សហរដ្ឋអាមេរិកនិងកម្ពុជាគាំទ្រកម្មវិធីថ្មីមួយសំរាប់ជនពិការនៅកម្ពុជា

ចេញថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ២០១៥

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) ដោយ​ធ្វើ ដៃគូរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ពោធ​កម្មវិធី​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​១៣ កក្កដា ដើម្បី​គាំទ្រ​ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ គំរោង​កម្មវិធី ស្តារ​លទ្ធភាព​ពលកម្ម​និង​អវៈយវៈ​សប្បនិមិ្មត​សម្រាប់​ជន​ពិការ​កម្ពុជា ត្រូវ​បាន​ផ្តល់​អោយ​អង្គការ​អតីតយុទ្ធជន​អន្តរជាតិ​កម្ពុជា (VIC) ដើម្បី​ផ្តល់​សេវាកម្ម​ស្តារ​លទ្ធភាព​ពលកម្ម​និង​អវៈយវៈ​សប្បនិមិ្មត​ដល់​ជនពិការ​។ ជា​លទ្ធផល នៃ​ជំនួយ​នេះ ជន​ពិការ​កម្ពុជា​នឹង​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការ​ចូលរួម និង​លូតលាស់​នៅ​ក្នុង​សហគមន៍​របស់​គេ​។ កម្មវិធី​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​ការ​គាំទ្រ​ជនពិការ​ដែល​ជា​ផ្នែក​មួយ​នៃ កិច្ច​ប្រឹងប្រែង​ទូទៅ ក្នុង​ការ​លើក​កំពស់​និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី Julie Chung ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ កម្ពុជា បាន​មាន​ប្រសាសន៍​ថា “​ជា​ញឹកញាប់ ជនពិការ​ស្ថិត​នៅ​ក្នុង​ក្រុម មនុស្ស​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​ក្នុង​សង្គម​។ ជា​ទូទៅ ពួកគេ​ប្រឈម​មុខ នឹង​ឧបសគ្គ​ផ្នែក​រាង​កាយ សង្គម​និង​សេដ្ឋកិច្ច ដែល​រារាំង​មិន​អោយ​ពួកគេ ទទួល​បាន​សេវាកម្ម​ថែទាំ​សុខភាព​ដែល​មាន​គុណភាព​និង​តំលៃ​សមរម្យ សេវាកម្ម​ស្តារ​លទ្ធភាព​ពលកម្ម ការ​អប់រំ និង​សេវាកម្ម​ជន​ពិការ​ផ្សេង​ៗ​ទៀត​។ វា​ជា​ការ​សំខាន់​ដែល​ជន​ពិការ​អាច​ជំនះ​នូវ​ឧបសគ្គ​ទាំង​នេះ និង ចូលរួម​ក្នុង​សហគមន៍​របស់​ពួកគេ​បាន​កាន់​តែ​ពេញលេញ​។ យើង​សង្ឃឹម​ថា កម្មវិធី​នេះ​នឹង​ជួយ​ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជំនះ​នូវ​ឧបសគ្គ​ទាំង​នោះ​”​។

កម្មវិធី​ដែល​មាន​រយៈពេល​១៨​ខែ​នេះ បង្ហាញ​នូវ​សមាសធាតុ​ដ៏​សំខាន់ សំរាប់​ការ​គាំទ្រ​របស់ USAID ចំពោះ​ប្រជាជន​ងាយ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​បន្ត​តាម​ប្រវត្តិ​យូរ​អង្វែង នៃ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល សហរដ្ឋ​អាមេរិក​ចំពោះ​ជនពិការ​។ អង្គការ​អតីត​យុទ្ធជន​អន្តរជាតិ​កម្ពុជា នឹង​ធ្វើការ​ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុវជន និង​យុវនីតិសម្បទា ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ទទួល​ខុស​ត្រូវ កាន់តែ​ច្រើន​ក្នុង​ការ​ផ្តល់​សេវាកម្ម​សំខាន់​ៗ​ទាំង​នេះ​ដល់​ជន​ពិការ​។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦១ ដោយ​លោក​ប្រធានាធិបតី​អាមេរិក John F. Kennedy ហើយ​ដើរ​តួនាទី​ជា​ទីភ្នាក់ងារ​នាំ​មុខ​គេ ក្នុង​ការ​ផ្តល់​ជំនួយ​បរទេស​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ មក​ទីភ្នាក់ងារ USAID បាន​ផ្តល់​ថវិកា​ប្រហែល ១ ពាន់​លាន​ដុល្លា​អាមេរិក សំរាប់​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អង្គការ​អតីត​យុទ្ធជន​អន្តរជាតិ​កម្ពុជា ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​យក​ប្រាក់​កំរៃ បង្កើត​ឡើង​ក្នុង​ស្រុក​ចេញ​ពី​អង្គការ​ដើម​ដែល​បង្កើត​នៅ​ក្នុង​ឆ្នាំ​១៩៧៧ មាន​ទីតាំង​នៅ​ទីក្រុង Washington។ VIC បាន​ចុះ​បញ្ជី​ ជាមួយ​ក្រសួង​មហា​ផ្ទៃ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០១៤​។