ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសថា មជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌របស់ការិយាល័យកិច្ចការវប្បធម៌ និងអប់រំនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ៤៥០ ០០០ ដុល្លាអាមេរិក ដល់អង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) សំរាប់ធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែងដែលមានចំណាស់តាំងពីសតវត្សទី១០ (សំរាប់ដំណាក់កាលទី៤)។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៧ ដែលរួមមានប្រទេសប៊ូតាន បូស្នីនិង Herzegovina ប្រទេសអេហ្ស៊ីប ហ្សកដានី លីបង់ និងប្រទេសស្រីឡាំងកា ដែលបានទទួលជំនួយ នៅក្នុងឆ្នាំសារពើពន្ធ ២០១៥ សំរាប់ការអភិរក្សទីតាំងបូរាណ និងប្រវត្តិសាស្រ្ត តាមរយៈកម្មវិធីជំនួយថវិកាខ្នាតធំនៃមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌។
ប្រាសាទភ្នំបាក់ខែងគឺជាប្រាសាទដែលចាស់ជាងគេក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។ តាំងពីឆ្នាំ២០០៨ មក គំរោងអភិរក្សប្រាសាទភ្នំបាក់ខែងបានផ្តោតលើការធ្វើអោយសំណង់មានលំនឹង និងការទប់មិនអោយលិចទឹក នៅចំហៀងខាងកើតនៃប្រាសាទកណ្តាល ដោយទន្ទឹមនឹងនោះ បញ្ចូលសកម្មភាពគ្រប់គ្រងលើទីតាំង និងការបណ្តុះបណ្តាល។ ដំណាក់កាលទី៤ របស់គំរោងនឹងបង្ហើយការជួសជុលពេញលេញទៅលើចំហៀងខាងកើតនៃប្រាសាទកណ្តាល ស្របតាមគំរោងប្លង់ជួសជុល ដែលត្រូវបានកំណត់ច្បាស់ នៅដំណាក់កាលមុនៗ។ អន្តរាគមនេះនឹងធ្វើអោយមានឡើងវិញនូវភាពដើមនៃសំណង់របស់ប្រាសាទ និងប្រព័ន្ធគ្រប់គ្រងទឹក ដោយប្រើសំភារៈបូរាណផង ទំនើបផង។ គំរោងនេះមានបំណងជំរុញអោយបានច្រើនដល់ចក្ខុវិស័យ នៃផែនការមេក្នុងការអភិរក្សប្រាសាទភ្នំបាក់ខែងដែលត្រូវបានកំណត់នៅឆ្នាំ២០០៧ បន្ទាប់ពីមានការផ្តល់អនុសាសន៍ និងការពិគ្រោះយោបល់ជាមួយអាជ្ញាធរជាតិអប្សារា និងអង្គការ UNESCO ។
តាំងពីឆ្នាំ២០០៤ មក អង្គការមូលនិធិប្រាសាទពិភពលោកបានទទួលថវិកាជិត៣លានដុល្លាអាមេរិកសំរាប់ធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង។ អង្គការមូលនិធិនេះគឺជាអង្គការឯករាជ្យឈានមុខគេ ដែលធ្វើការដើម្បីសង្គ្រោះកន្លែងដែលត្រូវបានគេផ្តល់តំលៃអោយបំផុត ក្នុងពិភពលោក។ អស់រយៈពេល ៥០ ឆ្នាំហើយ ដោយធ្វើការនៅតាមប្រទេសចំនួនជាង ៩០ អ្នកឯកទេសដែលមានជំនាញយ៉ាងខ្ពស់របស់អង្គការនេះបានប្រើបច្ចេកទេសដ៏មានប្រសិទ្ធភាព ដើម្បីធ្វើការអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មសំខាន់ៗនានា នៅជុំវិញពិភពលោក។
មូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើង ដើម្បីអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ ក្រៅពីប្រាសាទភ្នំបាក់ខែង រដ្ឋាភិបាលសហរដ្ឋអាមេរិកថែមទាំងបានផ្តល់អំណោយថវិកា ដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅកម្ពុជា ដូចជាប្រាសាទហាន់ជ័យក្នុងខេត្តកំពង់ចាមជាដើម។ ជំនួយសរុបរបស់សហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌នៅកម្ពុជា មាន ចំនួន ៣,៥ លានដុល្លាអាមេរិក ដែលក្នុងចំនួននេះ ២,៨ លានដុល្លាត្រូវបានផ្តល់អោយតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌៕