អ្នក​ជំនាញ​ការ​មិន​សាយ​ភាយ​អាវុធ​របស់​កម្ពុជា អាមេរិក បើក​សិក្ខាសាលា​ស្តីពី​ការ​ការពារ​ជា​អន្តរជាតិ​លើអាវុធនុយក្លេអ៊ែរ

(Left to right) Ms. Linda H. Hansen, Argonne National Laboratory, U.S. Department of Energy; Mr. Samuel Downing, Political Officer, U.S. Embassy Phnom Penh; Dr. Chan Sodavath, Deputy Director General, Ministry of Mines and Energy; Mr. John Lepingwell, Senior Inspector for State-Level Coordination, I
ចេញ​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៦

សិក្ខាសាលា​អន្តរជាតិ​មួយ​ស្តីពី​ការពារ​អាវុធ​នុយក្លេអ៊ែរ និង​ពិធី​សារ​បន្ថែម (AP) ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋបាល​​សន្តិសុខ​ជាតិ​ផ្នែក​អាវុធ​នុយក្លេ​អ៊ែរ​របស់​ក្រសួង​ថាមពល​នៃ​​សហ​រដ្ឋ​អាមេរិក (DOE/NNSA) បាន​ត្រូវ​​បិទ​បញ្ចប់​នៅ​ថ្ងៃ​នេះ នៅ​សណ្ឋាគារ​សាន់វ៉េ​។ សិក្ខាសាលា​នោះ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​ហើយ​មានការ​ចូលរួម​របស់​ឯកឧត្តម បណ្ឌិត ចាន់ សូដា​វត្ថ អគ្គនាយក​រង​មក​ពី​ក្រសួង​រ៉ែ​និង​ថាមពល ព្រមទាំង​​តំណាង​​​នៃ​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក ទីភ្នាក់ងារ​​ថាមពល​អាតូមិក​អន្តរជាតិ (IAEA) និង​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក នៅ​ប្រទេស​កម្ពុជា​។

ដូច​ដែល​ត្រូវ​បាន​កត់សំគាល់​ដោយ​លោកស្រី Anne Harrington អនុប្រធាន​ផ្នែក​ទប់ស្កាត់​ការ​សាយ​​ភាយ​នៃ​អាវុធ​នុយក្លេ​អ៊ែរ នៅក្នុង DOE/NNSA ថា “​ជា​យូរ​មក​ហើយ ​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ប្រព័ន្ធ​ការ​ពារ​​ជា​អន្តរជាតិ​ថា​ជា​សសរស្តម្ភ​យ៉ាង​សំខាន់​​នៃ​យុទ្ធសាស្រ្ត​នៃ​ការ​ការពារ​ការ​សាយភាយ​នៃ​អាវុធ​នុយក្លេ​អ៊ែរ​។ លោក​ប្រធានាធិបតី​ Obama បាន​ថ្លែង​បញ្ជាក់​ម្តង​ទៀត​​នូវ​សារៈសំខាន់​នៃ​ការ​ការពារ នៅ​ក្នុង​សុន្ទរកថា​របស់​​លោក កាល​ពី​ឆ្នាំ ២០០៩ នៅ​ទីក្រុង Prague ដោយ​នៅ​ពេល​នោះ ​លោក​បានអំពាវនាវ​អោយ​មាន “​ធនធាន​​និង​អំណាច​បន្ថែម​ទៀត​” សំរាប់​ការ​ធ្វើ​អធិការ​កិច្ច​ជា​អន្តរជាតិ​។ DOE/NNSA ធ្វើ​សហប្រតិបត្តិការ​ជាមួយ​​ប្រទេស​ចំនួន​ជាង ៣០ ទាក់ទង​នឹង​រឿង​​នេះ ដោយ​បាន​ជួយ​អាជ្ញាធរ​តំបន់​និង​រដ្ឋ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ដែល​​មាន​ប្រសិទ្ធភាព ក្នុង​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​”​។

នៅ​ក្នុង​សិក្ខសាលា អ្នក​ឯកទេស​មក​ពី DOE/NNSA និង​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ (IAEA) បាន​ធ្វើ​បទបង្ហាញ ហើយ​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា ដើម្បី​ផ្តល់​អោយ​សិក្ខាកាម​នូវ​ព័ត៌មាន​សំរាប់​រៀបចំ​សេចក្តី​​ប្រកាស​​ស្តីពី​ការ​ការពារ​អាវុធ​នុយក្លេ​អ៊ែរ​ជា​អន្តរជាតិ ដែល​ជា​វិធានការ​បច្ចេកទេស​អនុវត្ត​ដោយ​ទីភ្នាក់ងារ IAEA ដើម្បី​បញ្ជាក់​ថា សារធាតុ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​មួយ​គ្មាន​បាត់ ហើយ​មិន​ត្រូវ​បាន​បង្វែរ​សំរាប់​សកម្មភាព​​មិន​​សន្តិភាព​។ ការ​ពិភាក្សា​នៅ​ក្នុង​នោះ​ក៏​ទាក់ទង​ផង​ដែរ​ទៅ​លើ​វិធី​អនុវត្ត​ពិធី​សារបន្ថែម​ (AP) និង​វិធានការ​ការ​ពារ​អាវុធ​នុយក្លេ​អ៊ែរ​ជា​អន្តរជាតិ​ដោយ​ស្ម័គ្រ​ចិត្ត​បន្ថែម​ទៀត ដែល​ផ្តល់​អោយ IAEA នូវ​សិទ្ធិ​កាន់តែ​ច្រើន​ឡើង​​ក្នុង​​ការ​ទទួល​បាន​ព័ត៌មាន និង​ចូល​ដល់​ទីតាំង​នានា និង​ការ​ត្រួត​មើល​ជា​រួម ទៅ​លើ​លទ្ធភាព​បែប​នេះ​​បន្ថែម​​ទៀត ដែល​ជា​ផ្នែក​សំខាន់​មួយ​​នៃ AP ។

