កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៦

ចេញ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧

សហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រកម្ពុជាបានអបអរខួប ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតប្រកបដោយផ្លែផ្កា និងផ្តល់ប្រយោជន៍អោយគ្នាទៅវិញទៅមក កាលពីខែកក្កដា ឆ្នាំ ២០១៥។ ការប្តេជ្ញាចិត្តជាបន្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា និងតំបន់ត្រូវបានបង្ហាញជាគំរូដោយការចូលរួមរបស់មេដឹកនាំអាស៊ាន ដែលរួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅ Sunnylands កាលពីខែកុម្ភៈ ឆ្នាំ ២០១៦។ នៅឆ្នាំ ២០១៦ ប្រទេសកម្ពុជាបានស្វាគមន៍អ្នកធ្វើនយោបាយជាន់ខ្ពស់មួយចំនួនរបស់សហរដ្ឋអាមេរិក ដែលមានដូចជាលោករដ្ឋមន្រ្តីក្រសួងការបរទេស Kerry ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដែលកាន់តែរីកធំឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច

នៅថ្ងៃទី ៣០ ខែមិថុនា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសការពង្រីកដ៏ច្រើននៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) សំរាប់ប្រទេសកម្ពុជា ដោយធ្វើអោយកម្ពុជាអាចនាំចេញទំនិញសំរាប់ការធ្វើដំណើរចំនួន ២៧ ប្រភេទ ដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយ ទៅកាន់សហរដ្ឋអាមេរិកដោយមិនបាច់បង់ពន្ធនាំចូល។ ការបើកទីផ្សានេះផ្តល់អោយប្រទេសកម្ពុជានូវលទ្ធភាពអនុគ្រោះទៅក្នុងទីផ្សាទំនិញសំរាប់ការធ្វើដំណើររបស់សហរដ្ឋអាមេរិកដែលមានតំលៃ១០ ពាន់លានដុល្លាអាមេរិក ហើយជាមួយនឹងការធ្វើជាបន្ត នាំអោយប្រទេសកម្ពុជាចាប់មានឧស្សាហកម្មនាំចេញមួយដ៏ធំ។ លោកឯកអគ្គរដ្ឋទូត Heidt ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន់ សូរ៉ាសក្តិ និងឯកឧត្តម សុខ ចិន្តាសុភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើដំណើរទៅទីក្រុងហុងកុង កាលពីខែកញ្ញា ដើម្បីផ្សព្វផ្សាយប្រទេសកម្ពុជាជាទីដៅនៃការវិនិយោគសំរាប់ផលិតករចិន ដែលផលិតទំនិញសំរាប់ការធ្វើដំណើរ។

នៅខែកុម្ភៈ ឆ្នាំ ២០១៦ ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានមកចូលរួមក្នុងកិច្ចប្រជុំលើកទី ៣ស្តីពីការវិនិយោគនិងពាណិជ្ជកម្មនៃក្រុមប្រឹក្សារួម រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ គណប្រតិភូបានពិភាក្សាពីបញ្ហាពាណិជ្ជកម្មពហុភាគី ថ្នាក់តំបន់ និងទ្វេភាគី ដោយរួមទាំងលទ្ធភាពនៃការចុះសន្ធិសញ្ញាលើការវិនិយោគទ្វេភាគី រវាងសហរដ្ឋអាមេរិក និងកម្ពុជា។

កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយថវិកាទ្វេភាគីចំនួន ៣៥ លានដុល្លាអាមេរិក នៅខែមិនា ឆ្នាំ ២០១៦ សំរាប់ វិស័យសុខាភិបាល អប់រំ កសិកម្ម/សន្តិសុខស្បៀង និងសកម្មភាពបរិស្ថាន។

