ស្ថានទូតអាមេរិកនឹងរៀបចំសិក្ខាសាលា “TechCamp H2.0” សំរាប់យុវជនមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម

ចេញ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦

លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt នឹងថ្លែងសុន្ទរកថាបើក នៅក្នុងសិក្ខាសាលាមានចំណងជើងថា “TechCamp Cambodia H2.០៖ ទ្រទ្រង់ផ្លូវទឹកល្អ នៅតំបន់មេគង្គក្រោម”  នៅថ្ងៃសៅរ៍ ទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៩ ព្រឹក នៅ Raintree Cambodia (អាគារលេខ ២៩៩ ផ្លូវព្រះអង្គដួង ខ័ណ្ឌដូនពេញ សង្កាត់វត្តភ្នំ)។

ឯកឧត្តម អ៊ាង សុផាល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានគំរោងនឹងថ្លែងសុន្ទរកថានៅក្នុង ឱកាសនោះ។

TechCamp គឺជាសិក្ខាសាលាស្តីពីបច្ចេកទេស មានរយៈពេល ២ ថ្ងៃ ដែលមានការចូលរួមនៃអ្នកឯកទេសផ្នែកបច្ចេកវិទ្យា នៅក្នុងប្រទេសនិងមកពីក្រៅប្រទេស ដើម្បីបង្រៀនសមាជិកចំនួន ៥០ នាក់នៃគំរោងស្តីពីគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama ដែលមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម ក្នុងការប្រើប្រាស់បច្ចេកវិទ្យាចាំបាច់សំរាប់ដោះស្រាយបញ្ហាប្រឈមផ្នែកទឹក នៅក្នុងតំបន់មេគង្គក្រោម។ គោលបំណងទី ២ នៃសិក្ខាសាលានេះគឺដើម្បីជំរុញការសិក្សានិងអាជីពផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ។ អ្នកសារព័ត៌មានអាចចូលរួមយកព័ត៌មានក្នុងពិធីនេះ។

TechCamp ដែលជាគំនិតផ្តួចផ្តើមនៃការិយាល័យកិច្ចការទូតតាមអ៊ិនធ័រណែតរបស់ការិយាល័យគ្រប់គ្រងធនធានព័ត៌មាន និងការិយាល័យព័ត៌មានអន្តរជាតិ (IPP)របស់សហរដ្ឋអាមេរិក ធ្វើអោយមានការចូលរួម ធ្វើការងារនិងការផ្តល់អំណាចអោយអ្នកចូលរួមជាគោលដៅ តាមរយៈការបណ្តុះបណ្តាលពួកគេលើវិធីប្រើមធ្យោបាយបច្ចកវិទ្យាដែលចំណាយអស់សោហ៊ុយតិច ងាយយកទៅអនុវត្ត និងមានប្រសិទ្ធភាពខ្ពស់។ កន្លងមក TechCamp ចំនួន ៤០ ត្រូវបានធ្វើនៅទូទាំងសាកលលោក ដោយក្នុងនោះ TechCamp ចំនួនពីរត្រូវបានធ្វើកន្លងមក នៅកម្ពុជា (មួយស្តីពី “ការកសាងសមត្ថភាព និងការផ្តល់អំណាចដល់យុវជន” ដែលត្រូវបានធ្វើនៅខែមិនា ឆ្នាំ ២០១៣ និងមួយទៀតស្តីពី “ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៅអាស៊ីអាគ្នេយ៍” ដែលត្រូវបានធ្វើនៅខែកញ្ញា ឆ្នាំ ២០១៣)។ បន្ទាប់ពីសិក្ខាសាលានេះ ការចូលរួមជាបន្តនឹងមានតាមរយៈបណ្តាញដែលត្រូវបានបង្កើតឡើង ការទាក់ទងគ្នាតាមអ៊ិនធ័រណែត និងគំរោងសាកល្បង ដែលនឹងត្រូវទ្រទ្រង់ដោយថវិកាសំរាប់ចាប់ផ្តើមគំរោង (Seed grant)។ មជ្ឈមណ្ឌលខេមរសិក្សា (CKS) គឺជាដៃគូផ្លូវការក្នុងការ រៀបចំ TechCamp H2.0 នេះ ដោយធ្វើការជាមួយបុគ្គលិកកម្មវិធី IPP និងស្ថានទូតអាមេរិក ដើម្បីរៀបចំ និងដំណើរការសិក្ខាសាលានេះ។

អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីបើកនៃសិក្ខាសាលានេះ គួរទាក់ទងតាមអ៊ីមែល ChreaV@state.gov អោយបានមុនថ្ងៃត្រង់នៃថ្ងៃសុក្រ ទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក៕