ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ប្រកាស​កម្មវិធី​បេសកជន​កីឡា​បាល់​បោះ​បុរស និង​នារី​ដំបូង​នៅ​កម្ពុជា

ចេញថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦

ដោយ​សហការ​ជាមួយ​សមាគម​កីឡា​បាល់​បោះ​បុរស និង​សមាគម​កីឡា​បាល់​បោះ​នារី​នៅ​សហរដ្ឋ​អាមេរិក ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ឈ្មោះ Wayne Ellington និង Sue Wicks ក្នុង​នាម​ជា​បេសកជន​កីឡា មក​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា​។ បេសកជន​កីឡា​ទាំង​ពីរ​រូប​នេះ​នឹង​ជួយ​ពង្រឹង​ជំនាញ និង​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ថែម​ទៀត នៅ​កម្ពុជា ចំពោះ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នេះ ក្នុង​ពិភពលោក​។ យុវជន​កម្ពុជា​មិន​ត្រឹមតែ​បាន​រៀន និង​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​លេង​កីឡា​បាល់​បោះ​តែ​ប៉ុណ្ណោះ​ទេ តែ​បេសកជន​កីឡា​ទាំង​ពីរ​រូប​នឹង​ផ្តោត​ផង​ដែរ​លើ​ការងារ​ជា​ក្រុម ការ​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​ល្អ ការ​បង្កើន​ការ​ចេះ​អោយ​តំលៃ​លើ​ខ្លួន​ឯង និង​មេ​រៀន​ដទៃ​ទៀត ដែល​ត្រូវ​បាន​រៀន តាមរយៈ​ការ​លេង​កីឡា​បាល់​បោះ​។

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា និង​សមាគម​អតីត​និស្សិត​អាហារូបករណ៍ Fulbright នៃ​កម្ពុជា ដើម្បី​ទទួល​បេសកជន​កីឡា និង​រៀបចំ​សកម្មភាព​នានា នៅ​ក្នុង​សប្តាហ៍​។ ក្នុង​ចំណោម​សកម្មភាព​ទាំង​នេះ មាន​សកម្មភាព ២ ដែល​នឹង​ត្រូវ​បាន​បើក​អោយ​សាធារណជន​ចូល​មើល​ដោយ​សេរី និង​ដោយ​មិន​គិត​ថ្លៃ​៖

  • ម៉ោង ៩ ព្រឹក ថ្ងៃ​ទី ១៤ កក្កដា​​៖ គំរោង​​ជួស​ជុល​​ទី​​លាន​​លេង​​កីឡា​​បាល់​​បោះ នៅ​​វត្ត​កោះ ក្នុង​ក្រុង​ភ្នំពេញ បើក​ទទួល​អ្នក​ស្ម័គ្រចិត្ត​មក​ពី​សហគមន៍​ក្នុង​មូលដ្ឋាន​។
  • ម៉ោង ៥ រសៀល ថ្ងៃទី ១៥ កក្កដា កម្មវិធី​ពិសេស​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក ដោយ​មាន​ការ​លេង​បាល់​បោះ ការ​ប្រគំ​តន្រ្តី និង​មាន​កម្មវិធី​ជា​ច្រើន​ទៀត​។

បេសកជន​​កីឡា​គឺ​ជា​កីឡាករ កីឡាការិនី និង​គ្រូ​កីឡា ដែល​ធ្វើ​ដំណើរ​ទៅ​បរទេស ដើម្បី​ដឹកនាំ​កម្មវិធី​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្ថានទូត និង​ស្ថាន​កុងស៊ុល​។ បេសកជន​កីឡា​ធ្វើការ​បង្ហាត់បង្ហាញ​ដល់​មនុស្ស​ក្មេង​ៗ និង​គ្រូ​កីឡា ​ចូលរួម​នៅ​ក្នុង​សកម្មភាព​នៅ​តាម​សហគមន៍ ធ្វើ​ការ​ពិភាក្សា​ជាមួយ​យុវជន លើ​សារៈសំខាន់​នៃ​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​គោរព​ចំពោះ​មនុស្ស​ផ្សេង​ៗ​គ្នា​។ គំរោង ដែល​មាន​ឈ្មោះ​ថា SportsUnited គ្រប់គ្រង​កម្មវិធី​បេសកជន​កីឡា ដោយ​ធ្វើការ​សហការ​ជាមួយ​គណកម្មាធិការ​អូឡាំពិក​សហរដ្ឋ​អាមេរិក សហព័ន្ធ​កីឡា​សហរដ្ឋ​អាមេរិក និង​លីក​អាជីព​។