ទីភ្នាក់ងារ USAID និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានចុះហត្ថលេខារួមគ្នាលើកម្មវិធីថ្មីមួយដែលមានរយៈពេល ៥ ឆ្នាំ និងមានទឹកប្រាក់ចំនួន ៤០ លានដុល្លា ស្តីពីការអភិវឌ្ឍន៍កសិកម្ម ដើម្បីជួយកសិករដាំបន្លែ ក្រុមអ្នកធ្វើជំនួញកសិកម្មអោយទទួលបានចំនូលច្រើនថែមទៀត ហើយកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៀត កម្មវិធីនេះនឹងបង្កើនបីដងនូវការជួយរបស់សហរដ្ឋអាមេរិកសំរាប់ជំរកត្រីតាមវាលស្រែ នៅជុំវិញបឹងទន្លេសាប ដើម្បីបង្កើនផលិតកម្មត្រីអោយបានយ៉ាងហោចណាស់ ២៥%។

ទីភ្នាក់ងារ USAID ជួយបង្កើតគំរោងមជ្ឈមណ្ឌលកសិកម្មនៃភាពប្រសើរថ្មីមួយ (Agricultural Center of Excellence) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មជ្ឈមណ្ឌលនេះនឹងប្រើជំនាញឯកទេសរបស់សាកលវិទ្យា ល័យស្រាវជ្រាវកសិកម្មល្បីៗបំផុតរបស់អាមេរិកដើម្បីជួយដល់ការខិតខំរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងការរួមចំណែកដល់ផែនការអភិវឌ្ឍឧស្សាហកម្មរបស់ប្រទេសកម្ពុជា។

ជំនួយបច្ចេកទេសរបស់សហរដ្ឋអាមេរិកដល់មូលនិធិសមធម៌សុខាភិបាលរបស់កម្ពុជា (HEF) នៅឆ្នាំ ២០១៦ បានជួយពង្រីកទំហំគ្របដណ្តប់នៃមូលនិធិនេះដល់គ្រប់មណ្ឌលសុខភាព/មន្ទីរពេទ្យនៅក្នុងប្រទេស ដែលជាការធ្វើអោយប្រជាជនក្រីក្របំផុតចំនួន ២០% មានលទ្ធភាពទទួលបានការថែទាំជំងឺក្នុងតំលៃថោក។

កងវិស្វករនៃកងទ័ពសហរដ្ឋអាមេរិកបានបង្ហើយការសាងសង់មជ្ឈមណ្ឌលផ្តល់ឈាមជាតិ (NBTC) នៅភ្នំពេញ នៅខែមិថុនា ឆ្នាំ ២០១៦។ NBTC នឹងធ្វើអោយគេអាចប្រមូល ទុកដាក់ និងចែកចាយឈាមស្អាត ប្រកបដោយសុវត្ថិភាពដល់ប្រជាជន។ គំរោងសាងសង់ជាជំនួយមនុស្សធម៌បន្ថែមទៀតរួមមានមជ្ឈមណ្ឌលផ្តល់ឈាមថ្នាក់តំបន់ មណ្ឌលសុខភាព សាលារៀន និងបង្គន់ នៅខេត្តសៀមរាប និងកំពង់ចាម ដើម្បីធ្វើអោយជីវិតរស់នៅក្នុងខេត្តមានភាពប្រសើរឡើង។

ការពារបរិស្ថាន

សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងចំពោះការដែលរដ្ឋាភិបាលកម្ពុជាកំណត់យកព្រៃចំនួន ៤៣០ ០០០ ហិចតា នៅតំបន់ជំរកសត្វព្រៃ នៅព្រៃឡង់ធ្វើជាតំបន់ការពារជាផ្លូវការ។ ទីភ្នាក់ងារ USAID បានធ្វើការជាមួយក្រសួង បរិស្ថានដើម្បីលើកកំពស់ការយល់ដឹងលើការបំផ្លាញព្រៃឈើ នៅក្នុងនិងជុំវិញព្រៃឡង់។ ជំនួយរបស់សហរដ្ឋអាមេ រិកជួយសហគមន៍ចំនួនជាង ៤៤ អោយទទួលបានការគ្រប់គ្រងដីព្រៃសហគមន៍ បានបង្រៀនប្រជាជនចំនួន ១៣៨ ០០០ នាក់ស្តីពីច្បាប់ព្រៃឈើ និងវិធីថ្មីៗ ក្នុងការតាមដានការកាប់ឈើខុសច្បាប់។

