ស្ថានទូតអាមេរិកនិងមជ្ឈមណ្ឌល EducationUSA នឹងរៀបចំ តាំងពិព័រណ៍ប្រចាំឆ្នាំស្តីពីការអប់រំនៅសហរដ្ឋអាមេរិក ឆ្នាំ២០១៧

ចេញ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ និងការិយាល័យសំរាប់ការសិក្សាអប់រំនៅសហរដ្ឋ អាមេរិក (EducationUSA) នឹងរួមគ្នារៀបចំតាំងពិព័រណ៍ ឆ្នាំ២០១៧ ស្តីពីការសិក្សាអប់រំនៅ សហរដ្ឋអាមេរិក នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ពីម៉ោង ៣ រសៀល ដល់ម៉ោង ៧ យប់ នៅ សណ្ឋាគារអាំងទែកុងទីណង់តាល់ ​រាជធានីភ្នំពេញ។ តំណាងចំនួន២០រូប មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យ​ឈានមុខក្នុងសហរដ្ឋអាមេរិក​ នឹង​ជំរាបជូនដល់សិស្សនិស្សិតកម្ពុជា ស្តីអំពីកម្ម វិធីសិក្សានៅថ្នាក់ឧត្តម​សិក្សា លក្ខខ័ណ្ឌទាមទារក្នុងការចុះឈ្មោះចូល​រៀន និងឱកាសអាហារូបករណ៍ នៅសហរដ្ឋអាមេរិក។ ស្ថាប័នចូលរួមដទៃទៀតនៅក្នុងពិព័រណ៍​នេះ នឹងផ្តល់​ព័ត៌​មានស្តីពីទិដ្ឋាការ សំរាប់សិស្សនិស្សិត កម្មវិធីផ្លាស់ប្តូរការសិក្សា​ និងអាហារូបករណ៏ជាដើម។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ​ការិយាល័យ EducationUSA ។ ការិយាល័យ EducationUSA គឺជាដៃគូរវាងស្ថានទូតសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែល ផ្តល់សេវាប្រឹក្សាផ្នែកអប់រំដោយឥតគិតថ្លៃ ដល់សិស្សនិស្សិត​ ដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក។ សេវាកម្មរបស់ EducationUSA គឺឥតគិតថ្លៃនិងបើកចំហរដល់សាធារណជនទូទៅ។  ការិយាល័យ របស់ EducationUSA ស្ថិតនៅក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត ហើយបើកបំរើជូន សាធារណជន ៧ថ្ងៃក្នុងមួយសប្តាហ៏។

ព័ត៌មានខាងក្រោមនេះ គឺសំរាប់អ្នកសារព័ត៌មានទៅចូលរួមយកព័ត៌មាន និងមិនមែនសំរាប់ ការចុះផ្សាយមុនពិធីនោះទេ។

ឯកអគ្គរដ្ឋសហរដ្ឋអាមេរិក លោក William Heidt និងឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា នឹងទស្សនាការតាំងពិព័រណ៍នៅវេលាម៉ោងប្រហែល ៣:៣០នាទី រសៀល។ អ្នកសារព័ត៌មានដែលចង់ចូលយក​ព័ត៌មាននៅក្នុងពិព័រណ៍​នេះ គួរទៅដល់កន្លែងតាំង ពិព័រណ៍ក្នុងសណ្ឋាគារអាំងទែកុងទីណង់តាល់ត្រឹមម៉ោង ៣ រសៀល។

ចំពោះព័ត៌មានបន្ថែម សូមចុច​ត្រង់​នេះ  ឬទាក់ទងមកការិយាល័យ ​EducationUSA តាមរយះលេខទូរស័ព្ទ ០១២ ៨៧៦ ៧៤៩ ៕​