លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក William Heidt ប្រគល់​សារ​តាំង

ចេញ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥

លោក​​ឯកអគ្គរដ្ឋទូត​​សហរដ្ឋ​អាមេរិក William Heidt បាន​ប្រគល់​សារ​តាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​សម្តេច វិបុលសេនា​ភក្តី សាយ​ឈុំ ប្រមុខ​រដ្ឋស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ពិធី​មួយ​នៅ​វិមាន​ព្រឹទ្ធសភា ក្នុង​រាជធានី​ភ្នំពេញ​។ ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​និង​សហ ប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​អញ្ជើញ​ចូលរួម នៅ​ក្នុង​ពិធី​នោះ​ដែរ​។

លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ជំរាប​សម្តេច វិបុល សាយ ឈុំ ថា ដោយ​ភាគី​ទាំង​សង​ខាង​មាន​សុឆន្ទៈ សហរដ្ឋ​​អាមេរិក​និង​ប្រទេស​កម្ពុជា​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​យ៉ាង​ច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​។ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​មាន​ប្រសាសន៍​ថា “​តាំង​ពី​យើង​បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ខែ​កញ្ញា យើង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចំរើន​នៅ​កម្ពុជា ក្នុង​រយៈពេល ១៥ ឆ្នាំ​កន្លង​មក​នេះ ។ ខ្ញុំ​រីករាយ​នឹង​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល  វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ប្រជាជន​កម្ពុជា ដើម្បី​កសាង​ទំនាក់ទំនង​កាន់តែ​រឹង​មាំ រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​”​។

ប្រវត្កិរូប​លំអិត​របស់​លោក​ឯកអគ្គរដ្ឋទូត Heidt មាន​នៅ​ក្នុង​គេហទំព័រ ជា​ភាសា​អង់គ្លេស និង ជា​ភាសា​ខ្មែរ​​។

លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ទទួល​ការ​យល់ព្រម​អោយ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ពី​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៥ ហើយ​បាន​ស្បថ​ចូល​បំពេញ​ការងារ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥​។ មុន​ពេល​មក​ដល់​ប្រទេស​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត Heidt និង​ភរិយា​របស់​លោក​បាន​ថត​វីដេអូ​ណែនាំ​អោយ​ស្គាល់​រូប​លោក និង​ភរិយា​លោក​ដល់​ប្រជាជន​កម្ពុជា​ទស្សនា​។