ទីភ្នាក់ងារ USAID ផ្តល់ការគាំទ្របច្ចេកទេសចាំបាច់ សំរាប់ភាពជាដៃគូមួយរវាងក្រសួងបរិស្ថាននិងអង្គការអភិរក្សសត្វព្រៃ ដែលបានប្រកាសលក់កាបោន (Carbon credit) សំរាប់តំបន់ជំរកសត្វព្រៃកែវសីមា ទៅអោយក្រុមហ៊ុនអាមេរិកមួយ កាលពីខែកក្កដា ឆ្នាំ ២០១៦។ ការលក់កាបោនដ៏ធំលើកដំបូងនេះសំរាប់ប្រទេសកម្ពុជានឹងផ្តល់នូវហិរញ្ញវត្ថុប្រកបដោយនិរន្តភាពសំរាប់ការងារអភិរក្សលើផ្ទៃដីប្រមាណ ៦០% នៃតំបន់ជំរកសត្វព្រៃកែវ សីមាដែលមានផ្ទៃដីចំនួន ២៩២ ៦៩០ ហិចតា។

ទីភ្នាក់ងារ USAID បានផ្តល់ជំនួយបច្ចេកទេសដ៏សំខាន់ដល់ក្រសួងបរិស្ថាន ទាក់ទងនឹងពង្រាងក្រមគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដែលជាក្របខ័ណ្ឌច្បាប់រួម សំរាប់ការពារធនធានធម្មជាតិ។ ក្រៅពីការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ក្រមនេះមានបំណងអនុវត្តពេញលេញនូវសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវនៅក្រោមកិច្ចព្រមព្រៀងអន្តរជាតិដែលមានការពាក់ព័ន្ធ ដូចជាអនុសញ្ញាស្តីពីការជួញដូរជាអន្តរជាតិលើសត្វនិងរុក្ខជាតិដែលជិតផុតពូជ និងអនុសញ្ញាស្តីពីក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ជួយដល់ការអភិរក្សវប្បធម៌

សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៣,៥លានដុល្លាអាមេរិក ជាជំនួយ គិតតាំងពីឆ្នាំ ២០០១ មក សំរាប់ការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ពិសេសតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសំរាប់អភិរក្ស វប្បធម៌ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកគឺជាសមាជិកសកម្មមួយនៃគណកម្មាធិការ សំរបសំរួលអន្តរជាតិ (ICC) សំរាប់ប្រាសាទអង្គរ និងព្រះវិហារ ដែលផ្តល់ប្រឹក្សា និងការណែនាំដល់អាជ្ញាធរដែល ដែលគ្រប់គ្រងទីតាំងបេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ២ នៅកម្ពុជា ក្រោមអង្គការយូណេស្កូ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបន្តជួយថវិកាដល់ការងារអភិរក្សនៅប្រាសាទភ្នំបាក់ខែង ដោយការងារត្រូវបានដំណើរការដោយអង្គការមូលនិធិពិភពលោក (World Monument Fund) ហើយបានប្រកាសផ្តល់ថវិកាថ្មីមួយសំរាប់ចងក្រងឯកសារស្តីពីទីតាំងបូរាណ នៅភាគខាងត្បូងប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកថែមទាំងបានជួយដល់សិក្ខាសាលាពីរស្តីពីសន្តិសុខនៅទីតាំងវប្បធម៌ ហើយបានឧបត្ថម្ភដល់យុទ្ធនាមួយស្តីពីការទំនាក់ទំនងសាធា រណៈដើម្បីទប់ស្គាត់ការលួចប្លន់វត្ថុបូរាណ។

សហរដ្ឋអាមេរិកបានជួយក្នុងការនាំយកមកវិញនូវវត្ថុបូរាណវប្បធម៌ដែលត្រូវបានគេលួច ដោយរួមទាំងការស្ម័គ្រចិត្តនាំត្រឡប់មកវិញនូវរូបបដិមា Rama ដោយសារមន្ទីរសិល្បៈ Denver ។

លើកកំពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន

នៅឆ្នាំ ២០១៦ ស្ថានទូតសហរដ្ឋអាមេរិកបានចេញទឹកដ្ឋាការចូលសហរដ្ឋអាមេរិកចំនួនជាង ៥ ៣០០ ដល់ជនជាតិខ្មែរ ហើយមាននិស្សិតកម្ពុជាចំនួនជិត ៥០០ នាក់ សិក្សានៅក្នុងសាលាក្នុងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ អ្នកទេសចរអាមេរិកកាន់តែមានការចាប់អារម្មណ៍ចង់មកទស្សនាប្រទេសកម្ពុជា ដោយមានចំនួន ២២០ ០០០ នាក់បានមកទស្សនាប្រទេសកម្ពុជា កាលពីឆ្នាំទៅ។

ស្ថានទូតសហរដ្ឋអាមេរិកបានឧបត្ថម្ភដំណើរទស្សនកិច្ចផ្លាស់ប្តូររបស់អ្នកជំនាញ និងនិស្សិតចំនួន ៨៨ ទៅកាន់សហរដ្ឋអាមេរិក។ ក្រៅពីនេះ ស្ថានទូតបានធ្វើជាម្ចាស់ផ្ទះទទួលដំណើរទស្សនកិច្ចផ្នែកវប្បធម៌ និងអប់រំមួយចំនួន ដោយរួមទាំងកម្មវិធីបេសកជនកីឡា ដោយមានការចូលរួមនៃតារាបាល់បោះអាមេរិក និងសិក្ខាសាលា TechCamp H2.0 ដែលមានអ្នកចូលរួមវ័យក្មេងចំនួន ៥០ នាក់ ដើម្បីនាំគ្នារិះរកដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹងទឹក។

សហរដ្ឋអាមេរិកបានផ្តល់ការបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេសដល់សិស្សវិទ្យាល័យចំនួន ២៣៨ នាក់ នៅតាមខេត្តចំនួន ៧ តាមរយៈកម្មវិធីអាហារូបករណ៍ខ្នាតតូច ផ្នែកភាសាអង់គ្លេស។ លើសពីនេះទៀត ស្ថានទូតបានផ្តល់អ្នកជំនាញភាសាអង់គ្លេសអោយមកធ្វើការនៅភ្នំពេញ ខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប ហើយបានឧបត្ថម្ភសន្និសីទ CamTESOL សំរាប់គ្រូបង្រៀនភាសាអង់គ្លេស។

ទីភ្នាក់ងារ Peace Corps បានអបអររយៈពេល ១០ ឆ្នាំនៃសន្តិភាព និងមិត្តភាពជាមួយប្រជាជនកម្ពុជា កាលពីឆ្នាំទៅ និងបានរៀបចំពិធីមួយសំរាប់រំលឹកខួបនេះ និងការស្បថចូលធ្វើការនៃក្រុមទី ១០ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារនេះ នៅថ្ងៃទី ១៦ ខែកញ្ញា។ ចំនួនអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps មានការកើនឡើងពី ១១៦ នាក់ នៅឆ្នាំ ២០១៥ ដល់១៣២ នាក់ នៅឆ្នាំ ២០១៦។ អ្នកស្ម័គ្រចិត្តទាំងនេះបានបង្រៀននៅតាមវិទ្យាល័យនិងមជ្ឈមណ្ឌលគរុកោសល្យដើម្បីកែលំអការបង្រៀនភាសាអង់គ្លេស និងការបណ្តុះបណ្តាលគ្រូ ហើយបានធ្វើការនៅតាមមណ្ឌលសុខភាព ដើម្បីលើកកំពស់ការអប់រំសុខភាពតាមសហគមន៍។

តាំងតែពីមកដល់ប្រទេសកម្ពុជា នៅខែកញ្ញា ឆ្នាំ ២០១៥ លោកឯកអគ្គរដ្ឋ Heidt បានទៅទស្សនាខេត្តទាំងអស់ នៅកម្ពុជា លើកលែងតែខេត្តកោះកុងមួយ ដោយបានជួបជាមួយមេដឹកនាំរដ្ឋាភិបាល និងសង្គស៊ីវិល នៅក្នុងខេត្តភាគច្រើន។ លោកថែមទាំងបានជួបជាមួយអាណិកជនខ្មែរ ដែលរស់នៅក្នុងទីក្រុង Long Beach នៃរដ្ឋ California និងទីក្រុង Lowell នៃរដ្ឋ Massachusetts ។

