ទាហានជើងទឹកអាមេរិក និងទាហានជើងទឹកកម្ពុជាបានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំលើកទី ៧ ដែល មានឈ្មោះថា ការហ្វឹកហ្វឺននិងភាពត្រៀមជាស្រេចសំរាប់សហប្រតិបត្តិការលើផ្ទៃទឹក (Cooperation Afloat Readiness and Training ឬ CARAT) នៅកម្ពុជា ដោយមានពិធីបើកបានប្រព្រឹត្តទៅនៅមូលដ្ឋានជើងទឹករាមនៅថ្ងៃទី ៣១ តុលា។ ដោយត្រូវបានធ្វើជាបន្តបន្ទាប់ តាំងពីឆ្នាំ ២០១០ មក សមយុទ្ធ CARAT នៅកម្ពុជាគឺជាសមយុទ្ធហ្វឹកហ្វឺនទ្វេភាគីមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកំពស់សន្តិសុខលំហសមុទ្រ រវាងកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកនៃប្រទេសកម្ពុជា។
លោកវរសេនីយឯក Erich Diehl មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានសំរាប់តំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកនៅបរទេសរបស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “កងទ័ពជើងទឹករបស់យើងចូលរួមនៅ ក្នុងសមយុទ្ធ CARAT ដោយមានគោលដៅរួមដើម្បីបង្កើនភាពត្រៀមជាស្រេច និងអន្តរប្រតិបត្តិការ។ សមយុទ្ធ CARAT ផ្តល់ឱកាសពិសេសមួយសំរាប់ធ្វើការនិងរៀនពីកងទ័ពជើងទឹកកម្ពុជា ហើយបង្កើនសមត្ថភាពស្នូលរបស់យើងក្នុងការបំពេញបេសកកម្មនៅក្រៅប្រទេស។ យើងទទួលផលប្រយោជន៍ទៅវិញទៅមក ហើយធានាបាននូវសមត្ថភាពរួមដ៏ខ្លាំងមួយក្នុងការប្រើសមត្ថភាពផ្នែកកងទ័ពជើងទឹករបស់យើងអោយមានប្រសិទ្ធភាព បំផុត”។
នៅក្នុងសប្តាហ៍ទាំងមូល ក្រុមទាហ៊ានជាងក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលមកពីកងវរសេនាតូចចល័តផ្នែកសំណង់របស់កងទ័ពជើងទឹកអាមេរិកលេខ ៥ (NMCB) នាវឹកមកពីអង្គភាពចល័តលេខ ៥ ផ្នែកកំចាត់យុទ្ធភណ្ឌផ្ទុះ (EODMU) ក្រុមលេខ ២ ដែលធ្វើប្រតិបត្តិការនៅតាមបឹង ទន្លេជិតតំបន់ឆ្នេរ អង្គភាពពេទ្យផ្នែកបង្ការ និងបរិស្ថាននៃកងទ័ពជើងទឹក និងទាហានម៉ារីនមកពីកងវរសេនាតូចទី ៣ និងកងវរសេនាធំ ទី២ នៃកងម៉ារីននឹងចូលរួមជាមួយសមភាគីកម្ពុជានៅក្នុងការហ្វឹកហ្វឺន ដូចជាក្នុងផ្នែកបញ្ជាការនិងគ្រប់គ្រង យុទ្ធវិធីតាមអង្គភាពតូចៗ ប្រតិបត្តិការឡើងគោក ការបង្ការជំងឺ ការជួសជុល និងប្រើប្រាស់ទូកសំរាប់ប្រតិបត្តិការ។
ប្រធានបទនិមួយៗដែលត្រូវបានពិភាក្សានៅក្នុងសប្តាហ៍ នឹងត្រូវបានបកស្រាយបង្ហាញនៅក្នុងលំ ហាត់ហ្វឹកហ្វឺននៅនឹងកន្លែង ដែលរួមមានការបង្ហាញជំនាញដែលបានរៀន រួមទាំងប្រតិបត្តិការឡើងគោក។
