នៅថ្ងៃចន្ទ តំណាងរបស់ស្ថានទូតអាមេរិក និងសារមន្ទីរជាតិនៃកម្ពុជានឹងធ្វើពិធីបើកសម្ពោធពិព័រណ៍នៅសារមន្ទីរជាតិនៃកម្ពុជា ដែលមានដាក់តាំងនូវថ្មដែលអ្នកអវកាសសហរដ្ឋអាមេរិកយកមកពីឋានព្រះច័ន្ទ។ ថ្មឋានព្រះច័ន្ទត្រូវបានផ្តល់អោយប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៣ ហើយស្ថិតនៅក្នុងចំណោមសំណាកថ្មព្រះច័ន្ទ “សុឆន្ទៈ” ដែលត្រូវបាននាំយកមក ជាផ្នែកមួយនៃបេសកកម្មរបស់អាប៉ូឡូលេខ ១៧ កាលពីខែធ្នូ ឆ្នាំ ១៩៧២។
ការដាក់តាំងថ្មឋានព្រះច័ន្ទនេះគឺជាផ្នែកមួយនៃខួបលើកទី ១០០ ដែលនឹងមកដល់នៅពេលខាងមុខនេះ នៅសារមន្ទីរជាតិកម្ពុជា ហើយសារមន្ទីរនឹងបង្ហាញទិដ្ឋភាពផ្សេងៗនៃរបស់ដែលខ្លួនបានរក្សាទុកមក។ ខួបលើកទី ១០០ ត្រូវបានរៀចំធ្វើឡើង ដោយសហការជាដៃគូជាមួយសាលាបារាំងចុងបូព៌ា (École française d’Extrême-Orient – EFEO) បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេល ៦ ខែមកស្ថានទូតអាមេរិកបានរកឃើញប្រវត្តិនៃសំណាកថ្មឋានព្រះច័ន្ទ។ ក្នុងការតាំងលើកនេះ ថ្មឋានព្រះច័ន្ទត្រូវបានដាក់បង្ហាញ ជាមួយនឹងការពន្យល់ និងប្រវត្តិយ៉ាងក្បោះក្បាយ។ ថ្មនេះ ត្រូវបានធ្វើអំណោយដល់ប្រទេសកម្ពុជា តាមរយៈលោក Emory Swank ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អមជាមួយនឹងលិខិតមួយច្បាប់ពីលោកប្រធានាធិបតី Nixon ប្រគល់ជូនដល់ឯកឧត្តមបណ្ឌិត កែវ សង់គីម រដ្ឋមន្រ្តីក្រសួងអប់រំជាតិកម្ពុជា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៧៣។ ផ្នែកមួយនៃលិខិតនោះមានសេចក្តីថា «បើមនុស្សនៃប្រជាជាតិជាច្រើនអាចធ្វើរួមគ្នាដើម្បីសំរេចក្តីសុបិនរបស់មនុស្សជាតិនៅក្នុងអវកាសបាន ជាការពិតណាស់ យើងអាចធ្វើរួមគ្នាដើម្បីសំរេចក្តីសុបិនរបស់មនុស្សជាតិដែលចង់បានសន្តិភាពនៅលើផែនដីនេះបាន»។
ស្ថានទូតសហរដ្ឋអាមេរិកបានផ្តល់អាទិភាពដល់កម្មវិធី និងសកម្មភាពទាក់ទងនឹងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀតរបស់ប្រទេសកម្ពុជា។ យើងសង្ឃឹមថា ការតាំងបង្ហាញនេះនឹងជំរុញទឹកចិត្តអោយយុវជនចាប់យកអាជីពដែលប្រើជំនាញ STEM ។
ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី ១៨ ខែមិថុនា វេលាម៉ោង ១០:០០ ព្រឹក នៅសារមន្ទីរ ជាតិកម្ពុជា។
អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធា រណៈរបស់ស្ថានទូតអាមេរិក តាមទូរស័ព្ទលេខ ០២៣ ៧២៨ ៤៩២ ឬផ្ញើអ៊ីម៉េលមក ChanC@state.gov ។