពុជា អោយ​ក្លាយ​ជា​អ្នក​ដឹកនាំ នៅ​ពេល​នេះ​។ កង្វល់​មួយ​នៃ​កង្វល់​ចំបង​ៗ​របស់ AYC គឺ​បញ្ហា​បរិស្ថាន​និង​សត្វព្រៃ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា AYC បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ WA ដើម្បី​សំរេច​គោលដៅ​រួម​ក្នុង​ការ​លើក​កំពស់​ការ​យល់​ដឹង និង​ការពារ​បេតិកភណ្ឌ​ធម្មជាតិ​របស់​កម្ពុជា​៕