ស្ថានទូត​អាមេរិក​និង​មជ្ឈមណ្ឌល EducationUSA នឹង​រៀបចំ តាំង​ពិព័រណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក ឆ្នាំ​២០១៦

ចេញថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦

ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ និង​មជ្ឈមណ្ឌល​អាមេរិក​ សំរាប់​ការ​សិក្សា​អប់រំ​នៅ​សហរដ្ឋ​អាមេរិក (EducationUSA) នឹង​រួម​គ្នា​រៀបចំ​ពិព័រណ៍ ឆ្នាំ​២០១៦ ស្តីពី​ការ​សិក្សា​អប់រំ​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ពី​ម៉ោង ៣ រសៀល ដល់​ម៉ោង ៧ យប់ នៅ​សណ្ឋាគារ​អាំងទែកុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ​។ តំណាង​ចំនួន ១៦ រូប​មក​ពី​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​ជំរាប​ដល់​សិស្ស​និស្សិត​កម្ពុជា ស្តី​អំពី​កម្មវិធី​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា លក្ខខ័ណ្ឌ​ទាមទារ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូលរៀន និង​ឱកាស​អាហារូបករណ៍​នៅ​សហរដ្ឋ​អាមេរិក​។ ស្ថាប័ន​ចូលរួម​ដទៃ​ទៀត​នៅ​ក្នុង​ពិព័រណ៍​នេះ​នឹង​ផ្តល់​ព័ត៌មាន​ស្តីពី​ទិដ្ឋាការ​សំរាប់​សិស្ស​និស្សិត កម្មវិធី​ផ្លាស់ប្តូរ​គ្នា​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​សេវា​ផ្តល់​ប្រឹក្សា​ស្តីពី​ការ​សិក្សា​អប់រំ​របស់​មជ្ឈមណ្ឌល EducationUSA។

ពិព័រណ៍​នេះ​មាន​បំណង​បង្ហាញ​អោយ​ឃើញ​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អាមេរិក ចំពោះ​ការ​ខិតខំ​ដើម្បី​លើក​កំពស់​គុណភាព​នៃ​ការ​អប់រំ និង​ពង្រីក​ឱកាស​ក្នុង​ការ​សិក្សា និង​ក្នុង​អាជីព សំរាប់​ប្រជាជន​កម្ពុជា​។ ពិព័រណ៏​នេះ​ក៏​ផ្តល់​ជា​មធ្យោបាយ​ពិសេស​មួយ​សំរាប់​អោយ​ប្រជាជន​កម្ពុជា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន ឧត្តមសិក្សា​នៅ​សហរដ្ឋ​អាមេរិក ហើយ​ស្វែង​យល់​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួល​បាន​ការ​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​របស់​សហរដ្ឋ​អាមេរិក​។

លោកស្រី Julie Chung អនុប្រធាន​បេសកកម្ម​ការទូត​សហរដ្ឋ​អាមេរិក និង​ឯកឧត្តម ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​ដើរ​មើល​ការ​តាំង​ពិព័រណ៍​នៅ​វេលា​ម៉ោង​ប្រហែល ៥ ល្ងាច​។ អ្នក​សារព័ត៌មាន​ដែល​ចង់​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​ពិព័រណ៍​នេះ​គួរ​ទៅ​ដល់​កន្លែង​តាំង​ពិព័រណ៍​នៃ​សណ្ឋាគារ អាំងទែកុងទីណង់តាល់​ត្រឹម​ម៉ោង ៤​:​៣០ ល្ងាច​។

ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​មជ្ឈមណ្ឌល EducationUSA តាម​លេខ​ទូរស័ព្ទ ០១២ ៨៧៦ ៧៤៩ ។