សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ២ លានដូស ដល់ប្រជាជនកម្ពុជា

សេចក្តីប្រកាសព័ត៌មាន
ថ្ងៃទី​0៣​ ខែឧសភា ឆ្នាំ២០២២

ថ្ងៃនេះ សហរដ្ឋអាមេរិក សហការជាដៃគូជាមួយ COVAX អង្គការ UNICEF និងអង្គការសុខភាព​ពិភពលោក បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួនពីរលានដូស ដល់ព្រះរាជាណាចក្រកម្ពុជា។ វ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពទាំងនេះ នឹងជួយការពារប្រជាជនកម្ពុជា និងជួយបង្ការពីការឆ្លងរាលដាលជំងឺកូវីដ ប្រភេទថ្មីដ៏គ្រោះថ្នាក់។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ «​ សហរដ្ឋ​អាមេរិក ចាត់ទុកការសម្រេចបាននូវសន្តិសុខផ្នែកសុខភាពជាអាទិភាពខ្ពស់មួយ និងបន្ត​ធ្វើការជាមួយ​ដៃគូនៃយន្តការកូវ៉ាក់ ដើម្បីធានាឱ្យប្រជាជន​ជុំវិញពិភពលោក​ ទទួល​បាន​នូវ​វ៉ាក់សាំង។ ជាមួយ​ការ​រួម​ចំណែក​នេះ សហរដ្ឋអាមេរិក បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​យូរ​អង្វែង​របស់​ខ្លួន​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា»

នៅកម្ពុជា សហរដ្ឋអាមេរិកបានផ្តល់ជំនួយមកត្រឹមពេលនេះ នូវវ៉ាក់សាំងជាង ៣ លានដូស មានជំនួយ​បន្ថែម ១៦ លានដុល្លារតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID និងបានផ្តល់ជំនួយបច្ចេកទេសសំខាន់ៗ តាមរយៈ​ទីភ្នាក់ងារសុខាភិបាល​សាធារណៈរបស់អាមេរិកជាច្រើនទៀត ក្នុងពេល​មាន​ជំងឺរាតត្បាត ដោយ​គាំទ្រដល់ការឃ្លាំមើល ការតាមដានអ្នកពាក់ព័ន្ធ ពង្រឹងសមត្ថភាពយល់ដឹងជាសាធារណៈ និងការស្រាវជ្រាវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ .

កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក បានបញ្ជ្រាបទៅដល់ប្រជាជនកម្ពុជា ជាងដប់លាននាក់ ជាមួយនឹងសម្ភារៈទំនាក់ទំនងហានិភ័យតាមរយៈទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារ និងផ្ទាំងប៉ាណូនានា។ ការគាំទ្រទាំងនេះ បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់បុគ្គលិកថែទាំសុខភាព និងបានជួយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត។

សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ដឹកនាំ​ការ​ឆ្លើយ​តប​ជំងឺ​កូវីដ-១៩ ជា​សាកល ដែល​ធ្វើ​ឱ្យ​យើង​ទាំង​អស់​គ្នា ទាំង​ជនជាតិ​អាមេរិក និង​កម្ពុជា មាន​សុវត្ថិភាព និង​សុខភាព​កាន់​តែ​ប្រសើរ។ យើងមានមោទនភាពក្នុងការធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។