កិច្ចសហប្រតិបត្តិការផ្នែកយោធា និងសន្តិសុខ

ជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៦ ផ្តោតលើការបង្កើនសមត្ថភាពជំនាញ និងសមត្ថភាពនៅក្នុងជួរកងយោធពលខេមរភូមិន្ទ លើផ្នែកនានាជាច្រើន ដូចជាសន្តិសុខលំហសមុទ្រ ប្រតិបត្តិការថែរក្សាសន្តិភាព ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការតាមដាននិងឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺ ការត្រៀមជាច្រើនចំពោះគ្រោះមហន្តរាយ សន្តិសុខបរិស្ថាន និងបញ្ហាមនុស្សធម៌។

សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាបានធ្វើលំហាត់សមយុទ្ធទ្វេភាគីមួយចំនួន ដើម្បីលើកកំពស់ភាពត្រៀមជាស្រេចរបស់កំលាំងកងទ័ព នៅឆ្នាំ ២០១៦។លំហាត់ទាំងនេះរួមមានលំហាត់តាមកុំព្យូទ័រ Angkor Opening ដែលធ្វើអោយអ្នកចូលរួមហាត់បើកឡើងវិញនូវកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីព្យុះត្រូពិចតាមការប្រឌិតបានធ្វើអោយកំពង់ផែនេះមិនអាចដំណើរការបាន។ សមយុទ្ធឆ្មាំអង្គរ ដែលក្នុងនោះទាហានកម្ពុជា និងទាហានអាមេរិកហ្វឹកហាត់ជាមួយគ្នាទាក់ទងនឹងរូបភាពនៃការឆ្លើយតបក្នុងគ្រោះមហន្តរាយ និងការផ្តល់ជំនួយមនុស្សធម៌ ។ សមយុទ្ធធ្វើសហប្រតិបត្តិការត្រៀមជាស្រេច និងហ្វឹកហាត់លើផ្ទៃទឹក (CARAT) ធ្វើអោយកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកអាមេរិកហ្វឹកហាត់ជំនាញលើផ្ទៃសមុទ្រ នៅមូលដ្ឋានជើងទឹករាម និងលំហាត់សមយុទ្ធ Pacific Angel ដែលបានផ្តល់សេវាពេទ្យដល់មនុស្សរាប់រយនាក់ នៅក្នុងមណ្ឌលសុខភាពមួយនៅវិទ្យាល័យអង្គជុំត្រពាំងឈូក និងសាលាបឋមសិក្សាធិវង្ស ក្នុងខេត្តកំពត។

សហរដ្ឋអាមេរិកវាយតំលៃខ្ពស់ចំពោះការគាំទ្រយូរអង្វែងរបស់ប្រទេសកម្ពុជាចំពោះការខិតខំរបស់សហរដ្ឋអាមេរិក នៅក្នុងការស្វែងរកយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាមនៅឥណ្ឌូចិន។ ពីខែមករា ដល់ខែមិនា ឆ្នាំ ២០១៦ ដោយមានការជួយគាំទ្រពីកងយោធពលខេមរភូមិន្ទ បុគ្គលិកមួយក្រុមមកពីទីភ្នាក់ងារស្វែងរកយុទ្ធជនបាត់ខ្លួនក្នុង សង្គ្រាមរបស់សហរដ្ឋអាមេរិកបានធ្វើការគាស់កកាយទីកន្លែងមួយ នៅខេត្តស្ទឹងត្រែង។ គណប្រតិភូមកពីសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាបានធ្វើការពិភាក្សាគ្នាស៊ីជំរៅលើកិច្ចសហប្រតិបត្តិការស្វែងរកយុទ្ធជនបាត់ខ្លួនរបស់យើង នៅខែកញ្ញា ឆ្នាំ ២០១៦។

