ស្ថានទូតអាមេរិក ក្រុមហ៊ុន Westec Media និងសមាគមភាពយន្តកម្ពុជា នឹងប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក

ចេញ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៥

ស្ថានទូត​អាមេរិក​នៅ​រាជធានីភ្នំពេញ ក្រុមហ៊ុន Westec Media Ltd និង​សមាគមភាពយន្ត​កម្ពុជា​​នឹង​​រួមគ្នា​រៀបចំ​សិក្ខា​សាលា​មួយ​ ដើម្បី​អបអរ​ទិវា​កម្មសិទ្ធិ​បញ្ញា​ពិភពលោក ​នៅ​ថ្ងៃទី ២៧ ខែមេសា។

ពិធី​​នេះ​​មាន​​បំណង​​បញ្ជាក់​ពី​សារៈ​សំខាន់​ នៃ​ការ​លើក​កំពស់​កម្មសិទ្ធិ​បញ្ញា​​ នៅ​ជុំវិញ​ពិភពលោក ហើយ​ផ្តល់​ព័ត៌មាន ដល់​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ទាក់ទង​នឹង​ការ​ការពារ​ម្ចាស់​កម្មសិទ្ធិបញ្ញា​បរទេស និង​​ម្ចាស់​កម្មសិទ្ធិបញ្ញា​ក្នុង​ស្រុក​។ សិក្ខាសាលា​នេះ​មាន​បំណង​ដៅ​ទៅ​លើ​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ច្បាប់​​កម្ម​សិទ្ធិបញ្ញា ឬ​អ្នក​ដែល​ទទួល​ផល​ពី​ច្បាប់​កម្មសិទ្ធិបញ្ញា តែ​បើក​អោយ​សាធារណជន ឬ​អ្នក​សារព័ត៌មាន​ចូលរួម​​ដោយ​សេរី​។

លោកស្រី Julie Chung អនុប្រធានទូត​អាមេរិក នឹង​ថ្លែង​សុន្ទរកថា​ស្វាគមន៍ រួម​ជា​មួយ​នឹង​វាគ្មិន​មក​​​ពី​រាជរដ្ឋាភិបាល​កម្ពុជា សមាគម​ភាពយន្ត​អន្តរជាតិ និង​សមាគម​ភាពយន្ត​កម្ពុជា​។

អ្នក​សារព័ត៌មាន​អាច ​អញ្ជើញ​ចូលរួម​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​សាន់វេ ជិត​វត្ត​ភ្នំ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មេសា វេលា​ម៉ោង​២​រសៀល​។