នៅ​ក្នុង​សុន្ទរកថា​បិទ លោក Samuel Downing មន្រ្តី​ផ្នែក​នយោបាយ​របស់​ស្ថានទូត​អាមេរិក បាន​​សរសើរ​ប្រទេស​កម្ពុជា ដែល​បាន​ដាក់​អោយ AP ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ​២០១៥ ជា​ផ្នែក​​មួយ​​នៃ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​​ចំពោះ​ការ​មិន​សាយភាយ​នៃ​អាវុធ​នុយក្លេ​អ៊ែរ​។ លោក​ថែម​ទាំង​បាន​កត់សំគាល់​​សារៈសំខាន់​នៃ​ការ​បន្ត​ការងារ​លើ​រឿង​​នេះ ពីព្រោះ​វា​រួម​ចំណែក​ដល់​ការ​យល់​ដឹង​លើ​សមាសភាគ​បច្ចេកទេស​​នៃ AP ដែល​អាច​ជួយ​ដល់​ការ​អនុវត្ត​របស់​ប្រទេស​កម្ពុជា​។ ការ​ធ្វើ​អោយ AP ចូល​ជា​ធរមាន​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​​សំខាន់​មួយ​​សំរាប់​រដ្ឋ​ជា​សមាជិក​នៃ IAEA ហើយ​សិក្ខាសាលា​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ជួយ​​របស់ AP ដើម្បី​ធានា​ថា សូម្បី​តែ​រដ្ឋ ដូចជា​ប្រទេស​កម្ពុជា ដែល​មាន​សារធាតុ​នុយក្លេ​អ៊ែរ​តិចតួច ក៏​ត្រូវ​មាន​​ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាព​ទ្រទ្រង់​ដល់​ការ​ការពារ ដើម្បី​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​គេ​ដែរ​។ មក​ដល់​​ពេល​នេះ មាន​ប្រទេស​ចំនួន ​១៤៧ ហើយ​ដែល​បាន​ចុះ​ហត្ថលេខា​លើ AP ហើយ ១២៦ ប្រទេស​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ បាន​ដាក់​អោយ AP ចូល​ជា​ធរមាន​។

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សភា​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ២០០០ NNSA គឺ​ជា​ទីភ្នាក់ងារ​ពាក់​​កណ្តាល​ស្វយ័ត​នៅ​ក្នុង​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​លើក​កំពស់​សន្តិសុខ​ជាតិ តាមរយៈ​ការ​អនុវត្ត​របស់​ផ្នែក​យោធា​លើ​វិទ្យាសាស្រ្ត​នុយក្លេអ៊ែរ​។ NNSA ថែ​រក្សា​សុវត្ថិភាព សន្តិសុខ និង​ប្រសិទ្ធ​ភាព​​នៃ​អាវុធនុយក្លេ​អ៊ែរ ដែល​នៅ​ក្នុង​ឃ្លាំង​របស់​សហរដ្ឋ​អាមេរិក ដោយ​មិន​ធ្វើ​ការ​បំផ្ទុះ​សាកល្បង​នៃ​អាវុធ​​នុយ​ក្លេអ៊ែរ ​ធ្វើការ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ ដល់​សាកលលោក​ពី​អាវុធ​ប្រល័យលោក​នេះ ផ្តល់​អោយ​កំលាំង​​ជើង​​ទឹក​​អាមេរិក​កំលាំង​នូវ​ថាមពល​នុយក្លេ​អ៊ែរ​សំរាប់​រុញ​ស្លាប​ចក្រ​នាវា ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព ហើយ​ឆ្លើយ​តប​​នឹង​គ្រា​អាសន្ន​នុយក្លេអ៊ែរ និង​ដែល​មាន​ធ្លាយ​វិទ្យុសកម្ម នៅ​សហរដ្ឋ​អាមេរិក និង​នៅ​បរទេស​។ បើ​ចង់​ដឹង​បន្ថែម​សូម​ចូល​មើល​គេហទំព័រ www.nnsa.energy.gov​