សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា អបអរ​សមិទ្ធិផល​៥​ឆ្នាំ នៃ​កម្មវិធី “​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​” នៅ​កម្ពុជា

ចេញថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០១៦

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បណ្ឌិត យឹម ឆៃលី នឹង​អញ្ជើញ​ជា​អធិបតីយ​ក្នុង​ពិធី​កត់សំគាល់​រយៈពេល​៥​ឆ្នាំ នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត (Feed the Future) នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២ មិថុនា វេលា​ម៉ោង ៨:៣០ នាទី ព្រឹក នៅ​សណ្ឋារគារ Intercontinental Hotel ក្នុង​រាជធានី​ភ្នំពេញ​។

ពិធី​នេះ​គឺ​ជា​ការ​ចាប់ផ្តើម​នៃ​សន្និសីទ​រយៈពេល ២ ថ្ងៃ ដើម្បី​ពិនិត្យ​មើល​លើ​សមិទ្ធិផល​ដ៏​គួរ​អោយ​កត់​សំគាល់​ក្នុង​វិស័យ​កសិកម្ម អាហារូបត្ថម្ភ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​បាន​អនុវត្ត​អស់​រយះពេល ៥ ឆ្នាំ​មក​នេះ តាមរយះ​កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត ដែល​អនុវត្ត​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​អភិវឌ្ឍន៏​អន្តរជាតិ (USAID) ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សន្និសីទ​នេះ​នឹង​មាន​ការ​ចូលរួម​របស់​កសិករ អ្នក​បង្កើត​គោលនយោបាយ ម្ចាស់​ជំនួយ មន្ត្រី​រាជរដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន និង​សមាជិក​នៃ​អង្គការ​សង្គម​ស៊ីវិល​។

រដ្ឋាភិបាល​អាមេរិក​បាន​បង្កើត​កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​នេះ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១០ ក្នុង​ខេត្ត​ចំនួន​៤ ជុំវិញ​បឹង​ទន្លេ​សាប (​ខេត្ត​ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និង សៀមរាប​) ដើម្បី​កាត់​បន្ថយ​ភាព​អត់​ឃ្លាន និង​ភាព​ក្រីក្រ ដោយ​ទន្ទឹម​នឹង​នោះ ដោះស្រាយ​បញ្ហា​សមធម៌​យេនឌ័រ បរិស្ថាន និង បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។ កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​ស្រប​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើន​ផលិតផល​កសិកម្ម និង​បង្កើន​សន្តិសុខ​ស្បៀង​។ រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​បាន​ផ្តល់​ថវិការ​ជាង ៥៥ លាន​ដុល្លា​អាមេរិក ដើម្បី​ជួយ​កសិករ​កម្ពុជា ក្នុង​ការ​បង្កើន​ទិន្នផល​កសិកម្ម ​និង​ប្រាក់​ចំណូល ព្រមទាំង​ជួយ​ពួកគេ​អោយ​មាន​លទ្ធភាព​ផ្គត់ផ្គង់​អាហារ​បំប៉ន​សុខភាព ដល់​គ្រួសារ​របស់​ពួកគេ និង​កាត់​បន្ថយ​កង្វះ​អាហារូបត្ថម្ភ​។

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក William Heidt និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បណ្ឌិត យឹម ឆៃលី នឹង​ទស្សនា​ស្តង់​តាំង​ពិព័រណ៌​បន្ទាប់​ពី​ថ្លែង​សន្ទរកថា​បើក​រួច ហើយ​នឹង​ធ្វើ​សេចក្តី​ថ្លែង​ខ្លី​មួយ​ព្រម ទាំង​ឆ្លើយ​សំណួរ​ផ្សេង​ៗ​របស់​អ្នក​សារព័ត៌មាន​។ អ្នក​សារព័ត៌មាន​ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​បើក ហើយ​ត្រូវ​មក​ដល់​សណ្ឋារគារ Intercontinental Hotel ​អោយ​បាន​មុន​ម៉ោង​៨​ព្រឹក​។