លោកវរសេនីយឯក Jeffrey Kilian មេបញ្ជាការនៃកងវរសេនាធំទី ៣០ ផ្នែកសំណង់ជើងទឹក បាន មានប្រសាសន៍ថា “យើងរំពឹងថា សប្តាហ៍នេះគឺជាសប្តាហ៍ដ៏រំភើប ហើយយើងរំពឹងថា នឹងមានឱកាសសំរាប់ ពង្រឹងទំនាក់ទំនងដ៏យូរលុងរបស់យើងជាមួយកងយោធពលខេមរភូមិន្ទ។ យើងចាត់ទុកសមយុទ្ធនេះជាព្រឹត្តិការណ៍សំខាន់មួយ ដែលធ្វើអោយប្រទេសយើងទាំងពីរកាន់តែមានភាពជិតស្និទ្ធនឹងគ្នា ហើយជាគំរូមួយសំរាប់អោយកងទ័ពជើងទឹក និងកងម៉ារីនអាមេរិក និងកងយោធពលខេមរភូមិន្ទធ្វើការជាមួយគ្នាទាក់ទងនឹងអាទិភាពនៃសន្តិសុខលំហសមុទ្រ ពង្រឹងទំនាក់ទំនង និងលើកកំពស់អន្តរប្រតិបត្តិការ”។
ទាហានអាមេរិកចំនួនប្រហែល ១៥០ នាក់ និងទាហានកម្ពុជាចំនួន ២០០ នាក់នឹងចូលរួមនៅក្នុងសមយុទ្ធ CARAT នៅកម្ពុជា សំរាប់ឆ្នាំ ២០១៦ នេះ។ ក្រុមតន្រ្តីមកពីកងនាវាជើងទឹកទី ៧ របស់ សហរដ្ឋអា មេរិក នឹងសំដែងជូនផងដែរដល់អ្នកស្រុកនៅជុំវិញទីក្រុងព្រះសីហនុ នៅមជ្ឈមណ្ឌលកុមារកំព្រា ម្លប់តាប៉ាង សាលាបច្ចេកទេស Don Bosco សាលាបឋមសិក្សារាម អង្គការ Village D’enfant ព្រមទាំងសំដែងជូន សាធារណៈទូទៅផងដែរ។
ទាហានអាមេរិកជាច្រើន និងគ្រឿងបរិក្ខារបស់គេបានមកដល់ប្រទេសកម្ពុជា តាមនាវា ឈ្មោះ USNS Millinocket ដែលជានាវាដឹកជញ្ជូនលឿនសំរាប់កងទ័ពដែលធ្វើប្រតិបត្តិការនៅក្រៅប្រទេស។
CARAT គឺជាសមយុទ្ធទ្វេភាគី ដែលមានធ្វើជាបន្តបន្ទាប់ដោយកងទ័ពជើងទឹក រវាងផ្នែកជើងទឹកសហអាមេរិក កងម៉ារីនអាមេរិក និងកងទ័ពនៃប្រទេសបង់ក្លាដេស ប្រ៊ុយណេ កម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងទីម័រខាងកើត។ CARAT ឆ្នាំ ២០១៦ ជាសមយុទ្ធមានភាពស្មុគស្មាញបំផុត គិត មកដល់ពេលនេះ។ ភាពមានប្រយោជន៍របស់វាតាំងពីរយៈពេលជាង ២ ទសវត្សមកបង្ហាញអោយឃើញពី គុណភាពខ្ពស់នៃសមយុទ្ធនេះ និងតំលៃយូរអង្វែងនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ នៅក្នុងចំណោម សម្ព័ន្ធមិត្ត និងដៃគូនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
បញ្ជាការ កំលាំងពិសេសលេខ ៧៥ គឺជាកំលាំងពិសេសនៃកងកំលាំងធ្វើប្រតិបត្តិការនៅបរទេសរបស់សហរដ្ឋអាមេរិក ដែលទទួលខុសត្រូវរៀបចំផែនការ និងដំណើរការប្រតិបត្តិការនៅតាមបឹងទន្លេក្បែរតំបន់ឆ្នេរ ការដោះយុទ្ធភណ្ឌផ្ទុះ ផ្នែកវិស្វកម្មមុជទៅក្រោមទឹក និងផ្នែកសាងសង់លើដី និងក្រោមទឹក នៅក្នុងផ្នែកទទួល ខុសត្រូវរបស់កងនាវាជើងទឹកទី ៧ របស់សហរដ្ឋអាមេរិក៕