សហរដ្ឋអាមេរិកស្វាគមន៍ការបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ

សម្រាប់ការចេញផ្សាយបន្ទាន់
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមចូលរួមជាមួយប្រជាជនកម្ពុជា​ ក្នុងការអបអរនូវការទទួលវត្ថុបុរាណ ដែលត្រូវបានគេលួចមកកាន់កន្លែងដើមវិញ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការប្រារព្ធពិធីមាតុភូមិនិវត្តន៍​តាមបែបវប្បធម៌ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៧ មីនា នេះ។

ក្នុងចំណោមវត្ថុបុរាណខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញ មានរូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក ដែលជារចនាបទសតវត្សរ៍ទី ១០ និងព្រះគណេស ដែលត្រូវបានគេលួចយកចេញពីរាជធានីបុរាណខ្មែរ​នៃប្រាសាទកោះកេរ ហើយដែលត្រូវបានបញ្ជូនមក ពីសហរដ្ឋអាមេរិក។ ការបញ្ជូនត្រឡប់មកវិញ​ នៃរូបចម្លាក់អស់ទាំង​នេះ និងរូបចម្លាក់ដទៃទៀតតំណាងឲ្យការខិតខំប្រឹងប្រែងជាទូទៅ​ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌​សាកលលោក ដូចជាការសហការគ្នា​នៃក្រសួងការបរទេសអាមេរិក ក្រសួងយុត្តិធម៌អា​មេរិក​ និងផ្នែកស៊ើបអង្កេត​នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។

អស់រយៈពេល ២០ ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានធ្វើការដើម្បីការពារ អភិរក្ស និងផ្តល់តម្លៃដល់បេតិកភណ្ឌវប្បធម៌​ដ៏សម្បូរបែប​របស់កម្ពុជា ជាមួយដៃគូ​ក្នុងស្រុក ស្ថាប័នសិក្សាអប់រំអាមេរិក និងអង្គការមិនស្វែងរកកម្រៃ។ ឆ្លងតាមរយៈកិច្ចព្រមព្រៀងយូរអង្វែង ផ្នែកសម្បត្តិវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ​ នៃវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០  បានជួយកសាងសមត្ថភាព​របស់បុគ្គលិកខ្មែរផ្នែកអភិរក្សវប្បធម៌ រារាំងក្រុមដែលស្វែងរកកម្រៃចំណេញពីការលួចវត្ថុជាបេតិកភណ្ឌវប្បធម៌ ហើយបានគាំទ្រការអភិរក្សទីតាំងបេតិកភណ្ឌវត្ថុបុរាណរបស់ខ្មែរ។ កិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌នេះគឺជាកិច្ចព្រមព្រៀងតែមួយគត់ដែលមាន រវាងសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអាស៊ាន។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា ៖ «សហរដ្ឋអាមេរិកមានមោទនភាព​ចំពោះការគាំទ្រយូរអង្វែងរបស់ខ្លួន ចំពោះការជួសជុល និងការការពារទីតាំងប្រវត្តិសាស្រ្ត​ដែលមានសារៈសំខាន់ជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា និងការគាំទ្ររបស់ខ្លួនចំពោះការបញ្ជូនត្រឡប់មកកម្ពុជា​វិញ​នូវវត្ថុបុរាណ​ដ៏​មានតម្លៃ។ ការខិតខំរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងផ្នែកពាក់ព័ន្ធខាងកម្ពុជា នឹងជួយស្តារឡើងវិញ នូវដួងព្រលឹង​វប្បធម៌​របស់ព្រះរាជាណាចក្រកម្ពុជា»។

តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ សម្រាប់ការងារអភិរក្សវប្បធម៌ នៅប្រទេសកម្ពុជាដូចជាការងារអភិរក្សប្រាសាទដែលត្រូវបានកសាងនាសតវត្សរ៍ទី ៩​ មានប្រាសាទភ្នំបាខែងនៅឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ៕

###