ដោយមានការជួយគាំទ្រពីសហគមន៍អន្តរជាតិ ក្រុមអ្នកដោះមីនកម្ពុជាបានដោះមីនចេញអស់ពីចំនួនពាក់ កណ្តាលនៃសហគមន៍ដែលមានគ្រាប់មីននៅកម្ពុជា។ សហរដ្ឋអាមេរិកបានជួយគាំទ្រសកម្មភាពដោះមីននៅកម្ពុជាតាំងពីពេលចប់សង្គ្រាម ហើយនៅពេលបច្ចុប្បន្ននេះ ផ្តល់ថវិកាចំនួន ៥,៥ លានដុល្លាសំរាប់ការងារប្រចាំឆ្នាំក្នុងការដោះមីន និងសិក្សាអង្កេតមើល ដោយរួមទាំងអង្គភាពដោះមីនក្រោមទឹកដំបូងបង្អស់ នៅអាស៊ីអាគ្នេយ៍។

កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់

នៅឆ្នាំ២០១៦ ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជូនមន្រ្តីផ្នែកអនុវត្តច្បាប់របស់កម្ពុជាចំនួន ១១៨ នាក់ ដែលមកពីនគរបាលជាតិកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្ទីរ ស្ថាប័នដទៃទៀត អោយចូលរួមក្នុងវគ្គរៀនសូត្រចំនួន ២៩ នៅបណ្ឌិតសភាផ្នែកអនុវត្តច្បាប់អន្តរជាតិ នៅទីក្រុងបាងកក។

នៅខែធ្នូ ឆ្នាំ ២០១៦ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដោយបានទទួលព័ត៌មានពីទីភ្នាក់ងារផ្នែកអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក បានស្ទាក់ចាប់កុងទើន័រចំនួន ៣ ដែលត្រូវបានសង្ស័យថា មានទំនិញទាក់ទងនឹងសត្វព្រៃខុសច្បាប់យ៉ាងច្រើន។ អាជ្ញាធរបានរកឃើញភ្លុកដំរីអាហ្វ្រិកខុសច្បាប់ចំនួនជាងមួយតោនកន្លះ រួមជាមួយនឹងស្រការពង្រូល ឆ្អឹងនិងរលាដ៏ក្បាលខ្លាមួយចំនួនទៀត។ បុគ្គលិកផ្នែកអនុវត្តច្បាប់របស់ស្ថានទូតសហរដ្ឋអាមេរិកបានធ្វើការជាមួយសមភាគីកម្ពុជាហើយបានកាត់បន្ថយប្រកបដោយជោគជ័យនូវករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមា។ ដោយបានទទួលដំណឹងពីផ្នែកអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាប់ខ្លួនជនប្រព្រឹត្តអំពើអាណាចារលើកុមារដែលកំពុងរត់គេចខ្លួនចំនួន ៣ នាក់ ដែលមានដីការចាប់ខ្លួនក្នុងសហរដ្ឋអាមេរិក។ ជនទាំងនោះត្រូវបានចាប់បញ្ជូនពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក អោយប្រឈមនឹងការចោទប្រកាន់។

ការជួញដូរមនុស្ស

នៅថ្ងៃទី ៣០ ខែមិថុនា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដំឡើងឋានៈប្រទេសកម្ពុជា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីការជួញដូរមនុស្ស ពីលំដាប់ “លេខ ២ ក្នុងបញ្ជីតាមដាន” ទៅ “លំដាប់លេខ ២”។ ការដំឡើងនេះឆ្លុះបញ្ចាំអោយឃើញការខិតខំដ៏ច្រើនរបស់ប្រទេសកម្ពុជា នៅក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរមនុស្សរបស់ខ្លួន កាត់បន្ថយការជួញដូរផ្លូវភេទលើកុមារ កែលំអសេវាសំរាប់ជនរងគ្រោះដោយការជួញដូរ ហើយធ្វើការប្រកបដោយប្រសិទ្ធភាពល្អ ជាមួយសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិដទៃទៀត។