ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញសូមអបអរសាទរចំពោះប្រជាជនកម្ពុជារាប់លាននាក់ ដែលបានទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដើម្បីជ្រើសរើសមេដឹកនាំឃុំសង្កាត់របស់គេ។ យើងសូមសរសើរផងដែរដល់រាជរដ្ឋាភិបាលកម្ពុជា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មន្រ្តីរៀបចំការបោះឆ្នោត និងអ្នកស្ម័គ្រចិត្ត ដែលបានខិតខំជួយរៀបចំ និងដំណើរការការបោះឆ្នោតនេះ។
ស្ថានទូតអាមេរិកបានបញ្ជូនក្រុមសង្កេតការណ៍បោះឆ្នោតចំនួន ៤០ ក្រុម អោយទៅធ្វើការសង្កេតការណ៍នៅទូទាំងប្រទេសកម្ពុជា ដោយធ្វើការសំរបសំរួលជាមួយនឹងគជប។ ក្រុមទាំងនេះបានចុះទៅដល់ទីតាំងចំនួនជាង ៣០០ នៅរាជធានីភ្នំពេញ និងនៅតាមខេត្តចំនួន ១៣។ ជាទូទៅ ស្ថានីយបោះឆ្នោតដែលក្រុមទាំងនេះបានសង្កេត មានរៀបរៀបរយ និងភាពស្ងប់ស្ងាត់។ របាយការណ៍បន្ថែមទៀតពីក្រុមអ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុក និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិដទៃទៀតបានគាំទ្រការរកឃើញទាំងនេះដែរ។
យើងនឹងបន្តតាមដានព្រឹត្តិការណ៍នានា ក្នុងពេលដែលគជបរៀបចំ និងប្រកាសលទ្ធផល។ យើងរំពឹងថា គជបបំពេញការទទួលខុសត្រូវនេះ ដោយភាពស្មោះត្រង់ និងតំលាភាពខ្ពស់បំផុត ហើយរំពឹងថា គជបនឹងធ្វើការស៊ើបអង្កេតពេញលេញផងដែរ ចំពោះកង្វល់ដែលសំដែងដោយគណបក្សប្រឆាំងនានា និងអង្គការសង្គមស៊ីវិលទាំងឡាយ នៅមុនពេល និងនៅក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការ។
ការបោះឆ្នោតកាលពីម្សិលម៉ិញនេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យជាបន្ត នៅកម្ពុជា។ យើងសូមអំពាវនាវអោយពលរដ្ឋ គណបក្សនយោបាយ និងស្ថាប័ននានា នៅកម្ពុជាទទួលយកលទ្ធផលនៃការបោះឆ្នោតដោយស្ងប់ចិត្ត និងក្នុងស្មារតីនៃការផ្សះផ្សា និងសហប្រតិបត្តិការគ្នា។