ឯកអគ្គរដ្ឋទូតអាមេរិកចូលរួមជាមួយមន្រ្តីកម្ពុជាក្នុងការជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់

Prey Lang Forest [Photo by USAID-Michael Gebremedhin]
ចេញ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៦

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នឹង​ត្រឡប់​ពី​ការ​ជិះ​ឧទ្ធម្ភាគចក្រ​មើល​ព្រៃឡង់ នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៦ ដោយ​ចុះ​ចត​នៅ​ម៉ោង ១១​:​៣០ នាទី​ព្រឹក នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel (​ទីតាំង​២៦ សីហា​ចាស់ តាម​ផ្លូវ​សុធារស ភ្នំពេញ​)​។ មាន​វត្តមាន​ចូលរួម​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត Heidt នៅ​ក្នុង​ដំណើរ​នេះ​មាន​ឯកឧត្តម បណ្ឌិត សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ឯកឧត្តម បណ្ឌិត ឆេង គឹមស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​។ តំណាង​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ក៏​ចូលរួម​ផង​ដែរ ជា​ផ្នែក​មួយ​នៃ​គំរោង​គាំទ្រ​ព្រៃឈើ និង​ជីវសាស្រ្ត​ចំរុះ ដែល​អនុវត្ត​ដោយ​អង្គការ Winrock International ។

បំណង​នៃ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​នេះ​គឺ​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​លើ​ការ​បំផ្លាញ​ព្រៃ​ឈើ និង​បង្កើន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល ក្នុង​ការ​ការពារ​ព្រៃឈើ​។ ការ​មក​ជួប​គ្នា​នៃ​ផ្នែក​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ហើយ​និង​ក្រសួង​មហា​ផ្ទៃ​ជួយ​បង្ហាញ​អោយ​ឃើញ​ការ​គាំទ្រ និង​កិច្ចសហប្រតិបតិ្តការ​អន្តរក្រសួង ក្នុង​ការ​ការពារ​ព្រៃឡង់​។

បន្ទាប់​ពី​ចុះ​ចត​នៅ​រាជធានី​ភ្នំពេញ លោក​ឯកអគ្គរដ្ឋទូត Heidt និង​មន្រ្តី​កម្ពុជា​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​។ អ្នក​សារព័ត៌មាន​ដែល​ចង់​យក​ព័ត៌មាន​ក្នុង​ពិធី​នេះ គួរ​ទៅ​ដល់​សណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel ត្រឹម​ម៉ោង ១១​:​១៥ ព្រឹក​។

ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ តាម​អ៊ីម៉េល ChanC@state.gov