បើ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ស្តីពី​កម្មវិធី​បេសកជន​កីឡា និង​ការ​សំដែង​អោយ​មើល​នៅ​កម្ពុជា សូម​ទាក់ទង​ផ្នែក​កិច្ចការ​សាធារណៈ​រស់​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ​។ អ្នក​សារព័ត៌មាន​ដែល​ចង់​យក​ព័ត៌មាន​ពី​សកម្មភាព​ណា​មួយ ឬ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន គួរ​ទាក់ទង​មក​អ៊ីម៉េល ChreaV@state.gov

Wayne Ellington ត្រូវ​បាន​ជ្រើសរើស​ជា​មនុស្ស​ទី ២៨ ដោយ​ក្រុម​កីឡា Minnesota Timberwolves នៅ​ក្នុង​ការ​ជ្រើសរើស​សមាជិក​ក្រុម​កីឡា​បាល់​បោះ​ប្រចាំ​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០០៩​។ Ellington ដែល​បាន​លេង​អោយ​ក្រុម Brooklyn Nets កាល​ពី​ឆ្នាំ​ទៅ ក៏​បាន​លេង​ផង​ដែរ​អោយ​ក្រុម Memphis Grizzlies, Cleveland Cavaliers, Dallas Mavericks និង Los Angeles Lakers ។ ក្នុង​នាម​ជា​កីឡាករ​លេង​នៅ​តាម​សាកលវិទ្យាល័យ លោក​បាន​ជួយ​នាំ​រដ្ឋ North Carolina ទៅ​កាន់​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ នៅ​ឆ្នាំ​២០០៩ ហើយ​បាន​ជាប់​ជា​កីឡាករ​ឆ្នើម នៅ​ក្នុង​ចំណោម​ក្រុម​កីឡា​បាល់​បោះ ៤ ក្រុម​ចុង​ក្រោយ ក្នុង​ការ​ប្រកួត​បាល់​បោះ​ជើង​ឯក នៅ​ក្នុង​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០០៩​។ Ellington បាន​ទទួល​រង្វាន់ 2015-16 J. Walter Kennedy Citizenship Award ដែល​ត្រូវ​បាន​ផ្តល់​អោយ​រាល់​ឆ្នាំ ដោយ​សមាគម​អ្នក​និពន្ធ​ស្តីពី​កីឡា​បាល់​បោះ​អាជីព ដល់​កីឡាករ​នៅ​ក្នុង​សមាគម​កីឡា​បាល់​បោះ គ្រូ​បង្ហាត់ ឬ​អ្នក​បង្ហាត់​កីឡាករ ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការងារ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សហគមន៍​។

Sue Wicks ជាប់​ជា​ជំរើស​ជុំ​ដំបូង​ដោយ​ក្រុម New York Liberty នៅ​ក្នុង​ការ​ជ្រើសរើស​កីឡាការិនី​ជា​លើក​ដំបូង ក្នុង​ឆ្នាំ​១៩៩៧ របស់​សមាគម​កីឡាការិនី​បាល់បោះ​ក្នុង​សហរដ្ឋ​អាមេរិក​។ Wicks បាន​បន្ត​លេង​អោយ​ក្រុម Liberty បាន​៦ រដូវកាល ដោយ​ត្រូវ​បាន​ជ្រើសរើស​ចូល​ក្នុង​ក្រុម All-Star នៅ​ឆ្នាំ​២០០០​។ លោកស្រី​ក៏​បាន​ទទួល​ផង​ដែរ​នូវ​រង្វាន់ Kim Perrot Sportsmanship Award នៅ​ឆ្នាំ​២០០០ ហើយ​បាន​បញ្ចប់​អាជីព​របស់​លោកស្រី​នៅ​ក្នុង​សមាគម​បាល់​បោះ​នារី​អាមេរិក ដោយ​ជាប់​លេខ ៨​។ លោកស្រី​បាន​លេង​អោយ​សាកលវិទ្យាល័យ Rutgers University ដែល​នៅ​ក្នុង​នោះ លោកស្រី​បាន​ជាប់​ជា​កីឡាការិនី​ស្ម័គ្រ​ចិត្ត​ល្អ​ជាង​គេ​ចំនួន ៣ លើក ក្នុង​សហរដ្ឋ​អាមេរិក ហើយ​នៅ​ឆ្នាំ​១៩៨៨ បាន​ក្លាយ​ជា​អ្នក​លេង​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ក្នុង​សហរដ្ឋ​អាមេរិក​។ លោកស្រី​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រាំង​មាស​ផ្នែក​កីឡាការិនី​បាល់បោះ​ក្នុង​សាកលវិទ្យាល័យ Rutgers នៅ​ខែ​មិថុនា ឆ្នាំ​២០១៣​។ ក្នុង​នាម​ជា​អ្នក​ទទួល​មេ​ដាយ​មាស​នៅ​ក្នុង​ការ​ប្រកួត Pan-American Games លោកស្រី Wicks បាន​លេង​បាល់​បោះ​នៅ​ក្រៅ​ប្រទេស​ចំនួន​ជាង ១៥ ឆ្នាំ​៕