សហរដ្ឋ​អាមេរិក​គាំទ្រ​កម្មវិធី​បណ្តុះបណ្តាល​យុវជន​ស្ម័គ្រចិត្ត​អាស៊ាន នៅ​កម្ពុជា

ចេញថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៥

ដោយ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ដោយ​ត្រូវ​បាន​អនុវត្ត​តាមរយៈ​ភាព​ជា​ដៃគូ​រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ University Kebangsaan Malaysia កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​យុវជន​អាស៊ាន​នឹង​បិទ​សកម្មភាព​រយៈពេល​មួយ​ខែ ក្នុង​ការ​ពង្រឹង​ជំនាញ​ជា​អ្នក​ដឹកនាំ​ផ្នែក​បរិស្ថាន និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត នៅ​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥​។

អ្នក​សារព័ត៌មាន​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​នៅ​ក្នុង​ពិធី​បិទ នៅ​ថ្ងៃ​សុក្រ​ទី​២៨ ខែ​សីហា វេលា​ម៉ោង ២:៣០ រសៀល នៅ​សាល​ប្រជុំ​នៃ​វិទ្យាស្ថាន​បច្ចេកទេស​នៃ​កម្ពុជា តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ​។

ក្នុង​ចំណោម​វាគ្មិន​ដែល​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​មាន​លោកស្រី Julie Chung ភារធារី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បណ្ឌិត Datuk បណ្ឌិត Noor Azlan Ghazali អនុប្រធាន​សាកលវិទ្យាល័យ University Kebangsaan Malaysia និង​បណ្ឌិត ឱម រមនី អគ្គនាយក​នៃ​វិទ្យាបច្ចេកទេស​នៃ​កម្ពុជា​។

នៅ​ក្នុង​ពេល​រៀន​សូត្រ យុវជន​ស្ម័គ្រ​ចិត្ត​អាស៊ាន​ចំនួន ៤៩ នាក់ រួម​ទាំង​១១ នាក់ មក​ពី​ប្រទេស​កម្ពុជា បាន​រៀន​ជំនាញ​ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​គេ តាមរយៈ​សកម្មភាព​ជាក់​ស្តែង ដើម្បី​ស្វែង​យល់​ថា តើ​យុវជន​អាស៊ាន​អាច​ដើរ​តួ​បាន​យ៉ាង​ដូច​ម្តេច នៅ​ក្នុង​សហគមន៍​របស់​គេ ពិសេស ដោយ​ការពារ​បរិស្ថាន​។ ជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់​គេ គេ​ចូលរួម​ជាមួយ​សហគមន៍​នៅ​ភូមិ​បណ្តែត​ទឹក​ក្រគ​នៃ​ខេត្ត​ពោធិសាត់ នៅ​ក្នុង​គំរោង​អនាម័យ​ទឹក និង​អនាម័យ​ខ្លួន​ប្រាណ​។ ពិធី​នៅ​ថ្ងៃ​សុក្រ​នឹង​មាន​ការ​ថ្លែង​សុន្ទរកថា​របស់​មេ​ឃុំ ដែល​មក​ពី​ភូមិ​បណ្តែត​ទឹក ព្រម​ទាំង​ការ​បញ្ចាំង​វីដេអូ​ឯកសារ​ល្អ​បំផុត ដែល​ផលិត​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​។

កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​យុវជន​អាស៊ាន​ធ្វើការ​ជាមួយ​សហគមន៍ ដើម្បី​រក​មើល​ដំណោះស្រាយ​ថ្មី​ៗ ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន សេដ្ឋកិច្ច វប្បធម៌ និង​សង្គម នៅ​ក្នុង​តំបន់ ដោយ​ទន្ទឹម​នឹង​នោះ បណ្តុះ​ស្មារតី​នៃ​អត្តសញ្ញាណ​អាស៊ាន​៕