មន្រ្តីកងទ័ពកម្ពុជា និងមន្រ្តីកងទ័ពអាមេរិកបានបើកជាផ្លូវការនូវសមយុទ្ធឆ្មាំអង្គរ ឆ្នាំ២០១៦ នៅក្នុងពិធីមួយនៅសាលាហ្វឹកហ្វឺនសំរាប់កងកំលាំងថែរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ មិនា ឆ្នាំ២០១៦ ។ នេះគឺជាសមយុទ្ធយោធាប្រចាំឆ្នាំទ្វេភាគី ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកងកំលាំងជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកជាអ្នកឧបត្ថម្ភ។
ឆ្នាំនេះគឺជាឆ្នាំទី៧ជាប់គ្នានៃសមយុទ្ធនេះ ដែលមានបំណងពង្រឹងរួមគ្នា នូវសមត្ថភាពក្នុងការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ និងកែលំអកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា។
លោកស្រី Julie Chung ភារធារីនៃស្ថានទូតអាមេរិកនៅភ្នំពេញ បានមានប្រសាសន៍ថា “ខ្ញុំជឿថា សមយុទ្ធឆ្មាំអង្គរ ដែលចាប់ផ្តើមនៅថ្ងៃនេះ បង្ហាញជាគំរូនូវរឿងល្អបំផុតមួយចំនួនដែលយោធាអាចសំរេចបាន សំរាប់ប្រទេសនិងប្រជាជនរបស់គេ។ សកម្មភាពនៃសមយុទ្ធឆ្មាំអង្គររួមមានការហ្វឹកហ្វឺន និងការផ្លាស់ប្តូរគ្នា ទាក់ទងនឹងជំនួយមនុស្សធម៌ ការឆ្លើយតបចំពោះគ្រោះមហន្តរាយ ការផ្តល់ការសង្គ្រោះបន្ទាន់ វិស្វកម្ម ការកំចាត់គ្រឿងផ្ទុះ ការប្រឆាំងនឹងគ្រឿងផ្ទុះកែច្នៃ ការដឹកជញ្ជូនមនុស្ស និងគ្រឿងផ្គត់ផ្គង់ ហើយនិងការពង្រឹងសមត្ថភាពនៃអ្នកដឹកនាំ។ ប្រទេសទាំងអស់ រួមទាំងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកផងដែរ នឹងមានសុវត្ថិភាពច្រើនឡើងសំរាប់ការរស់នៅ បើផ្នែកយោធាមានជំនាញខ្ពស់នៅក្នុងកិច្ចការអស់ទាំងនេះ។
សមយុទ្ធរយៈពេល ២ សប្តាហ៍នេះមានការចូលរួមនៃកងយោធពលខេមរភូមិន្ទ កងកំលាំងមកពីមជ្ឈមណ្ឌលជាតិសំរាប់ថែរក្សាសន្តិភាព មជ្ឈមណ្ឌលកំចាត់មីន និងយុទ្ធភណ្ឌសល់ពីសង្គ្រាម និងកងរាជអាវុធហត្ថកម្ពុជា។ ចំណែកកងកំលាំងអាមេរិកមានមកពីកងទ័ពជើងគោកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បញ្ជាការដ្ឋានសំរាប់ជំនួយដល់តំបន់ប្រតិបត្តិការសឹក កងពលតូចវិស្វកម្មទី១៣០ សំរាប់តំបន់ប្រតិបត្តិការសឹក កងពលតូចតម្រួតយោធាទី៨ កងវរសេនាតូចកំចាត់យុទ្ធភណ្ឌផ្ទុះទី ៣០៣ កងកំលាំងជាតិការពារមាតុភូមិមកពីរដ្ឋ Idaho បញ្ជាការដ្ឋានទី ១៨ ផ្នែកវេជ្ជសាស្រ្ត មជ្ឈមណ្ឌលរំលាយយុទ្ធភណ្ឌផ្ទុះកែច្នៃ និងកងពលតូចទី ៤១៣ ទទួលបន្ទុកកិច្ចការកុងត្រា។
ឧត្តមសេនីយទោ Edward F. Dorman III មេបញ្ជាការនៅបញ្ជាការដ្ឋានទី៨ គាំទ្រតំបន់ប្រតិបត្តិការសឹក បានលើកទឹកចិត្តអោយអ្នកចូលរួមចំនួន ១៥០ នាក់ អោយចាប់យកឱកាសនោះ ដើម្បីរៀនសូត្រពីឯកទេសរបស់គ្នាទៅវិញទៅមក ហើយស្វែងយល់វប្បធម៌ និងប្រពៃណីល្អៗពីគ្នា។
លោកបានមានប្រសាសន៍ថា “ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះមហន្តរាយគឺជាអាទិភាពសំរាប់ប្រទេសយើងទាំងពីរ ហើយក្នុងពេលយើងធ្វើការប្រតិបត្តិការជាមួយគ្នានៅក្នុងតំបន់ដែលមានភាពស្មុគស្មាញ និងចេះតែមានការប្រែប្រួល សមយុទ្ធបែបនេះមានសារៈសំខាន់ណាស់សំរាប់សន្តិសុខ និងស្ថិរភាពនៃតំបន់របស់យើង។ នៅពេលយើងរួមគ្នា ហ្វឹកហ្វឺនជាមួយគ្នា និងមានការចំរើនទៅមុខជាមួយគ្នា នៅពេលនេះ យើងធានាបានថា យើងមានការត្រៀមជាស្រេចជាមួយគ្នា សំរាប់អ្វីដែលនឹងកើតឡើងនៅពេលអនាគត”។
របៀបវារៈនៃការហ្វឹកហ្វឺន ដែលមានភាពមមាញឹក រួមមានការសិក្សាមេរៀន ការកសាងនិងពង្រឹងក្រុម និងលំហាត់ជាក់ស្តែង ដែលមានបំណងជំរុញការផ្លាស់ប្តូរគ្នា និងឱកាសសំរាប់អោយយោធានៃប្រទេសទាំងពីររៀនសូត្រពីគ្នាទាក់ទងនឹងយុទ្ធវិធី បច្ចេកទេស និងរបៀបនានា ដោយទន្ទឹមនឹងនោះ ពង្រឹងនិងកសាងមូលដ្ឋានគ្រឹះសំរាប់សមយុទ្ធផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះមហន្តាយ នៅពេលអនាគត។
ការហ្វឹកហ្វឺន និងការផ្លាស់ប្តូរគ្នាផ្នែកទ្រឹស្តី នៅក្នុងសមយុទ្ធឆ្មាំអង្គរនឹងឈានដល់សមយុទ្ធរួមគ្នាជាក់ស្តែងនៅថ្ងៃទី២៥ មិនា។